​សហរដ្ឋអាមេរិក៖  ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ថ្លែង​សុន្ទរកថា​ចុងក្រោយ ក្នុងឋានៈ​មេដឹកនាំ​សហរដ្ឋអាមេរិក ថា ពេល​មួយ​រយៈពេល ៤ឆ្នាំ​កន្លងទៅ លោក “បានធ្វើ​នូវ​អ្វីដែល​ត្រូវធ្វើ​រួចហើយ” រួមទាំង​ការ​បាន​ក្លាយជា​មេដឹកនាំ​ដំបូង​គេ “ដែល​មិនបង្កើត​សង្គ្រាម​ថ្មី” និង “បន់ស្រន់” ឱ្យ​រដ្ឋាភិបាល​ឈុត​ថ្មី របស់លោក បៃ​ដិ​ន “សំណាងល្អ។

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​រាយការណ៍​ពី​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី១៩ មករា​ថា មន្ទីរ​សេត​វិមាន បាន​ផ្សព្វផ្សាយ​ឃ្លី​ប​វីដេអូ​ប្រវែង​ជិត ២០នាទី ជាការ​ថ្លែង លាចាក​ចេញពី​តំណែង​មេដឹកនាំ​សហរដ្ឋអាមេរិក របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែលមាន​ខ្លឹមសារ ១វគ្គ​ថា ក្នុង​សប្ដាហ៍​នេះ រដ្ឋបាល​វ៉ាស៊ីនតោន​ឈុត​ថ្មី នឹង​ចូល​ទទួល​តំណែង​ជា​ផ្លូវការ លោក​សូមឱ្យ​ប្រជាជន​អាមេរិកាំង “រួមគ្នា​អធិដ្ឋាន” សុំឱ្យ​ភាគី ១នោះ “សំណាងល្អ និង​ទទួលបាន​ជោគជ័យ” ក្នុងការ​ឃុំគ្រង​ការពារ និង​ថែរក្សា​ភាពរុងរឿង​របស់​សហ​រដ្ឋ​អាមេរិក​ឱ្យបាន​តទៅទៀត។

ខណៈពេល​ជាមួយគ្នា លោក​ត្រាំ បាន​ថ្លែងថា អាមេរិក មិនមែនជា​ប្រទេស​ដែល “កំសាក​ភ្នែក​ស” នោះទេ សភាវ​គ្រោះថ្នាក់​បំផុត​នៅពេលនេះ គឺ​ការបាត់បង់​ភាពជឿជាក់​លើ​ខ្លួនឯង និង​មោទនភាព​លើ​ភាព​អស្ចារ្យ​នៃ​ភាពជា​ប្រទេស​មហាអំណាច​មួយ។ មេដឹកនាំ​សហរដ្ឋអាមេរិក បាន​ថ្លែង​ទៀតថា ពេញ​មួយ​រយៈពេល ៤ឆ្នាំ​កន្លងមកនេះ លោក​ឈានចូល​ទៅកាន់​មន្ទីរ​សេត​វិមាន “ដើម្បី​ធ្វើ​នូវ​រឿង ដែល​ចាំបាច់​ត្រូវធ្វើ និង​ជាច្រើន​យ៉ាង​ទៀត” លោក​ត្រាំ បាន​ថ្លែងថា លោក​បាន​តស៊ូ​ប្រយុទ្ធ “ក្នុង​សមរភូមិ​ដែល​លំបាកលំបិន” តទល់​នឹង “ការតស៊ូ​ដ៏​ធ្ងន់ធ្ងរ​បំផុត” និង “ការសម្រេចចិត្ត​ដ៏​សែន​លំបាក​បំផុត។

ទាំងអស់នេះ លោក​ត្រាំ បាន​ពង្រីក​អត្ថន័យ​រឿងនេះ ដោយ​ការ​ថ្លែង​អំពី​នយោបាយ​សេដ្ឋកិច្ច នយោបាយ​មជ្ឈិមបូព៌ា “គោលជំហរ​ដ៏​រឹងមាំ” ចំពោះ​ប្រទេស​ចិន និង​លើកតម្កើង​ចំពោះ​ការដែល​ខ្លួនឯង គឺជា​ប្រធានាធិបតី​ដំបូង​គេ​របស់​សហរដ្ឋអាមេរិក “ដែល​មិន​ធ្លាប់​ដឹកនាំ​ប្រទេស​ឆ្ពោះទៅរក​សង្គ្រាម” ដោយ​ក្នុងអំឡុងពេល​ចុងក្រោយ​នៃ​អាណត្តិ លោក​ត្រាំ បាន​បញ្ជា​ឱ្យ​ក្រសួងការពារជាតិ កាត់បន្ថយ​ចំនួន​ទាហាន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ អា​ហ្វ​ហ្គា​នី​ស្ថាន និង​សូ​ម៉ាលី។

មានរឿង​មួយ ដែល​គួរឱ្យ​សង្កេត​ដែរនោះ​គឺ លោក​ត្រាំ នៅតែ​មិន​និយាយ​ឈ្មោះ របស់លោក​ចូ បៃ​ដិ​ន អនាគត​មេដឹកនាំ​សហរដ្ឋអាមេរិក​ថ្មី និង​មិន​ថ្លែង​សម្ដែង​ការអបអរសាទរ​ជាមួយ​ភាគី​នោះឡើយ។ លោក​ត្រាំ មានកំណត់​ធ្វើដំណើរ​ទៅ​អាកាសយានដ្ឋាន ក្នុង​មូលដ្ឋានទ័ព​រួម អ៊ែន​ឌ្រូ​ស៍ ក្នុង​រដ្ឋ​ម៉ា​រី​លែ​ន​ដ៍ ក្នុងអំឡុង​ពេលព្រឹក​ថ្ងៃ​ពុធ ទី២០ នេះ ដើម្បី​ឆ្ពោះទៅកាន់​រដ្ឋ​ហ្វ្ល​រី​ដា(ស្រុកកំណើត) និង​មាន​របាយការណ៍​ថា លោក​អនុ​ប្រធានាធិបតី លោក ម៉ៃ​ក៍ ផេ​នស៍ នឹងមិន​ទៅ​ចូលរួម​ជូន​ដំណើរ​មេដឹកនាំ​សហរដ្ឋអាមេរិក​រូបនេះ​ទេ “ដោយសារ​មូលហេតុ​ខាង​តិច​និក” តែ​អនុ​ប្រធានាធិបតី​រូបនេះ នឹង​ទៅ​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក ចូ បៃ​ដិ​ន រួចហើយ​ទើប​ធ្វើដំណើរ​ត្រឡប់​ទៅ​ស្រុកកំណើត នៅ​រដ្ឋ​អ៊ី​ន​ឌៀ​ណា៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.