ប្រទេស​ចិន៖  បាន​រាយការណ៍ ពី​ការរកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ថ្មី ប្រចាំថ្ងៃ លើស ១០០នាក់ រយៈពេល ៧ថ្ងៃជាប់ៗគ្នា នៅថ្ងៃនេះ(អង្គារ ទី១៩ មករា) ដែល​ចំនួន​នេះ អាច​និយាយបានថា ខ្ពស់បំផុត ចាប់តាំងពី​ខែមីនា ឆ្នាំមុន​មក ក្រោម​ស្ថានការណ៍​ការឆ្លង​រាលដាល​ដ៏​គួរឱ្យ​ព្រួយបារម្ភ នៅក្នុង​មណ្ឌល​មួយ ដែល​ស្ថិតនៅ​ភាគ​ខាងកើត​ឆៀង​ខាងជើង​នៃ​ប្រទេស ចាប់តាំងពី​កើតមាន​ការឆ្លង​រាតត្បាត​ឡើង។

គណៈកម្មការ​សុខភាព​សាធារណៈ នៃ​ប្រទេស​ចិន បានបញ្ជាក់​នៅក្នុង​សេចក្ដីរាយការណ៍​ថា ប្រទេស​ចិនដីគោក បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី ១១៨នាក់ នៅ​ថ្ងៃទី១៨ មករា កើនឡើង​ពី​ចំនួន ១០៩នាក់ កាលពី ១ថ្ងៃមុន​ហ្នឹង។

ក្នុងចំណោម​អ្នក​ឆ្លង​មេរោគ​ថ្មី​ទាំងនោះ មាន ១០៦នាក់ ជាការ​ឆ្លង​នៅក្នុង​តំបន់ ក្នុងនោះ ៤៣នាក់ រស់នៅក្នុង​មណ្ឌល​ជី​លីន ជា​តួលេខ​ប្រចាំថ្ងៃ ខ្ពស់​ជាថ្មី​ម្ដងទៀត របស់​មណ្ឌល​ភាគ​ខាងកើត​ឆៀង​ខាងជើង​នៃ​ប្រទេស​ចិន​មួយ​នេះ ខណៈដែល​មណ្ឌល​ហ៊ើ​ពេ​យ ដែលនៅក្បែរៗទីក្រុង​ប៉េកាំង បាន​រាយការណ៍​ពី​ការរកឃើញ​អ្នក​ឆ្លង​មេរោគ ៣៥នាក់។

ចំណែក​ចំនួន​ដែល​នៅសល់ របាយការណ៍ បានឱ្យដឹងថា រកឃើញ​អ្នក​ឆ្លង​មេរោគ ១នាក់ និង ២៧នាក់​ក្នុង​មណ្ឌល​ហ៊ើ​លង់​ចៀង ភាគ​ខាងជើង​នៃ​ប្រទេស​ចិន។

ប្រជាជន​ជាច្រើន​លាន​នាក់ ត្រូវ​ស្ថិតក្នុង​វិធានការ Lockdown ក្នុងអំឡុងពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ខណៈដែល​ទីក្រុង​ខ្លះ នៅ​ប៉ែក​ខាងជើង​របស់​ប្រទេស​ចិន បាន​ដំណើរការ​ពិនិត្យ រក​មេរោគ​កូ​វីដ-១៩ បែប​សហគមន៍ ក្រោម​ក្ដីកង្វល់​ថា ការឆ្លង​មេរោគ​បែប​ពិនិត្យ​ហើយ រក​មិនឃើញ អាច​នឹង​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​ក្នុងអំឡុង​រដូវ​កាល​ចូលឆ្នាំ​ចិន ដែល​នៅសល់តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​មកដល់។

អាជ្ញាធរ បាន​ណែនាំ​ប្រជាជន ឱ្យ​ផ្អាក​ការធ្វើដំណើរ ដែល​មិនចាំបាច់ ក្នុងអំឡុង​ថ្ងៃ​ចូលឆ្នាំ​ចិន នា​ខែ​ខាងមុខ ដែលជា​ប្រក្រតី នឹងមាន​អ្នកធ្វើការ​ជន​ជាតិចិន​ជាច្រើន​រយ​លាន​នាក់ ចេញ​ធ្វើដំណើរ​ត្រឡប់​ទៅ​ស្រុកកំណើត ឬ​ដើរលេង​កម្សាន្ត​ក្នុងអំឡុងពេល​ឈប់សម្រាក​យូរថ្ងៃ។ ក្រៅពីនេះ អាជ្ញាធរ​ថែមទាំង​បាន​សំណូមពរ​ឱ្យ​ផ្អាក​កិច្ចការងារ​ប្រមូលផ្ដុំ​គ្នា របស់​ក្រុមមនុស្ស​ដែលមាន​គ្នាច្រើនផ្សេងៗ ដែល​ក្នុងនោះ​រួមទាំង​ពិធី​រៀប​អាពាហ៍ពិពាហ៍​ផងដែរ។

ការឆ្លង​រាលដាល រលក​បច្ចុប្បន្ន ក្នុង​មណ្ឌល​ជី​លីន មាន​ដើមកំណើត​មកពី ស៊ែ​ល​មែន​ម្នាក់ (អ្នកដើរ​លក់ទំនិញ) បានធ្វើ​ដំណើរ​ចេញ-ចូល​ញឹកញាប់ ក្នុង​មណ្ឌល​ហ៊ើយ​លង់​ចៀង ដែនដី​ដែល​ធ្លាប់មាន​សហគមន៍​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ កាលពី​ពេលមុន។

ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី ដែល​មិន​បង្ហាញ​អាការ ដែល​ប្រទេស​ចិន​មិនបាន​ចាត់ទុក​ក្នុងករណី ដែល​បានទទួល​ការអះអាង​នោះ បាន​ធ្លាក់ចុះ​នៅសល់ ៩១នាក់ ពី​កម្រិត ១១៥នាក់ កាលពី ១ថ្ងៃ​មុននេះ។

ក្នុង​ពេលនេះ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ ដែល​បានទទួល​ការអះអាង​ហើយ នៅក្នុង​ប្រទេស​ចិនដីគោក មាន​ចំនួន ៨៩ ៤៥៤នាក់ ខណៈដែល​ចំនួន​អ្នកស្លាប់ នៅតែ​មិន​ប្រែប្រួល​គឺ ៤ ៦៣៥នាក់។

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.