សហរដ្ឋអាមេរិក៖ ថ្ងៃទី២០ មករា ទីភ្នាក់ងារ​ព័ត៌មាន BBC បាន​រាយការណ៍​ពី ពិធី​ស្បថសច្ចា​ប្រណិធាន ចូល​ទទួល​តំណែង​របស់លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​ទី៤៦ និង​លោកស្រី​កា​ម៉ា​ឡា ហ៊ែរ​រី​ស អនុ​ប្រធានាធិបតី របស់​សហរដ្ឋអាមេរិក នៅ​បរិវេណ​ខាងក្រៅ​វិមាន US Capitol ឬ​អគារ​រដ្ឋសភា ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី នៅវេលា​ថ្ងៃត្រង់ តាម​ម៉ោង​នៅក្នុង​ប្រទេស​អាមេរិក(ត្រូវ​នឹង​ម៉ោង ០០.០០នាទី នៃ​ថ្ងៃទី២១ មករា ម៉ោង​នៅ​ប្រទេស​កម្ពុជា)។

ក្រោម​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព យ៉ាង​ម៉ឺងម៉ាត់​ជាពិសេស ដោយ​ទាហាន​ចំនួន ២៥ ០០០នាក់ ខណៈដែល​អ្នកចូលរួម​ធ្វើជា​សាក្សី មាន​ចំនួន​តិចជាង​កាលពី​ច្រើន​ឆ្នាំ​កន្លងទៅ ដោយសារតែ​ការឆ្លង​រាលដាល​របស់​កូ​វីដ-១៩។

ភ្ញៀវកិត្តិយស​ដែល​ចូលរួម​ពិធី រួមមាន​បណ្ដា​អតីត​ប្រធានាធិបតី និង​សុភាព​ស្ត្រី​ទី១ នៃ​សហរដ្ឋអាមេរិក ដូចជា លោក ប៊ី​ល-លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន, លោក បា​រ៉ា​ក់-លោកស្រី មី​ឈែល អូ​បា​ម៉ា និង​លោក ច​ច-លោកស្រី ឡូ​រ៉ា ប៊ូ​ស។

ក្រៅពីនេះ នៅមាន​លោក ម៉ៃ​ក៍ ផេ​នស៍ អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​កំពុងតែ​ជិត​ផុត​អាណត្តិ ក៏​បានមក​ចូលរួម​ពិធី​នេះ ជំនួស​ការចូលរួម​ពិធី​លាចាក​ចេញពី​តំណែង​របស់លោក​ប្រធានាធិបតី​ត្រាំ នៅឯ​មូលដ្ឋានទ័ព អ៊ែន​ឌ្រូ​វ៍ រដ្ឋ​ម៉ា​រី​លែ​ន​ដ៍ ដែល​នៅពេលនេះ​កំពុងស្ថិត​ក្នុងការ​ធ្វើដំណើ​រ​ត្រឡប់​ទៅ​គេហដ្ឋាន នៅឯ​រដ្ឋ​ហ្វ្ល​រី​ដា ផងដែរ។

នៅក្នុង​ពិធី​នោះ លោកស្រី ហ៊ែរ​រី​ស បាន​ឡើង​ថ្លែង​ស្បថសច្ចា​ប្រណិធាន​មុនគេ ក្នុងឋានៈ​អនុ​ប្រធានាធិបតី​ស្រី​សែស្រឡាយ​អាហ្វ្រិក-អាមេរិក​ដំបូង​គេ​របស់​សហរដ្ឋអាមេរិក នៅ​ចំពោះមុខ​លោកស្រី សន​យ៉ា ស្តូ​មេ​យ័រ តុលាការ​កំពូល អ្នក​សាង​ប្រវត្តិសាស្ត្រ ក្នុងឋានៈ​ជា​តុលាការ​កំពូល​ដំបូង​គេ របស់​សហរដ្ឋអាមេរិក ដែលជា​ជនជាតិ​ឡាទីន​អាមេរិកាំង កាលពី​ឆ្នាំ2008។

បន្ទាប់មក លោក បៃ​ដិ​ន បាន​ឡើង​ថ្លែង​ស្បថ នៅ​ចំពោះមុខ​លោក ច​ន រ៉ូ​ប៊ើ​ត ប្រធាន​តុលាការ​កំពូល នៃ​សហរដ្ឋអាមេរិក និង​ថ្លែង​សុន្ទរកថា ជា​លើកដំបូង ក្នុងឋានៈ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថា៖

“នេះ​គឺជា​ថ្ងៃ​របស់​អាមេរិក នេះ​គឺជា​ថ្ងៃ​របស់​ប្រជាធិបតេយ្យ ថ្ងៃ​នៃ​ប្រវត្តិសាស្ត្រ និង​ក្ដីសង្ឃឹម…អាមេរិក​ត្រូវបាន​សាកល្បង និង​ឈានចូល​ទៅកាន់​ភាព​ប្រ

ឈម​តាមរយៈ​ការដុត​រំលាយ អស់​ជាច្រើន​យុគ ច្រើន​សម័យ​មកហើយ ថ្ងៃនេះ យើង​អបអរសាទរ​ជ័យជម្នះ ដែល​មិនមែនជា​របស់​បេក្ខជន ដែល​ទទួលបាន​ការជ្រើសតាំង​ជា​ប្រធានាធិបតី​នោះទេ តែ​ជាការ​ការអបអរសាទ​រ លទ្ធផល​នៃ​ប្រជាធិបតេយ្យ”

