កំពត៖  ព្រឹក​ថ្ងៃទី ២០ខែមករា ឆ្នាំ ២០២១ រដ្ឋបាល​ខេត្តកំពត​បា​ន​បើក​កិច្ចប្រជុំ ឆ្លង​គណៈកម្មាធិការ​រៀប​ចំ​ដែនដី​នគររូបនីយកម្ម ដើម្បី​ពិនិត្យ​ប្លង់​សុរិយោដី​នៃ​ការចុះបញ្ជី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុងការ​កំណត់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹក ស្ថិតក្នុង​ឃុំ​ចំនួន​ពីរ​នៃ​ស្រុក​បន្ទាយមាស គឺ​នៅ​ក្នុងភូមិ​ច្រក​ឃ្លៃ  ឃុំ​ទូក​មាស​ខាងលិច និង​ភូមិ​អង្គ​ម្លី ក្នុង​ឃុំ​ទូក​មាស​ខាងកើត​ស្រុក​បន្ទាយមាស។កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី មន្ទីរជំនាញ​និង​អង្គភាព អាជ្ញាធរ​ឃុំ​ស្រុក​ពាក់ព័ន្ធ។

ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណ:កម្ម​ការ​សុរិយោដី​ខេត្ត​បាន​មានប្រសាសន៍ ផ្ដោតជាសំខាន់ ពិភាក្សា​ទៅលើ​បញ្ហា​ការកំណត់ ទំហំ ការ​កាត់​ចំណី​ប្រព័ន្ធ​ផ្លូវ ប្រឡាយទឹក ទំនប់ទឹក អូរ ព្រែក ស្ទឹង បឹង​សាធារណៈ នៅមុន​ដំណាក់កាល​នៃ​កិច្ចដំណើរការ​បិទ​ផ្សាយ​ជា​សាធារណៈ​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដើម្បី​កំណត់​គោលដៅ​ឲ្យ​បានច្បាស់លាស់ សម្រាប់​ជា​ចក្ខុវិស័យ នៃ​ការអភិវឌ្ឍន៍ ស្របទៅនឹង​ភាព​រីកចម្រើន​របស់​ប្រទេសជាតិ ដើម្បី​ជៀសវាង ពី​ផលប៉ះពាល់​ដល់​ផលប្រយោជន៍​សាធារណៈ​រួម​នឹង​ការបម្រើ​ឱ្យបាន​សមស្រប​នូវ​តម្រូវការ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន នៅពេល​ខាងមុខ។

សូមបញ្ជាក់ថា ការកំណត់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​វិនិច្ឆ័យ​ដែល​ដាក់​ឆ្លង​កិច្ចប្រជុំ​ពេលនេះ គឺ​នៅ​ក្នុងភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច មាន​ប្រព័ន្ធ​ផ្លូវ​ទំហំ​តូច ធំ ចំនួន២១ ខ្សែ ប្រឡាយទឹក​ចំនួន៤ខ្សែ និង​ចំណី​ព្រែក​ទំនប់ទឹក និង​អូរ មាន​ចំនួន៣កន្លែង ដោយឡែក នៅ​ភូមិ​អង្គ​ម្លី ឃុំ​ទូក​មាស​ខាងកើត មាន​ប្រភេទ​ផ្លូវ​តូចធំ​សរុប​ចំនួន៧ ច្រក​ផ្លូវ​ទំហំ​ចាប់ពី២ ម៉ែត្រ​ដល់៥ម៉ែត្រ មាន​ចំនួន២០ខ្សែ ប្រឡាយ​មេ និង​រង​មាន​ចំនួន ៧ខ្ស៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.