ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ២២៧,៧៣៦ ដុល្លារ​អាមេរិក ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន​មួយ ក្រោម​គ្រោងការណ៍​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (ជំនួយ​គូ​សាណូ​ណិ)។ ពិធី​ចុះហត្ថលេខា​នៅថ្ងៃនេះ​ក្រោម​អធិបតីភាព ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ “គម្រោង​ធ្វើឱ្យ​ប្រសើរ​ទ្បើង​នូវ​សមត្ថភាព​ពន្លត់អគ្គីភ័យ តាមរយៈ​ការផ្តល់​រថយន្ត​ពន្លត់អគ្គីភ័យ​ដែល​ប្រើប្រាស់​រួច ជូន​រាជធានី​ភ្នំពេញ។

នៅក្នុង​គម្រោង​នេះ រថយន្ត​ពន្លត់អគ្គីភ័យ​ដែល​បំពាក់​ដោយ​កាំជណ្ដើរ​កម្ពស់ ៤០ម៉ែត្រ ចំនួន​មួយគ្រឿង​ដែលជា​រថយន្ត​ពន្លត់អគ្គីភ័យ​ប្រភេទ​នេះ​លើកដំបូង​សម្រាប់​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​រថយន្ត​ពន្លត់អគ្គីភ័យ​ដែល​បំពាក់​ដោយសារ​ធាតុគីមី ចំនួន​មួយគ្រឿង និង​ឡាន​បូមទឹក​ពន្លត់អគ្គីភ័យ ចំនួន​ពីរ​គ្រឿង នឹងត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​សមត្ថភាព​ពន្លត់អគ្គីភ័យ។

ជាមួយគ្នានេះ កម្មវិធី​បណ្តុះបណ្តាល ស្តីពី​ប្រតិបត្តិការ និង​ការថែរក្សា​ឧបករណ៍​ពន្លត់អគ្គីភ័យ​នេះ​ក៏​នឹងត្រូវ​បានរួម​ប​ញ្ជូ​ល​ផងដែរ។ កម្មវិធី​បណ្តុះបណ្តាល​នេះ នឹង​ជួយ​អ្នក​ពន្លត់អគ្គីភ័យ ឆ្លើយតប​ចំពោះ​អគ្គីភ័យ​នៅក្នុង​អគារខ្ពស់ៗ និង​ឧប្បត្តិហេតុ​នានា​ដែល​ពាក់ព័ន្ធ​នឹង​វត្ថុ​ធាតុ​ដែលមាន​គ្រោះថ្នាក់​ខ្ពស់ ដើម្បី​ឲ្យ​ពួកគេ​អាចធ្វើ​សកម្មភាព​បាន​លឿន និង​មាន​ប្រសិទ្ធភាព​ជាង​មុន។ ជំនួយ​នេះ នឹង​ជួយ​លើកកម្ពស់​សុវត្ថិភាព និង​ជួយ​ការពារ​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ប្រមាណ ៤០០,០០០នាក់ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​ភ្ញៀវទេសចរ និង​អ្នកជំនួញ​ដែល​ធ្វើដំណើរ​មកពី​ជុំវិញ​ពិភពលោក​ផងដែរ។ ស្រប​ពេលដែល​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង​នេះ​ត្រូវបាន​ចុះហត្ថលេខា អនុស្សារណៈ​នៃ​ការយោគយល់​គ្នា រវាង​កងកម្លាំង​ពន្លត់អគ្គីភ័យ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន Safety Sakura Service Co., Ltd.ក៏​ត្រូវបាន​ចុះហត្ថលេខា​ក្នុង​គោលបំណង​សំរេចបាន​នូវ​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​ពន្លត់អគ្គីភ័យ និង​ជួយសង្គ្រោះ របស់​កងកម្លាំង​ពន្លត់អគ្គីភ័យ​រាជធានី​ភ្នំពេញ។ រដ្ឋបាល​រាជធានី​ភ្នំពេញ កងកម្លាំង​ពន្លត់អគ្គីភ័យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន Safety Sakura Service Co., Ltd. នឹង​សហការគ្នា​ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង និង​សមត្ថភាព​បន្ថែមទៀត ស្របតាម​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​នេះ។

ជំនួយ​ទាំងនេះ គឺ​ផ្អែកលើ​ការប្តេជ្ញាចិត្ត​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​សហប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស មេគង្គ-ជប៉ុន លើក​ទី១៣ នៅ​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ដែល​បាន​ថ្លែងថា “ការអនុវត្ត​ជំនួយឥតសំណង សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​ឆ្នាំ២០២០ ក្រោម​គំនិត​ផ្តួចផ្តើម​គូ​សាណូ​ណិ​មេគង្គ សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ ៩១លាន​ដុល្លារ​អាមេរិក មាន​គោលបំណង​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច នៅតាម​ភូមិ​ស្រុក​ថ្នាក់មូលដ្ឋាន​ទូទាំង​តំបន់​មេគង្គ។

ជំនួយឥតសំណង​គូ​សាណូ​ណិ​របស់​ជប៉ុន បានចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ១៩៩១ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​ឡើងវិញ នៅតាម​កម្រិត​មូលដ្ឋាន។ គម្រោង​ជំនួយ​នេះ មាន​ទិសដៅ​ការពារ​ជន​ងាយ​រងគ្រោះ​ពី​កត្តា​មួយចំនួន​ដូចជា ភាពក្រីក្រ និង/ឬ ភាព​អកុសល​នានា ដែល​អាច​គំរាមកំហែង​ដោយផ្ទាល់​ដល់​អាយុជីវិត ជីវភាព​រស់នៅ និង​សេចក្តីថ្លៃថ្នូរ​របស់​ពួកគេ ក៏ដូចជា​ជួយ​ជំរុញ​នូវ​ភាពម្ចាស់ការ​លើ​ខ្លួនឯង​របស់​ប្រជា​សហគមន៍។ ចាប់តាំងពី​ឆ្នាំ១៩៩១ រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា​ជាង ៦៣លាន​ដុល្លារ អាមេរិក​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​អនុវត្ត​គម្រោង​គូ​សាណូ​ណិ ចំនួន៦៤១ គម្រោង​នៅ​ទូទាំងប្រទេស​កម្ពុជា៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.