អាមេរិច៖  លោក​ត្រាំ បានបញ្ចប់​អាណត្តិ​របស់ខ្លួន មុន​ចាក​ចេញពី​មន្ទីរ​សេត​វិមាន ដោយ​ការចុះហត្ថលេខា​លើ​បញ្ជា​អភ័យទោស​ឱ្យ​អតីត​ទីប្រឹក្សា​ជើងចាស់ និង​បុគ្គល​ដទៃទៀត ជាង ៧០នាក់ ខណៈដែល​អ្នកជំនាញកា​រ បានចង្អុលបង្ហាញ​ថា រដ្ឋធម្មនុញ្ញ បាន​បើកផ្លូវ​ឱ្យ​ប្រធានាធិបតី អាច​អភ័យទោស​ឱ្យ​ខ្លួនឯងបាន ដោយ​មិនចាំបាច់​ប្រាប់​ទៅ​សភា ឬ​ប្រជាជន និង​ក្រៅពីនោះ នៅមាន​ព័ត៌មាន​ថា លោក​ត្រាំ​អាច​នឹង​បង្កើត​គណបក្សនយោបាយ​របស់​ខ្លួនឯង ដោយ​អាច​នឹងដាក់​ឈ្មោះថា “ភែ​ត​ធ្រី​អត(Patriot)” ទៀតផង។

លោក ស្ទី​ហ្វ ប៊ែ​ន​ណន អតីត​ទីប្រឹក្សា​ជើងចាស់ ជាម​នុស្ស ដែល​លោក ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​អភ័យទោស​ឱ្យ កាលពី​ថ្ងៃ​អង្គារ(ទី១៩មករា) ឬ ១ថ្ងៃមុន​ផុតពី​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក រួមទាំង​អស់ ៧៣នាក់ ដោយមាន​ទាំង​លោក អេ​លលៀត ប្រ៊​យ​ឌី អតីត​អ្នក​ប្រមូលផ្ដុំ​ថវិកា​ខាង​នយោបាយ​ឱ្យ​លោក​ត្រាំ ដែល​ព្រម​ទទួលស្គាល់​កំហុស​ថា បាន​សម្របសម្រួល​ដោយ​ខុសច្បាប់ ឱ្យ​សហរដ្ឋអាមេរិក បញ្ឈប់​ការស៊ើបអង្កេត​រឿងអាស្រូវ របស់​មូលនិធិ 1MDB របស់​ប្រទេស​ម៉ាឡេស៊ី និង​ការ​និរទេស​មហាសេដ្ឋី​ចិន ដែល​ត្រូវ​បណ្ដេញ​ពី​ប្រទេស​ទៀតផង។

តារា​រ៉េ​ប​ពើ​រ៍ ល្បីឈ្មោះ ២នាក់ លោក លី​ល វេន និង កូ​ដាក់ ប្ល៊ែ​ក ដែលមាន​កំហុស​ពាក់ព័ន្ធ​នឹង​អាវុធជាតិផ្ទុះ និង​លោក ខ្វា​មី ឃី​ល​ផា​ធ្រិ​ក អតីត​អភិបាលក្រុង​ឌី​ត្រ​យ ដែល​ត្រូវ​ជាប់ពន្ធនាគារ ២៨ឆ្នាំ ក្នុង​រឿងក្ដី​ពុករលួយ ក៏​ជា​ផ្នែក​មួយ​នៅក្នុង​ក្រុម​អ្នក​ដែល​បានទទួល​ការ​អភ័យទោស កាលពី​ថ្ងៃ​អង្គា​រដែរ ក្រៅពីនោះ នៅមាន ៧០នាក់​ទៀត ដែល​លោក​ត្រាំ​បាន​ចុះហត្ថលេខា បន្ធូរ​បន្ថយទោស​ឱ្យ។

