អាមេរិច៖ កាលពី​ថ្ងៃទី១៨ មករា(ម្សិលមិញ) ទីភ្នាក់ងារ​ព័ត៌មាន CNN បាន​រាយការណ៍​ពី​ប្រភពព័ត៌មាន ៣នាក់​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​ត្រៀម​ចេញ​បញ្ជា​លើកលែងទោស និង​បន្ថយទោស ឱ្យ​បុគ្គល​ប្រមាណ ១០០នាក់ ក្នុង​ថ្ងៃ​ចុងក្រោយ នៃ​ការ​គ្រង​តំណែង​ជា​មេដឹកនាំ​សហរដ្ឋអាមេរិក(ថ្ងៃទី១៩ មករា) ដែល​អាច​និយាយបានថា ជាការ​បញ្ជា​អភ័យទោស គ្រា​សំខាន់​មួយ ចំពោះ​អ្នកប្រព្រឹត្ត​ខុស ដែលមាន​ទាំង​អ្នកធំ បណ្ដា​តន្ត្រីករ​រ៉េ​ប​ល្បីឈ្មោះ និងផ្សេងៗទៀត​ជាច្រើន តែ​គេ​សន្និដ្ឋានថា នឹងមិន​មានឈ្មោះ​លោក​ប្រធានាធិបតី ត្រាំ ខ្លួនឯង​នៅក្នុង​បញ្ជី​នោះទេ។

ប្រភពព័ត៌មាន ២រូប បាន​ប្រាប់ទៀតថា មន្ទីរ​សេត​វិមាន បានរៀបចំ​កិច្ចប្រជុំ​កាលពី​ថ្ងៃអាទិត្យ(ទី១៧មករា) ដើម្បី​សរុប​បញ្ជី​ឈ្មោះ របស់​អ្នក​បានទទួល​ការ​អភ័យទោស។

មន្ត្រី​មន្ទីរ​សេត​វិមាន​ម្នាក់ បាន​ថ្លែងថា មិនទាន់បាន​ព្រាង​ឯកសារ ដើម្បី​អភ័យទោស​ឱ្យ​លោក​ប្រធានាធិបតី ត្រាំ​ខ្លួនឯង​នៅឡើយ​ទេ តែ​យ៉ាងណាក៏ដោយ គេ​រំពឹងថា លោក​ប្រធានាធិបតី​ត្រាំ នឹង​ចាក​ចេញពី​មន្ទីរ​សេត​វិមាន​នៅ​ថ្ងៃទី២០ មករា និង​អាចមាន​ពេល ចេញ​បញ្ជា​លើកលែងទោស ឬ​អភ័យទោស បាន​រហូតដល់​ម៉ោង ១២ថ្ងៃត្រង់ នៃ​ថ្ងៃទី២០ មករា ដែលជា​ថ្ងៃ​ប្រារព្ធ​ពិធី​ស្បថ​ចូលកាន់​តំណែង របស់លោក​ប្រធានាធិបតី​ថ្មី ចូ បៃ​ដិ​ន។

លោក​ប្រធានាធិបតី​ត្រាំ ថែមទាំង​បានទទួល​ការណែនាំ​ជាច្រើន អំពី​ការ​អភ័យទោស ពី​បណ្ដា​ទីប្រឹក្សា ដែល​ស្ថិតនៅក្នុង​មន្ទីរ​សេត​វិមាន រួមទាំង​អ្នក​បញ្ចុះបញ្ចូល ដែល​ព្យាយាម​រត់ការ​អស់​ជាច្រើន​ខែ​មកហើយ ដើម្បី​ស្នើសុំ​អភ័យទោស​ឱ្យ​ខ្លួនឯង ឬ​ឱ្យ​អ្នក​ដែល​ពឹងពាក់​ខ្លួន ដោយ​ក្ដីសង្ឃឹម​នៅក្នុង​ក្រុម​សម្ព័ន្ធមិត្ត​ថា លោក​ប្រធានាធិបតី​ត្រាំ នឹង​ចេញ​បញ្ជា​អភ័យទោស ដែល​ខ្លួនឯង​បានទទួល​ផលប្រយោជន៍ ពី​ការ​កាន់តំណែង​ជា​ប្រធានាធិបតី​របស់លោក​ត្រាំ។

ប្រភពព័ត៌មាន​រូបនោះ បាន​និយាយថា “គ្រប់យ៉ាង គឺ​ធុ​រកម្ម…លោក​ប្រធានាធិបតី ចូលចិត្ត​អភ័យទោស ព្រោះ​ជា​ទង្វើ​របស់ខ្លួន​លោក​តែម្នាក់ឯង​គត់ និង​ចូលចិត្ត​បំពេញ​ប្រយោជន៍​ឱ្យ​មនុ​ស្សណា ដែល​មេដឹកនាំ​សហរដ្ឋអាមេរិក គិតថា នឹង​ក្លាយ​ជាការ​ជំពាក់​បុណ្យ​គុណ​របស់ខ្លួន”

ប្រភពព័ត៌មាន​ដដែល បានបញ្ជាក់​ទៀតថា នៅក្នុង​មន្ទីរ​សេត​វិមាន បណ្ដា​សម្ព័ន្ធមិត្ត និង​ក្រុម​អ្នកគាំទ្រ បាន​ដណ្ដើម​គ្នា​ដាក់ពាក្យ​ស្នើសុំ​អភ័យទោស ហើយ​បញ្ជី​ឈ្មោះ អ្នក​បានទទួល​ការ​អភ័យទោស ថែមទាំង​អាច​បន្ថែម ឬ​ដកចេញ រហូតដល់​នាទីចុងក្រោយ​បាន​ទៀតផង។

