ខេត្ត​បាត់ដំបង៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី១៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង អញ្ជើញ​ទទួល​ជួប​សម្ដែង​ការគួរសម​របស់​ឯក​ឧ​ត្ត​ម W.Patric Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​ពិភាក្សា​ការងារ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋបាល​ខេត្តបាត់ដំបង និង​ជាពិសេស​រឹតចំណង​មិត្តភាពរ​វា​ង​រដ្ឋបាល​ខេត្តបាត់ដំបង ជាមួយនឹង​សហរដ្ឋអាមេរិក​ផងដែរ។

នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​នានា​ដែលជា​ជំនួយ​របស់​សហរដ្ឋអាមេរិក ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ទាំង​ផ្នែក​កសិកម្ម ឬ​ផ្នែក​អប់រំ​ជាដើម ដែល​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​វិស័យ​ទាំងនេះ។ ឯកឧត្តម បាន​បន្តទៀតថា ខេត្តបាត់ដំបង​មិន​ខុសពី​បណ្ដា​ខេត្ត​នានា​នៅ​ប្រទេស​កម្ពុជា ដែល​បាន​ជួប​នូវ​វិបត្តិ​គ្រោះធម្មជាតិ​នានា មានដូចជា​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត​ជាដើម ហើយ​ចំពោះ​គ្រោះទឹកជំនន់​កន្លងមក​នេះ រដ្ឋបាលខេត្ត​បាត់ដំបង​បាន​សហការគ្នាជាមួយ​ក​ង​កម្លាំងប្រដាប់អាវុធ និង​កងកម្លាំង​នានា ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋភ្លាមៗឲ្យ​បាន​ទាន់ពេលវេលា ចៀសវាង​ប្រជាពលរដ្ឋ​ជួបប្រទះ​នូវ​ហានិភ័យ​មួយចំនួន​អាច​ប៉ះពាល់​អាយុជីវិត​ប្រជាពលរដ្ឋ ហើយ​រដ្ឋបាលខេត្ត​បានធ្វើការ​ជួយសង្គ្រោះ​ជា​បន្តបន្ទាប់​ដោយ​ការ​ចែកជា​អំណោយ​ជា​ស្បៀង​សង្គ្រោះបន្ទាន់ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន និង​សម្ដេច​ក្រឡាហោម សខេង ព្រម​ទាំងពី​សំណាក់​សប្បុរសជន​នានា បាន​ចុះ​ចែកជូន​ប្រជាពលរដ្ឋភ្លាមៗសម្រាប់​ប្រជាពលរដ្ឋ​អាចធ្វើ​ការដោះស្រាយ​ការហូបចុក​បាន​បណ្ដោះអាសន្ន​មួយគ្រា​ដែរ។ រាជរដ្ឋាភិបាល​បាន​បញ្ចេញ​វិធានការណ៍​ថ្មី​មួយទៀត​ក្រោយ​ទឹកជំនន់​សម្រក​ទៅវិញ គឺ​ករ​ស្ដារ​ជីវភាព​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយបាន​បញ្ចេញ​គ្រាប់​ពូជស្រូវ គ្រាប់ពូជ​ដំណាំ​នានា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យកទៅ​ធ្វើ​ការដាំដុះ​បង្កើន​ជីវភាព​ឲ្យ​បាន​ឆាប់រហ័ស ក្រោយ​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​កន្លងមកនេះ។

ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​កូ​វីដ-១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានបញ្ជាក់​ផងដែរ​ថា រដ្ឋបាលខេត្ត​បាត់ដំបង បានរ​រៀបចំ វិទ្យាល័យ ឬ​អនុវិទ្យាល័យ​នានា​នៅតាម​ព្រំដែន តាម​ការណែនាំ​របស់​ស​ម្ដេច​តេ​ជោ ហ៊ុនសែន ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំពោះ​ពលករ​ណា ដែល​ទើបតែ​ធ្វើការ​ឆ្លងដែន​ថ្មី​ពី​ប្រទេស​ថៃ ដែល​កំពុង​ឆ្លង​រីក​រាលដាល​ជម្ងឺ​កូ​វីដ-១៩ នៅក្នុង​សហគមន៍។

