​សហរដ្ឋអាមេរិក៖  ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ទី៤៦ របស់លោក​ចូ បៃ​ដិ​ន នៅថ្ងៃនេះ (ទី២០ មករា) នឹងមាន​ភាពខុសប្លែក ពី​ទម្លាប់​ដែល​ធ្លាប់​បានធ្វើ កាលពី​អតីតកាល ដោយសារតែ​ត្រូវ​ប្រារព្ធ​ធ្វើឡើង ចំ​អំឡុងពេល ដែល​មិន​ប្រក្រតី ទាំង​ការឆ្លង​រាលដាល​របស់​មេរោគ​កូ​វីដ-១៩ និង​ទំនាស់​ខាង​នយោបាយ​ជាមួយ​ប្រធានាធិបតី ដែល​កំពុងតែ​ផុតពី​តំណែង។

ទីភ្នាក់ងារ​ព័ត៌មាន BBC បាន​រួបរួម​រឿងរ៉ាវ​គួរ​ដឹង​ទាំងឡាយ ពាក់ព័ន្ធ​នឹង​ពិធី​ស្បថសច្ចា​ប្រណិធាន និង​ការអបអរសាទរ ចូល​ទទួល​តំណែង​ប្រធានាធិបតី​ថ្មី របស់​សហរដ្ឋអាមេរិក ក្នុងឆ្នាំនេះ មក​ជម្រាបជូន​ដូចតទៅ…។

តើ​ពិធី​ស្បថសច្ចា​ប្រណិធាន ចូល​ទទួល​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក គឺ​អ្វី?

ពិធី​ស្បថ​ចូល​ទទួល​តំណែង(Inauguration) គឺ ពិធីការ ដែល​ចាប់ផ្ដើម​ការចូល​ទទួល​តំណែង របស់​ប្រធានាធិបតី​ថ្មី ជា​ផ្លូវការ ដោយ​នឹង​ប្រារព្ធ​ធ្វើឡើង នៅ​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី។

អង្គ​ប្រកប​តែមួយគត់ ដែល​កំណត់ឱ្យ​ត្រូវតែមាន​ក្នុង​ពិធី​នេះ គឺ​ការដែល​អ្នក​បានទទួល​ការជ្រើសតាំង​ជា​ប្រធានាធិបតី ត្រូវតែ​ឡើង​ថ្លែង​សុន្ទរកថា ស្បថសច្ចា​ប្រណិធាន ចូល​ទទួល​តំណែង ដែលមាន​អត្ថន័យ​ថា៖

“ខ្ញុំ​សូម​ស្បថ​យ៉ាង​ម៉ឺងម៉ាត់​ថា ខ្ញុំ​នឹង​ប្រតិបត្តិ​តួនាទី​ក្នុង​តំណែង​ប្រធានាធិបតី របស់​សហរដ្ឋអាមេរិក ដោយ​ភាព​សុចរិត​ស្មោះត្រង់ និង​យ៉ាង​អស់ពី​សមត្ថភាព ដើម្បី​ថែរក្សា ការពារ និង​គោរព​តាម​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋអាមេរិក”

នៅពេល​លោក​បៃ​ដិ​ន ថ្លែង​ពាក្យ​សច្ចាប្រណិធាន​នេះ​ចប់ លោក​ក៏​នឹង​ឡើង​គ្រង​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ទី៤៦ ជា​ផ្លូវការ ហើយ​ពិធី​ស្បថ​ចូលកាន់​តំណែង ក៏​មានន័យថា គ្រប់​បរិបូរណ៍​ដែរ (តែ​ការពិត មិន​មែនមាន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ព្រោះ​នៅមាន​ពិធីជប់លៀង​អបអរសាទរ​ទៀតផង)។

ចំណែក​លោកស្រី កា​ម៉ា​ឡា ហ៊ែ​រី​ស នឹង​បាន​ក្លាយជា​អនុ​ប្រធានាធិបតី​ជា​ផ្លូវការ នៅពេលដែល​លោកស្រី បាន​ឡើង​ស្បថសច្ចា​ប្រណិធាន ចូល​ទទួល​តំណែង​ដូចគ្នា ដែល​តាម​ធម្មតា ច្រើនតែ​ធ្វើឡើង មុន​ពេលដែល​ប្រធានាធិបតី ឡើង​ស្បថ​ចូល​ទទួល​តំណែង។

តើ​ពិធី​របស់លោក ចូ បៃ​ដិ​ន នឹង​ធ្វើឡើង​នៅពេលណា?

