កូ​វីដ​ក្លាយ​ពូជ៖ អង្គការ​សុខភាព​ពិភពលោក ឬ WHO បាន​អះអាងថា បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ក្លាយ​ពូជ មកពី​ប្រទេស​អង់គ្លេស ក្នុង​យ៉ាងតិចណាស់ ៦០ប្រទេស​ហើយ ទូទាំង​ពិភពលោក ដោយ​មេរោគ​នេះ​បាន​ចម្លង​សាយភាយ​ទៅកាន់ ១០ប្រទេស ក្នុង​រយៈពេល​ត្រឹមតែ ១សប្ដាហ៍​កន្លងមកថ្មីៗនេះ​ប៉ុណ្ណោះ។

វីរុស​ក្លាយ​ពូជ ដែល​ចម្លង​សាយភាយ បាន​យ៉ាង​ឆាប់រហ័ស​ជាង​មុន ដល់​ទៅ ៧០%នោះ កំពុង​សាង​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ដល់​ពិភពលោក ក្នុងខណៈដែល​គ្រប់​ប្រទេស បាននិងកំពុង​ព្យាយាម​រិះរក​វិធី​កាត់បន្ថយ​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​ឱ្យបាន រហូត​ទាល់តែ វ៉ាក់សាំង នឹងមាន​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​យ៉ាង​ទូលំទូលាយ។

ខណៈពេល​ជាមួយគ្នា កូ​វីដ-១៩ ពូជ “អាហ្វ្រិក​ខាងត្បូង” ដែល​គេ​សន្និដ្ឋានថា នឹង​ចម្លង​រាលដាល​បាន​លឿន​ជាង​វីរុស​ពូជ​អង់គ្លេស​ទៅទៀត​នោះ ក៏​កំពុងតែ​ត្រូវបាន​រកឃើញថា មាន​អ្នកជំងឺ​ដែល​ឆ្លង​មេរោគ​មួយ​នេះ រួចហើយ​នៅក្នុង ២៣ប្រទេស។

របាយការណ៍​របស់ WHO បាន​បញ្ជាក់ថា ចំនួន​អ្នកជំងឺ​ដែល​ស្លាប់​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ៩៣ ០០០នាក់ ក្នុងអំឡុងពេល ៧ថ្ងៃ​កន្លងមកនេះ និង​រកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី ច្រើន​ដល់​ទៅ ៤,៧លាន​នាក់ ក្នុង​រយៈពេល​ដូចគ្នានេះ។

គ្រោង​ការចាក់​វ៉ាក់សាំង​បន្ទាន់ នៅក្នុង​សហរដ្ឋអាមេរិក និង​អឺរ៉ុប បាន​ជួយ​ឱ្យ​ពិភពលោក មាន​ក្ដីសង្ឃឹម​រឹតតែ​ខ្លាំង​ឡើង ក្នុងការ​យកឈ្នះ​មេរោគ​កូ​វីដ-១៩ ដោយ​សភាព​អឺរ៉ុប(EU) បានប្រកាស កាលពី​ថ្ងៃ​អង្គារ ទី១៩ មករា ថា មាន​ផែន​ការចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ វ័យចាស់​ជរា ប្រមាណ​ជា ៧០% ក្នុងអំឡុង​ដំណាច់​ខែសីហា។

តែ​យ៉ាងណាក្ដី ប្រទេស​ជាច្រើន​នៅក្នុង EU  រួមទាំង​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​ខ្លាំង ដូចជា​រុស្ស៊ី និង​ឥណ្ឌា​ជាដើម នៅតែ​កំពុង​ប្រឈម​នឹង​ឧបសគ្គ ក្នុងការ​ចែកចាយ​វ៉ាក់សាំង​ឱ្យបាន​ឆាប់រហ័ស និង​ទូលំទូលាយ។

សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេសមួយ ដែលមាន​អ្នក​ឆ្លង​មេរោគ​សរុប និង​ស្លាប់​ច្រើន​ជាប់​លំដាប់​លេខ១ លើ​ពិភពលោក​ដដែល ហើយ​អនាគត​មេដឹកនាំ​ថ្មី លោក ចូ បៃ​ដិ​ន ក៏បាន​ប្រកាស​យ៉ាងច្បាស់​លាស់​រួចហើយ​ថា ការប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ-១៩ នឹង​ក្លាយជា​ភារកិច្ច​សំខាន់​មុនគេ របស់​រដ្ឋាភិបាល បន្ទាប់ពី​លោក ចូល​ទទួល​តំណែង​ប្រធានាធិបតី​នៅ​ថ្ងៃ ទី២០ មករា រួចហើយ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.