ត្រូវ​គ្នា​នឹង​អ្វី ដែល​សារព័ត៌មាន នី​វ​យ៉​ក ថា​ម​ស៍ បាន​រាយការណ៍​កាលពី​ពេលមុន​នេះ​ថា បណ្ដា​សម្ព័ន្ធមិត្ត អ្នក​បញ្ចុះបញ្ចូល និង​បុគ្គលផ្សេងៗ មួយចំនួន បានទទួល​ប្រាក់​ជាច្រើន​ម៉ឺន​ដុល្លារ ពី​អ្នក​ដែលមាន​រឿងក្ដី​ជាប់​ខ្លួន ដែល​ជួល​ពួកគេ​ឱ្យ​រត់ការ ដោយ​សង្ឃឹម​បានទទួល​ការ​អភ័យទោស ក្នុងអំឡុង​ថ្ងៃ​ចុងក្រោយ របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ស្ថិតក្នុង​តំណែង។

ការ​អភ័យទោស ឬ​លើកលែងទោស គឺជា​ភារកិច្ច​មួយ ក្នុងចំណោម​ភារកិច្ច​ជាច្រើន ដែល​លោក​ប្រធានាធិបតី ត្រាំ ត្រូវតែ​ធ្វើឱ្យ​រួចស្រេច​បាច់ មុន​ផុត​អាណត្តិ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ខាងមុខ​ទៀត តែ​ហេតុការណ៍​ចលាចល​នៅ​អគារ​រដ្ឋសភា ឬ​វិមាន​កា​ពី​តូ​ល កាលពី​ថ្ងៃទី៦ មករា ធ្វើឱ្យ​លោក​ប្រធានាធិបតី​ត្រាំ ត្រូវបាន​សភាតំណាងរាស្ត្រ មានមតិ​ដកចេញ​ពី​តំណែង​ជា​លើក​ទី២ នោះ បានធ្វើឱ្យ​ការ​អភ័យទោស​របស់​មេដឹកនាំ​ខ្លួនឯង រួមទាំងកូនៗ និង​លោក រូ​ឌី ជីវ​លៀ​នី មេធាវី​ផ្ទាល់ខ្លួន​របស់លោក​ប្រធានាធិបតី​ត្រាំ​ផង​នោះ ក្លាយជា​រឿង​ដែល​ស្មុគស្មាញ​ឡើង។

ក្នុង​ចំណុច​នេះ បណ្ដា​ទីប្រឹក្សា មិន​គិតថា លោក​ប្រធានាធិបតី​ត្រាំ នឹង​ដំណើរ​ការបន្ត​ឡើយ តែ​បាន​ដាស់តឿន​ថា មានតែ​មេដឹកនាំ​សហរដ្ឋអាមេរិក​ម្នាក់​ប៉ុណ្ណោះ ដែល​ដឹងថា នឹងធ្វើ​អ្វី​ជាមួយ​អំណាច​របស់​ខ្លួនឯង ជា​លើកចុងក្រោយ មុន​លាចាក​ចេញពី​តំណែង​ជា​ផ្លូវការ នៅវេលា​ថ្ងៃត្រង់ នៃ​ថ្ងៃទី២០មករា។

ប្រភពព័ត៌មាន​ម្នាក់ទៀត បាន​និយាយថា ក្រោយ​កើតហេតុ​ចលាចល ក្រុមទី​ប្រឹក្សា បាន​គាំទ្រ​ឱ្យ​លោក​ប្រធានាធិបតី​ត្រាំ បញ្ឈប់​ការ​អភ័យទោស​ឱ្យ​ខ្លួនឯង ដោយសារតែ​មើលទៅ វា​ហាក់ដូចជា មេដឹកនាំ​សហរដ្ឋអាមេរិក​រូបនេះ មាន​កំហុស​អ្វី​ម្យ៉ាង និង​ក្រៅពីនេះ ទីប្រឹក្សា​ដែល​ជិតស្និទ្ធ​ជាច្រើន​នាក់ ថែមទាំង​បាន​ជំរុញ មិនឱ្យ​លោក​ប្រធានាធិបតី​ត្រាំ បន្ធូរ​បន្ថយទោស ដល់​គ្រប់​អ្នកណា ដែល​ពាក់ព័ន្ធ​នឹង​ការឡោមព័ទ្ធ​អគារ​រដ្ឋសភា​ទៀតផង ទាំង​ដែល​លោក​ត្រាំ  ហាក់​មាន​ឥរិយាបថ ពីដំបូង​ថា មនុស្ស​ទាំងនោះ​មិនមាន​កំហុស។

កាលពីពេល​មុននេះ លោកស្រី លីន​សេ​យ៍ ហ្គ្រេ​ហ៊ែ​ម សមាជិក​ព្រឹទ្ធសភា របស់​គណបក្ស​រី​ផា​ប្ល៊ី​កាន់ បានផ្ដល់​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Fox News ថា មាន​មនុស្ស​ជាច្រើន បាន​បង្ខំ​ឱ្យ​លោក​ប្រ​ធានា​ធីប​តី​ត្រាំ ចេញ​បញ្ជា​អភ័យទោស​ឱ្យ​មនុស្ស​ធម្មតា ដែល​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ចលាចល​នោះ ប៉ុន្តែ ការស្វែងរក​ការ​អភ័យទោស​ឱ្យ​មនុស្ស​ទាំងនោះ អាច​និយាយបានថា ជា​កំហុស​មួយ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.