តាមច្បាប់ បានកំណត់​ឱ្យ​ពិធី​ស្បថសច្ចា​ប្រណិធាន ចូល​ទទួល​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី២០ មករា ដោយ​ច្រើនតែ​ចាប់​ផ្ដើមឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា 11.30នាទី​ថ្ងៃ តាម​ម៉ោង​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី ឬ​ម៉ោង 11 កន្លះ​យប់ តាម​ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា។ បន្ទាប់ពីនោះ លោក​បៃ​ដិ​ន និង​លោកស្រី​ហ៊ែ​រី​ស នឹង​ឡើង​ស្បថសច្ចា​ប្រណិធាន​ចូល​ទទួល​តំណែង នៅពេល​ថ្ងៃត្រង់ (ម៉ោង ១២.០០នាទី)។

លោក​បៃ​ដិ​ន នឹង​ផ្លាស់​ចូលមក​រស់នៅក្នុង​មន្ទីរ​សេត​វិមាន នៅក្នុង​ថ្ងៃ​ដដែល​នោះ ដែល​ទីនោះ នឹង​ក្លាយជា​ផ្ទះ​របស់លោក​ពេញ​មួយ​អាណត្តិ នៃ​ការ​គ្រង​តំណែង រយៈពេល ៤ឆ្នាំ។

តើ​ការការពារ​សុវត្ថិភាព នឹង​ធ្វើឡើង​យ៉ាងដូចម្ដេច?

ពិធី​ស្បថសច្ចា​ប្រណិធាន ចូល​ទទួល​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក តែងតែមាន​ការដាក់​វិធានការ​រក្សា​សុវត្ថិភាព និង​សន្តិសុខ​យ៉ាង​ល្អិតល្អន់ ហើយនឹង​រឹតតែ​បង្កើន​ភាព​ហ្មត់ចត់​ថែម​ឡើង​ទៀត ក្រោយពី​កើតហេតុ​ការណ៍ ក្រុមបាតុករ ដែល​គាំទ្រ​លោក​ដូ​ណា​ល់ ត្រាំ វាយ​សម្រុកចូល​បង្កហេតុ​ចលាចល​ក្នុង​អគារ​រដ្ឋសភា កាលពី​ថ្ងៃទី៦ មករា​ផង​នោះ។

អាជ្ញាធរ បាន​លើកកម្ពស់​ការការពារ​សន្តិសុខ​សុវត្ថិភាព និង​បាន​បិទ​ទីតាំង​ជាច្រើន​កន្លែង ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី។ អង្គភាព​សម្ងាត់​របស់​រដ្ឋ បានទទួល​បញ្ជា ក្នុងការ​ប្រតិបត្តិការ តាម​ផែនការ​រក្សា​សុវត្ថិភាព និង​បានទទួល​ការគាំទ្រ និង​អន្តរាគមន៍ ពី​កងកម្លាំង​ការពារជាតិ(National Guard) ថែមទៀត​ប្រមាណ​ជា ១៥ ០០០នាក់ ពីលើ​កងកម្លាំង​អាជ្ញាធរ​ប៉ូលិស​ជាច្រើន​ពាន់​នាក់ ដែល​បាន​ត្រៀម​រួចជាស្រេច​មុន​ហើយ។

បច្ចុប្បន្ន ក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី កំពុង​ស្ថិតក្រោម​ការប្រកាស​ស្ថានការណ៍​គ្រាអាសន្ន ស្រាប់​ហើយ និង​រំពឹងថា នឹងមាន​ការប្រើប្រាស់​វិធានការ​នេះ រហូត​ពេញ​មួយ​អំឡុងពេល​ប្រារព្ធ​ពិធី​ស្បថ ចូល​ទទួល​តំណែង​ប្រធានាធិបតី។

ភ្នាក់ងារ​សម្ងាត់ មែ​ត​ត៍ មី​ល​លើរ មកពី​អង្គភាព​ស៊ើបការណ៍​សម្ងាត់ ដែល​ដឹកនាំ​ក្រុម​ការពារ​សុវត្ថិភាព​ក្នុង​ពិធី​នេះ បានផ្ដល់​សម្ភាស​ជាមួយ​សារព័ត៌មាន កាលពី​ថ្ងៃទី១៥ មករា កន្លងទៅ​ថា ការរៀបចំ​ផែនការ​ការពារ​សុវត្ថិភាព​ក្នុង​ពិធី​លើក​នេះ បាន​ដំណើរការ ជាង ១ឆ្នាំ​មកហើយ។

ខណៈដែល​លោក បៃ​ដិ​ន បាន​ប្រកាន់​ជំហរ​ថា នឹង​ប្រារព្ធ​ពិធី​ស្បថ​ចូល​ទទួល​តំណែង នៅក្នុង​ទីវាល​ស្រឡះ តាម​ទំនៀមទម្លាប់​ដែល​ធ្លាប់​ប្រតិបត្តិ តៗគ្នា​មក តែ​នឹងមាន​ការកាត់បន្ថយ​ចំនួន​អ្នកចូលរួម ឱ្យ​តិចជាង​ពេលកន្លងៗមក។

តើ​លោក​ត្រាំ នឹងចូលរួម​ពិធី​ដែរឬទេ?