លោក​ប្រធានាធិបតី បៃ​ដិ​ន បាន​ថ្លែង​អំពី​ហេតុការណ៍​ចលាចល​នៅ​អគារ​រដ្ឋសភា ថា “យើង​បាន​រៀន​យល់ដឹង​ម្ដង​ទៀតថា ប្រជាធិបតេយ្យ​មានតម្លៃ ប្រជាធិបតេយ្យ​ផុយស្រួយ និង​ពេលនេះ បណ្ដា​មិត្តភក្តិ​របស់ខ្ញុំ និង​ប្រជាធិបតេយ្យ មានជ័យ​ជម្នះ​ហើយ”

“ពេលនេះ លើ​ដែនដី​ស័ក្តិសិទ្ធិ​មួយ​នេះ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ អំពើហិង្សា បាន​ព្យាយាម​ធ្វើឱ្យរញ្ជួយ​ឫសគល់​សំខាន់​របស់​អង្គភាព​រដ្ឋ អី​លូវ យើង​មក​រួមគ្នា​ជា​ប្រជាជាតិ​តែមួយ ក្រោម​ព្រះ​ជា​ម្ចាស់ និង​មិនអាច​បំបែក​បាន ដើម្បី​ផ្ទេរអំណាច​យ៉ាង​សន្តិភាព ដូចដែល​យើង​មានមក​យូរ​ជាង ២០០ឆ្នាំ​ហើយ”

លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ថែមទាំង​បាន​ថ្លែងអំណរគុណ ដល់​អតីត​ប្រធានាធិបតី មកពី​គណបក្ស​ដេ​ម៉ូ​ក្រេ​ត និង​រី​ផា​ប្ល៊ី​កាន់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នៅថ្ងៃនេះ និង​បាន​ថ្លែងថា លោក​បាន​ជជែក​ជាមួយ លោក​អតីត​ប្រធានាធិបតី ជី​មមី ខា​ធើរ វ័យ ៩៦ឆ្នាំ តាម​ទូរស័ព្ទ និង​បាន​សម្ដែង​ការគោរព​ដែល​លោក​បានធ្វើការ​ដើម្បី​ប្រទេសជាតិ រហូត​ពេញ​មួយជីវិត។

លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​ថ្លែង​អំពី​លោកស្រី​អនុ​ប្រធានាធិបតី ហ៊ែរ​រី​ស ថា “នៅទីនេះ កាលពី ១០៨ឆ្នាំមុន បាតុករ​ជាច្រើន​ពាន់​នាក់ បាន​ព្យាយាម​រារាំង​ស្ត្រី​ក្លាហាន​ដែល​បាន​ដើរ​ក្បួន ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត ថ្ងៃនេះ យើង​រាប់​ថា ជាការ​ស្បថ របស់​ស្ត្រី​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ដែល​បានទទួល​ការជ្រើសតាំង ឱ្យ​គ្រង​តំណែង​អនុ​ប្រធានាធិបតី សុភាព​ស្ត្រី​នោះ​គឺ កា​ម៉ា​ឡា ហ៊ែរ​រី​ស…ដូច្នេះ កុំ​ប្រាប់​ខ្ញុំ​ថា មិនមាន​អ្វី​អាច​ផ្លាស់ប្ដូរ​បានឱ្យ​សោះ”

សម្រាប់​ភាព​សាកល្បង​ដែល​រដ្ឋាភិបាល​ថ្មី​ត្រូវ​ទប់ទល់ ដែល​រួមមាន​ការឆ្លង​រាលដាល​ដ៏​ធំ​របស់​មេរោគ​កូ​វីដ-១៩ និង​ផ្នត់គំនិត​ជាតិនិយម​ស្បែ​កស ដែល​កំពុង​កើនឡើង​នោះ លោក​ប្រធានាធិបតី បៃ​ដិ​ន បាន​ថ្លែងថា លោក​នឹង​ប្រឈមមុខ ហើយនឹង​យកឈ្នះ​ឧបសគ្គនីមួយៗឱ្យបាន ព្រមទាំង​ស្ដារចិត្ត​វិញ្ញាណ​នៃ​អនាគត​អាមេរិកាំង តែ​ត្រូវការ​ការអនុវត្ត ច្រើនជាង​ពាក្យសម្ដី…សាមគ្គីភាព គឺជា​អ្វីដែល​យើង​ត្រូវការ និង​ពិបាក​យល់ដឹង​បំផុត ក្នុង​របប​ប្រជាធិបតេយ្យ។

លោក​ប្រធានាធិបតី បៃ​ដិ​ន បានបញ្ចប់​ការ​ថ្លែង​ប្រាស្រ័យ ក្នុង​ចំណុច​ការ​សាមគ្គី​របស់​ជនជាតិ​អាមេរិកាំង​ថា “ដូច្នេះ ដោយ​គោលបំណង និង​ការតាំង​ចិត្ត ទើប​យើង​ត្រូវ​ងាក​មក​ទទួលខុសត្រូវ​ភារកិច្ច​ទាំងអស់​ដើម្បី​ប្រទេសជាតិ ក្នុងពេល​វេលា​របស់​យើង”

បន្ទាប់ពីនោះ លោក​ក៏​ស្នើសុំ ឱ្យ​អ្នកចូលរួម​ពិធី​ទាំងអស់ ស្មឹង​ស្មា​ធ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដែល​បាន​ស្លាប់​ដោយសារ​កូ​វីដ-១៩៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន BBC

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.