ភ្នំពេញ៖​  សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុង​រយៈពេល១០កន្លងមក ចាប់ពី​ឆ្នាំ២០១០ រហូតដល់​ឆ្នាំ២០២០ ការងារ​គោលនយោបាយ ភូមិ-ឃុំ មាន​សុវត្ថិភាព ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង ហើយ​ក៏មាន​បញ្ហា​ខ្លះ ដែល​ភាគី​ពាក់ព័ន្ធ ត្រូវ​រួបរួមគ្នា​ដោះស្រាយ​បន្ដទៀត ដើម្បី​ឲ្យ​កាន់តែ​ទទួលជោគជ័យ​បន្ថែមទៀត។

ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផែនការ​សកម្ម​ភាពជា​តិ ស្តីពី​ការទប់ស្កាត់​អំពី​ហិង្សា​លើ​ស្ត្រី ២០១៩-២០២៣ នា​ព្រឹក​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា សម្ដេច​ក្រឡា​ហោ ម ស ខេង បាន​ឲ្យ​ដឹងថា នាពេល​កន្លងមក គោលនយោបាយ ភូមិ-ឃុំ មាន​សុវត្ថិភាព ភាគី​ពាក់ព័ន្ធ​បាន​រួមគ្នា​ដោះស្រាយ​ទទួលបាន​ជោគជ័យ​គួរ​ឲ្យ​កត់សំគាល់ តាមរយៈ​ការ​បូកសរុប​លទ្ធ​ការងារ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ។

សម្ដេច​ក្រឡាហោម មានប្រសាសន៍ថា «យើង​ឃើញថា ក្នុង​រយៈពេល១០ឆ្នាំ ឆ្នាំ២០១០-២០២០ គឺ​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ ភូមិ-ឃុំ មាន​សុវត្ថិភាព​នេះ គឺ​ទទួលបាន​ជោគជ័យ​ធំ​ណាស់។ប៉ុន្ដែ​ទោះបីយ៉ាងណា​យើង ឃើញថា នៅមាន​បញ្ហា​ខ្លះ​ដែល​នៅតែ​ជា​បញ្ហា ហើយ​អាច​ធំ​ជាង​ពីមុន​ថែមទៀត»។

សម្ដេច​ក្រឡាហោម ក៏បាន​ឧទាហរណ៍​ថា ដូចជា បញ្ហា​គ្រឿងញៀន ក៏​ស្ថិតនៅក្នុង​កម្មវិធី​គោលនយោបាយ ភូមិ-ឃុំ មាន​សុវត្ថិភាព ក្នុងការ​អនុវត្ត​នាពេល​កន្លងទៅ ទទួលបាន​លទ្ធផល​ច្រើន ហើយ​ចំនួន​ចាប់​ជនល្មើស​ជួញដូរ​គ្រឿងញៀន និង​វត្ថុតាង​គ្រឿងញៀន​មក​ដាក់ទោស​ក៏បាន​កាន់តែច្រើន​ដែរ ប៉ុន្ដែ​មិនទាន់​ធូរស្រាល។ សម្ដេច​ក្រឡាហោម បន្ដថា បញ្ហា​ខ្លះ​ត្រូវ​ដកចេញ​ពី​គោលនយោបាយ ភូមិ-ឃុំ មាន​សុវត្ថិភាព ដើម្បី​ដាក់បញ្ចូល​បញ្ហា​បច្ចុប្បន្នភាព​វិញ។

ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ធ្វើការ​កោតសរសើ​រ ចំពោះ​ក្រុមការងារ​អន្តរក្រសួង​ឆ្លើយតប​ទៅ នឹង អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ដែលមាន​ក្រសួង​កិច្ចការនារី​ជា​អ្នកសម្របសម្រួល ក្នុងការ​រៀបចំឡើង​វិញ​នូវ​ផែនការ​សកម្មភាព​ជាតិ ស្តីពី​ការទប់ស្កាត់​អំពី​ហិង្សា​លើ​ស្ត្រី​ដ៏​មាន​សារៈប្រយោជន៍​នេះ ដើម្បី​ជំរុញ​ការអនុវត្ត​ឱ្យសម្រេចបាន​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដោយបាន​ចាត់ទុក​ការលុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី​ជា​ការងារ​អទិភាព។

សម្ដ​ច​ក្រឡាហោម បន្ថែមថា គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ ឯកជន និង​អង្គការ​សង្គម​ស៊ីវិល ត្រូវតែ​ចូលរួម​អនុវត្ត​ឱ្យបាន ម៉ឺងម៉ាត់ និង​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ទប់ស្កាត់ លុបបំបាត់​គ្រប់​ទម្រង់​នៃ​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី និង​ការពារ​ជនរងគ្រោះ​ឱ្យបាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​អភិវឌ្ឍ​ធនធានមនុស្ស​ដែលជា​គន្លឹះ​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង​របស់​ប្រទេស និង​ធានា​កិច្ច​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ ដើម្បី​កំណើន ការងារ​សមធម៌ និង​ប្រសិទ្ធភាព ដែលមាន​ចំណងជើង កសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ២០៥០៕

ដោយ ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.