ទោះ​វា​ជា​ទំនៀមទម្លាប់​ប្រតិបត្តិ ដែល​ប្រធានាធិបតី​ជិត​ផុតពី​តំណែង ត្រូវតែ​ចូលរួម​អបអរសាទរ​ប្រធានាធិបតី​ដែល​នឹង​ឡើង​គ្រង​តំណែង​បន្ត​អំពី​ខ្លួន ចូល​ស្បថ​ទទួល​តំណែង​ក៏ដោយ តែ​លើក​នេះ នឹង​ខុសប្លែក​ពី​សព្វដង ព្រោះ​លោក​ត្រាំ បានប្រកាស​រួចហើយ​ថា លោក​នឹងមិន​ចូលរួម​ធ្វើជា​សាក្សី​ក្នុង​ពិធី​នេះ​ទេ។

“ចម្លើយ​សម្រាប់​គ្រប់គ្នា​ដែល​បាន​សួរ​មក​គឺ ខ្ញុំ​នឹងមិន​ចូលរួម​ពិធី​ស្បថ​ចូល​ទទួល​តំណែង​ប្រធានាធិបតី​នៅ​ថ្ងៃទី២០ មករា​នោះទេ” លោក​ត្រាំ បានបញ្ជាក់​បែបនេះ នៅក្នុង​ប្រព័ន្ធ​ធ្វី​ត​ធើរ កាលពី​ថ្ងៃទី៨ មករា ដោយ​គេ​បាន​សន្និដ្ឋានថា ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​នោះ លោក​ត្រាំ នឹងធ្វើ​ដំណើរ​ត្រឡប់​ទៅ​គេហដ្ឋាន នៅឯ​រដ្ឋ​ហ្វ្ល​រី​ដា។

តើ​មេរោគ​កូ​វីដ-១៩ នឹង​ផ្លាស់ប្ដូរ​រូបរាង​ពិធី ក្នុងឆ្នាំនេះ​យ៉ាងណាខ្លះ?

បើ​ក្នុងអំឡុងពេល​ប្រក្រតី ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី នឹង​ណែនណាន់តាន់តាប់​ទៅដោយ​ប្រជាជន រាប់សែន​នាក់ ឬ​រាប់លាន​នាក់ ដែល​មក​ចូលរួម ធ្វើជា​សាក្សី​ក្នុង​ពិធី​ដ៏​សំខាន់​នេះ និង​បន្ទប់​ស្នាក់នៅ​របស់​សណ្ឋាគារផ្សេងៗ ក៏​នឹងត្រូវ​កក់​ទុក​មុន​ឡើង​ពេញ​អស់​ដែរ។ ឧទាហរណ៍ ដូចជា​ក្នុង​ពិធី​ស្បថ​ចូល​ទទួល​តំណែង​ប្រធានាធិបតី អាណត្តិ​ដំបូង​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា កាល​ឆ្នាំ2009 ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មាន​ពលរដ្ឋ​អាមេរិកាំង ទៅ​ចូលរួម​អបអរសាទរ ប្រហែលជា ២លាន​នាក់។

តែ​នៅ​ឆ្នាំនេះ ក្រុមការងារ​របស់លោក បៃ​ដិ​ន បាន​បញ្ជាក់ថា ការអបអរសាទរ នឹង​ដំណើរការ​ទៅ​យ៉ាង “មាន​កម្រិត​ខ្លាំងណាស់” ព្រមទាំង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អាមេរិកាំង ផ្អាក​ធ្វើដំណើរ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី ទៀតផង។ ក្រៅពីនេះ នៅមាន​ការ​ដោះ ជួរ​កៅអី ដែល​បំពាក់ ទុកឱ្យ​ប្រជាជន​អង្គុយ​ទស្សនា នៅតាម​ផ្លូវ​ដែល​ក្បួនព្យុហយាត្រា​អបអរសាទរ​ត្រូវធ្វើឡើង​នោះ ចេញ​ទៀតផង។

