ភ្នំពេញ៖ បន្ទាប់ពី​បាន​ស្តាប់​សារ​គន្លឹះ​របស់​ប្រធានរដ្ឋសភា​នៃ​ប្រទេស​ទាំងពីរ ឯកឧត្តម លី ចាន់​ស៊ូ ប្រធានសភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​នយោបាយ ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​ក្នុងការ​លើកស្ទួយ​ចំណងទាក់ទង​ទ្វេភាគី​អោយ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ជាពិសេស​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​យូរអង្វែង​របស់​ប្រជាជាតិ​ទាំងពីរ​កម្ពុជា-ចិន លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី បានលើកឡើង​បន្ថែម  ពី​សារៈសំខាន់​នៃ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​យូរលង់ មិត្ត​ដែកថែប និង​ជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា-ចិន មាន​លក្ខណៈពិសេស ហើយ​ធន់​នឹង​វិបត្តិ និង​ហេតុការណ៍ផ្សេងៗ ។

ការលើកឡើង​បែបនេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្នុងឱកាស​នៃ​ការបើក​កិច្ចប្រជុំ​ដំណាក់កាល​ទី២ រវាង​ឯកឧត្តម ចាន់ ឈុន​ស៊ាន (Zhang Chunxian) អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​ទី២ នៃ​រដ្ឋសភា និង​ដោយមាន​ការចូលរួម​ថ្លែង​របស់​គណៈកម្មការ​ជំនាញ​ចំនួន៤ របស់​រដ្ឋសភា​កម្ពុជា​ទៅលើ​ប្រធានបទផ្សេងៗ  ដោយ​ផ្តោតជាសំខាន់​ទៅលើ​ថា តើ​សមាជិកសភា​មាន​តួនាទី​យ៉ាងណា​នៅក្នុង​បញ្ហា​នាពេល​បច្ចុប្បន្ន ដូចជា៖ កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ផ្នែក​ច្បាប់​លើ​ការងារ​ថែរក្សា ការពារ​បរិស្ថាន និង​ការអភិរក្ស​ជីវៈចំរុះ សហ​ប្រតិប​ត្តិ​ការ​អន្តរជាតិ​ក្នុងការ​ប្រយុទ្ធប្រឆាំង​មេរោគ​រាតត្បាត​សកល​កូ​វីដ១៩ ការស្តារ​សេដ្ឋកិច្ច ក្រោយ​វិបត្តិ​នៃ​មេរោគ​រាតត្បាត​សកល COVID-19 និង​សភាពការណ៍​តំបន់ អន្តរជាតិ នាពេល​បច្ចុប្បន្ន។

ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​ដំណាក់កាល​ទី២ នេះ​ផងដែរ លោកជំទាវ ក៏បាន​ឆ្លៀត​យក​ឱកាស​នេះ អបអរសាទរ​ភាពជោគជ័យ​ជា​សមិទ្ធផល​បក្សកុម្មុយនិស្ត និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ប្រាជ្ញា​ឈ្លាសវៃ​របស់ ឯកឧត្តម​ប្រធានាធិបតី ស៊ី ជិន​ពីង ក្នុងការ​ដឹកនាំ​នាវា​ចិន​ពុះពារ​ឆ្លងកាត់​រាល់​ឧបសគ្គផ្សេងៗនាំមក​នូវ​កំណើនសេដ្ឋកិច្ច គួរ​ជាទី​មោទនៈ ជាមួយនឹង​វិទ្យាសាស្ត្រ​បច្ចេកទេស ដែល​ធ្វើអោយ​តួនាទី​អន្តរជាតិ​របស់​ចិន​ត្រូវបាន​លើក​កំពស់​ជាងពេលណាៗទាំងអស់។

លោកជំទាវ បាន​គូសបញ្ជាក់​បន្ថែមថា កិច្ចពិភាក្សា​រវាង​សមាជិកសភា​នៃ​សភា​ទាំងពីរ បាន​ប្រព្រឹត្តឡើង​ចំ​ពេលដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ខ្ពស់​មិន​ធ្លាប់​ជួបប្រទះ​នៃ​សភាពការណ៍​សកលលោក សភាពការណ៍​តំបន់ ការគំរាមកំហែង​នៃ​ការ​រាតត្បាត​ជា​សកល​ដោយ​មេរោគ COVID-19 ការប្រែប្រួល​អាកាសធាតុ និង​បរិស្ថាន វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ រួមទាំង​ជីវភាព​រស់នៅ​របស់​ម​នុស្ស​ជាតិ។

មុននឹង​បញ្ចប់​ការ​ថ្លែង​បើក​កិច្ចប្រជុំ​ដំណាក់កាល​ទី២នេះ លោកជំទាវ បានបង្ហាញ​នូវ​ក្តីសង្ឃឹម និង​ជំនឿ​ជាក់​យ៉ាង​មុតមាំ​ទៅលើ​គុណ​តំលៃ​សកល​របស់​មនុស្សជាតិ ដោយ​តាមរយៈ​ការធ្វើការ​រួមគ្នា​យ៉ាង​ជិតស្និទ្ធ សាមគ្គី​ភាពជា​សកល ពិតជា​ចូលរួម​ដោះស្រាយ​វិបត្តិ ពិសេស​លើ​បញ្ហាធំៗ ការ​ប្រឈម​ជាស​កល តាមរយៈ​ស្ថាប័ន អង្គការ​អន្តរជាតិ​នានា ដូចដែល​ប្រទេស​ទាំងពីរ និង​ប្រទេស​នានា​លើ​សកលលោក​កំពុង​ធ្វើ។ លោកជំទាវ បាន​សង្កត់ធ្ងន់ថា ក្នុងពេល​ដ៏​លំបាក ក្នុងពេល​មាន​អាសន្ន យើង​នឹង​អាច​រកបាន​មិត្ត​ពិតប្រាកដ ដូចជា​សុភាសិត​ខ្មែរ​និយាយថា  “មិត្ត​ពិត​ជួយ​គ្នា​ក្នុង​គ្រាក្រ គ្រា​មាន​អាសន្ន” ។ ដូចនេះ ក្នុង​បរិបទ Covid-19 មិត្តភាព​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​ចិន-កម្ពុជា កាន់តែ​រឹងមាំ​បន្ថែមទៀត៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.