រដ្ឋបាលខេត្ត​បាត់ដំបង បាន​ចាត់វិធានការ​តឹងរឹង​ចំពោះ​ពលករ​ចំណាកស្រុក​ពី​ប្រទេស​ថៃ ឲ្យ​នៅ​ដាក់​ដោយឡែក​ចំនួន១៤ថ្ងៃ ហើយ​ទន្ទឹមនឹង​ការអនុវត្ត​វិធានការណ៍​នេះ រដ្ឋបាលខេត្ត​បានរៀបចំ​ក្រុមការងារ ក្នុងការ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​បញ្ហា​កូ​វីដ-១៩នេះ។ ឯកឧត្តម​បានបញ្ជាក់​ផងដែរ​ថា ចំពោះ​ពលករ​ណា​ដែល​បានធ្វើ​វិធានការ​ច​ត្តា​ឡី​ស័ក​គ្រប់​ចំនួន​ថ្ងៃ​កំណត់​របស់​សុខាភិបាល​រួចហើយ គាត់​នឹង​ទទួលបាន​នូវ​សញ្ញាបត្រ​មួយ​បញ្ជា​ក់មួយ ដើម្បី​យកទៅ​បង្ហាញ​ទៅដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច បញ្ជាក់ថា​ខ្លួន​គ្មាន​ជម្ងឺ​កូ​វីដ-១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រួចរាល់។

ឯកឧត្តម​បាន​បន្តទៀតថា បញ្ហា​កូ​វីដ-១៩ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ជីវភាព និង​សិស្សានុសិស្ស​មិនអាច​ចូលរៀន​បាន ជាក់ស្ដែង​ដូចជា​សាលារៀន​នានា​ដែល​ជាប់​ភារកិច្ច​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​សម្រាប់​ពលករ​មកពី​ប្រទេស​ថៃ បាន​រាំងស្ទះ​ដំណើរការ​នៃ​ការចូល​រៀន​របស់​សិស្សានុសិស្ស​នៅតាម​ព្រំដែន​មិនអាច​ដំណើរការបាន។

ទន្ទឹមនឹងនេះ ឯកឧត្តម ងួន រតនៈ បានធ្វើការ​ថ្លែងអំណរគុណ​ដល់​សហរដ្ឋអាមេរិក ដែល​បានផ្ដល់​ជា​ជំនួយ​នានា ក្នុងនោះ​មាន​អង្គការ​Peace Corp ដែលជា​អង្គការ​មួយ​ជួយ​ដល់​វិស័យ​អប់រំ​នៅក្នុង​ខេត្តបាត់ដំបង នៅតាម​សាលារៀន​ផងដែរ។

ឯកឧត្តម W.Patric Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់រ​ដ្ឋ​បាល​ខេត្តបាត់ដំបង ក្នុង​ការខិតខំ​ប្រឹងប្រែង​កន្លងមក ហើយ​សហរដ្ឋអាមេរិក​នឹង​បន្ត​ជួយ​សហការ ក្នុងនាម​រឹតចំណង​មិត្តភាព ជាពិសេស ធ្វើការ​បន្ត​នូវ​កម្មវិធី​របស់​អង្គការ Peace Corp ជាថ្មី​ម្ដងទៀត​ក្នុង​ការបញ្ជូន​អ្នកស្ម័គ្រចិត្ត​នៅ​សហរដ្ឋអាមេរិក ចុះជួយ​ផ្នែក​វិស័យ​អប់រំ​ជាថ្មី ហើយក៏​ជា​លើកដំបូង​ម្ដងទៀត​សម្រាប់​ពិភពលោក ដោយសារ​ប្រទេស​កម្ពុជា​បានធ្វើការ​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ-១៩ បានល្អ​ជាងគេ ស្រប​ពេលដែល​បណ្ដា​ប្រទេស​ដទៃទៀត​មិនទាន់​អាច​បន្ត​កម្មវិធី​របស់​អង្គការ Peace Corp នាពេលនេះ​បច្ចុប្បន្ននេះ​ដោយសារ​នូវ​បន្ត​ការឆ្លង​រីក​រាលដាល​ជម្ងឺ​កូ​វីដ-១៩ផងដែរ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.