តែ​យ៉ាងណាក៏ដោយ សារព័ត៌មាន​វ៉ាស៊ីនតោន ផូ​ស្ត បាន​រាយការណ៍​ថា ពិធី​ក្នុងឆ្នាំនេះ នឹងមាន​ការរៀបចំ​ឱ្យ​អ្នកចូលរួម​ពិធី ប្រមាណ​ជា ២០០នាក់ អង្គុយ​ទស្សនា​នៅលើ​វេទិកា​ធំ ដោយ​ប្រើ​វិធានការ​រក្សា​គម្លាត​ពីគ្នា​ខាង​សង្គម និង​ទាំងអស់គ្នា នឹង​ត្រូវតែ​ពាក់​ម៉ាស់​អនាម័យ​ការពារ និង​ត្រូវ​ឆ្លងកាត់​ការត្រួត​ពិ​និត្យ ដែល​អះអាងថា មិនមាន​ឆ្លង​មេរោគ​កូ​វីដ-១៩ ក្នុងអំឡុងពេល ២-៣ថ្ងៃ មុន​ដល់​ថ្ងៃ​ធ្វើ​ពិធី​ទៀតផង។

លោក​បៃ​ដិ​ន ធ្លាប់បាន​បញ្ជាក់ប្រាប់ កាលពី​ខែមេសា ឆ្នាំ​កន្លងទៅ​ថា លោក​នឹងមិន​ពាក់​ម៉ាស់​អនាម័យ​ការពារ ក្នុងពេលដែល​ត្រូវ​ឡើង​ថ្លែង​ពាក្យសម្បថ​នោះទេ។

នៅ​ចុងបញ្ចប់​នៃ​ពិធី លោក​បៃ​ដិ​ន និង​ភរិយា លោកស្រី​ហ៊ែ​រី​ស និង​ស្វាមី នឹងត្រូវ​បានទទួល​ការ​អម​ការពារ ក្នុងការ​ធ្វើដំណើរ​ឆ្ពោះទៅកាន់​មន្ទីរ​សេត​វិមាន ដោយ​ក្បួន​កង​ទាហាន និង​វង់​តន្ត្រី​កិត្តិយស​របស់​បណ្ដា​កង​ទ័ពផ្សេង។

តើ​មាន​តារា​សម្ដែង និង​តារាចម្រៀង​ណាខ្លះ នឹងចូលរួម​សម្ដែង​នៅក្នុង​ពិធី​នេះ?

ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំកន្លងមក តែងតែមាន​ការសម្ដែង​របស់​សិល្បករល្បីៗជាច្រើន ចូលរួម​ក្នុង​ពិធី​ស្បថ​ចូល​ទទួល​តំណែង​ប្រធានាធិបតី​ថ្មី ហើយ​ទោះបីជា​ឆ្នាំនេះ មាន​បញ្ហា​ការឆ្លង​រាលដាល​របស់​ជំងឺ​កូ​វីដ-១៩ ក៏ដោយ តែ​ក៏​នៅមាន​ការរក្សា​ទុក​កម្ម​វិធី​កម្សាន្ត​នេះខ្លះៗដែរ។

សម្រាប់​ឆ្នាំនេះ ឡេ​ឌី កា​កា ដែលជា​អ្នកគាំទ្រ​ផ្កាប់មុខ​របស់លោក​ចូ បៃ​ដិ​ន គឺជា​តារាចម្រៀង ដែល​បានទទួល​ការជ្រើសរើស ឱ្យ​ឡើង​ច្រៀង​ចម្រៀង​ជាតិ ខណៈដែល ចេ​ន​នី​ហ្វ៊ើ​រ ឡូ​ប៉េ​ហ្ស នឹងចូលរួម​ច្រៀង​បទ​ចម្រៀង នៅក្នុង​ពិធី​ផងដែរ។

បន្ទាប់ពី​លោក បៃ​ដិ​ន ឡើង​ធ្វើ​ពិធី​ស្បថសច្ចា​ប្រណិធាន ចប់​រួចហើយ តារា​សម្ដែង​ហូលីវូដ​ល្បីឈ្មោះ ថម ហ៊ែ​ង​ស៍ នឹង​ទទួល​តួនាទី ធ្វើជា​ពិធីករ ក្នុង​កម្មវិធី​ពិសេស រយៈពេល​ប្រមាណ​ជា ៩០នាទី ជា​បន្ត ហើយ​នឹងមាន​តារាចម្រៀងល្បីៗជាច្រើន​ទៀត​ចូលរួម​សម្ដែង​ទៀតផង ដូចជា ច​ន បន់ ចូ​វី, ដេ​មី ឡូ​វ៉ា​តូ និង ចា​ស្ទី​ន ធី​ម​ប៊ើ​លេក ជាដើម៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន BBC

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.