ភ្នំពេញ៖   នា​រសៀល​ថ្ងៃទី ១៨ ខែមករា  ឆ្នាំ២០២១   ដដែល ឯកឧត្តម  ហ៊ុន  ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា បាន​បន្ត​ដឹកនាំ​ប្រតិភូ​គណៈកម្មការ​ចុះ​ពិនិត្យ​ដំណើរការ​សិក្សា និង​ស្ថានភាព​ទូទៅ នា​ឱ​កាល​ការបើក​បវេសនកាល​ថ្មី​ឆ្នាំ​សិក្សា ២០២១-២០២២ នៅ​សាលា  ប៊ែ​ល​ធី អន្តរជាតិ  ទី១៨   (សាខា​ផ្សារ​ព្រែក​ឯង)។

ក្នុង​ដំណើរ​នៃ​ការចុះ​ត្រួតពិនិត្យ​នេះ  ឯកឧត្តម  ប្រធាន​គណៈកម្មការ   បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈ​គ្រប់គ្រង​សាលា   លោកគ្រូ​អ្នកគ្រូ  បុគ្គលិក​សិក្សា​ទាំងអស់ ដែល​បាន​បំពេញភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ក្នុងការ​ចូលរួម​អនុវត្ត  ផ្សព្វផ្សាយ  និង​រៀបចំ​បរិស្ថាន​សាលារៀន​ដែលមាន​សុវត្ថិភាព   ដើម្បី​អនុញ្ញាតឱ្យ​សិស្សានុសិស្ស​អាច​ចាប់ផ្តើម​បវេសនកាល​សិ​ស្សា​ថ្មី​ពោរពេញ​ដោយ​ភាពកក់ក្តៅ។  ទន្ទឹមនេះ  ឯកឧត្តម  បាន​ជំរុញ​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់​បន្ត​ការយកចិត្ត​ដាក់   និង​ត្រៀម​បន្ថែម​ក្នុងការ​សម្រប​ខ្លួន​ទៅតាម​គន្លង​ថ្មី​នៃ​វិស័យ​អប់រំ  ដោយ​សង្កត់ធ្ងន់​លើ​ស្ថានភាព​នៃ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា នា​ថ្ងៃ​អនាគត ដែល​ពឹង​ផ្អែកលើ​គុណភាព​នៃ​ការអប់រំ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់។

សូមជម្រាបថា ការចុះ​ទស្សនកិច្ច​ផ្ទាល់​នៅតាម​សាលារៀន  ដើម្បី​ស្វែងយល់​ពី​ដំណើរការ​អនុវត្ត​គោលការណ៍​ប្រតិបត្តិ   របស់​ក្រសួង​អប់រំ  យុវជន និង​កីឡា  នៅតាម​សាលា​ក្នុង​រាជធានី​ភ្នំពេញ   គឺជា​ការចុះ​លើកដំបូង របស់​គណៈកម្មការ  ដោយ​កន្លងមក គណៈកម្មការ​ទី៧  បាន​ផ្តោត​ការចុះ​បំពេញបេសកកម្ម​ទៅកាន់​រាជធានី ខេត្ត  ដើម្បី​តាមដាន   ត្រួតពិនិត្យ និង​ក្តាប់​ស្ថានការណ៍​រួម​នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​វិស័យ​ទាំង​បួន​ក្នុងបន្ទុក​នៅ​មូលដ្ឋាន​ផ្ទាល់៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.