ស្ថាប័ន Noah Book Binder From the Citizens for Responsibility and Ethics ក្នុង​ទីក្រុង​វ៉ាស៊ីនតោន បាន​រិះគន់ថា សូម្បីតែ​លោក រី​ឆាដ និក​សុន អតីត​ប្រធានាធិបតី ទី៣៧ នៃ​សហរដ្ឋអាមេរិក ក៏​មិន​អភ័យទោស​ឱ្យ​បក្ខពួក​ច្រើន​ដូច​លោក​ត្រាំ​ដែរ។

ទោះជា​បានដឹងហើយថា លោក​ត្រាំ មិន​ព្យាយាម​អភ័យទោស​ឱ្យ​ខ្លួនឯង ឬ​ក្រុមគ្រួសារ រួមទាំង​លោក រូ​ឌី ជូ​លៀ​នី អតីត​មេធាវី​ផ្ទាល់ខ្លួន​ក៏ដោយ តែ​អយ្យការ និង​អ្នកជំនាញការ​ជាច្រើន​នាក់ បានដាក់​ការសង្កេត​ថា នៅក្នុង​រដ្ឋធម្មនុញ្ញ មាន​ខ្លឹមសារ​ដែល​មិន​ច្បាស់លាស់​មួយ ដែល​ចង្អុល​បង្ហាញថា ប្រធានាធិបតី អាច​អភ័យទោស​ឱ្យ​ខ្លួនឯង “បែប​សម្ងាត់” បាន ដោយ​មិនចាំបាច់​ជូនដំណឹង​ទៅ​រដ្ឋសភា ឬ​ប្រជាជន​ឡើយ។

ក្រៅពីនោះ សារព័ត៌មាន វ៉​ល​ស្ទ្រី​ត ហ្សួ​រណាល់ នៅបាន​រាយការណ៍ ដោយ​អាង​លើ​ការ​បង្ហើប​ឱ្យដឹង​របស់​អ្នកជំនួយការ​ជាច្រើន​នាក់ របស់លោក​ត្រាំ​ថា លោក​ត្រាំ អាច​នឹង​បង្កើត​គណបក្សនយោបាយ​ថ្មី​មួយ ដោយ​ដាក់ឈ្មោះថា ភែ​ត​ធ្រី​អត ទៀតផង។

អ្នកតាមដាន​រឿងរ៉ាវ​របស់លោក​ត្រាំ បាន​ប្រមើល​មើលថា ក្រោយ​ផុតពី​តំណែង លោក​ត្រាំ​អាច​នឹងត្រូវ​ប្រឈម​នឹង​ការស៊ើបអង្កេត​រឿងក្ដី​ជាច្រើន ពាក់ព័ន្ធ​នឹង​ធុរកិច្ច និង​អាច​ត្រូវ​ប្ដឹងផ្ដល់ ពី​ការ​ដំណើរការ​ការងារ ខណៈ​គ្រង​តំណែង​ជា​ប្រធានាធិបតី ដែល​រួមទាំង​ការព្យាយាម​ក្នុងការ​ផ្លាស់ប្ដូរ​លទ្ធផល​ការបោះឆ្នោត និង​ការ​ពន្យុះ​ញុះញង់ អ្នកគាំទ្រ​ឱ្យ​វាយប្រហារ​អគារ​រដ្ឋសភា កាលពី​ដើមខែ ដែល​ធ្វើឱ្យ​សភាតំណាងរាស្ត្រ បោះឆ្នោត​លោក​ដក​ចេញពី​តំណែង ដែល​បើសិនជា​ព្រឹទ្ធសភា បានទទួល​សំណុំរឿង​នេះហើយ និង​សម្រេច​ថា មាន​កំហុស​ពិតមែន​នោះ លោក​ត្រាំ​នឹង​មិនអាច​ឈរឈ្មោះ​បោះឆ្នោត​ក្នុង​ឆ្នាំ២០២៤ បាន​ដូច​ការតាំង​ចិត្ត​នោះឡើយ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.