​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន នៃ​សហរដ្ឋអាមេរិក បាន​បង្ហើប​ប្រាប់ថា លោក​បានទទួល “សំបុត្រ​សម្ដែង​ភាព​មាន​ទឹកចិត្ត​ដ៏​ល្អ​អស្ចារ្យ” ដែល​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សរសេរ​ទុកឱ្យ​លោក មុននឹង​រើ​អីវ៉ែអីវ៉ាន់ និង​ក្រុមគ្រួសារ ចេញពី​មន្ទីរ​សេត​វិមាន។

លោក​បៃ​ដិ​ន ដែល​បាន​ចុះហត្ថលេខា​លើ​បញ្ជា​គ្រប់គ្រង(Executive Orders) អស់​ជាច្រើន​ច្បាប់ ក្នុង​ថ្ងៃ​ដំបូង នៃ​ការ​កាន់តំណែង​មេដឹកនាំ​សហរដ្ឋអាមេរិក បាន​ប្រាប់​ទៅ​អ្នកសារព័ត៌មាន​ថា លោក​សុំ​មិនទាន់​បង្ហើប​ប្រាប់ អំពី​ខ្លឹមសារ​នៅក្នុង​សំបុត្រ​នោះ នៅពេលនេះ​ទេ ដើម្បី​ទុកជា​កិត្តិយស​ជូន​លោក​ត្រាំ។

“លោក​ប្រធានាធិបតី​ត្រាំ បាន​សរសេរ​សំបុត្រ ដែល​បង្ហាញ​ពី​ទឹកចិត្ត​មេត្រី​ដ៏​អស្ចារ្យ” លោក​បៃ​ដិ​ន បញ្ជាក់ទៀតថា “និង​ដោយសារតែ​វា ជា​សំបុត្រ​ផ្ទាល់ខ្លួន ទើប​ខ្ញុំ​សុំ​មិន​រៀបរាប់​អំពី​ខ្លឹមសារ រហូត​ទាល់តែ​បាន​ជជែក​និយាយ​ជាមួយ​លោក​មុន​សិន តែ​សូម​ប្រាប់ថា មានទឹក​ចិត្តល្អ​ណាស់”

អតីត​ជំនួយការ​ជើងចាស់​របស់លោក​ត្រាំ ម្នាក់ បាន​បង្ហើប​ប្រាប់ CNN ថា សំបុត្រ ១ច្បាប់​នោះ ជា “សំណេរ​ផ្ទាល់ខ្លួន” ដែល​លោក​ត្រាំ ជូនពរ​ឱ្យ​សហរដ្ឋអាមេរិក ទទួលបាន​ជោគជ័យ និង​សូមឱ្យ​រដ្ឋាភិបាល​ឈុត​ថ្មី មើលថែទាំ​ប្រទេសជាតិ​ឱ្យបាន​ល្អ ដោយ​ការសរសេរ​សំបុត្រ ជូន​លោក​បៃ​ដិ​ន នេះ ជាការ​បំពេញភារកិច្ចចុងក្រោយៗ ដែល​លោក​ត្រាំ​បានធ្វើ នៅក្នុង​រាត្រី​ថ្ងៃ​អង្គារ(ទី១៩មករា) មុននឹង​ចាកចេញ​ពី​សេត​វិមាន។

ទាំងអស់នេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​ជិត​ចាក​ចេញពី​តំណែង តែងមាន​ទម្លាប់​ក្នុងការ​សរសេរ​សំបុត្រ ជូនទៅ​អ្នក​ដែល​នឹង​ចូលមក​ទទួល​តួនាទី​បន្ត​ពី​ខ្លួន ដោយ​នឹងដាក់​ទុកចោល​នៅលើ​តុ “Resolute Desk” នៅក្នុង​បន្ទប់ធ្វើការ​រាង​ពងក្រពើ(បន្ទប់ធ្វើការ​របស់​ប្រធានាធិបតី)។

ប្រភពព័ត៌មាន​ម្នាក់ បាន​បញ្ជាក់ថា សូម្បីតែ​ជំនួយការ​ភាគច្រើន​របស់លោក​ត្រាំ ក៏​គ្មាន​ឱកាស​បានដឹង​ពី​ខ្លឹមសារ​ក្នុង​សំបុត្រ ១ច្បាប់​នោះដែរ។

លោកស្រី ចេ​ន សា​គី លេខាធិការ​ផ្នែក​ព័ត៌មាន​របស់​មន្ទីរ​សេត​វិមាន បាន​បដិសេធ​ក្នុងការ​ថ្លែង​អំពី​ខ្លឹមសារ​នៅក្នុង​សំបុត្រ របស់លោក​ត្រាំ ដោយ​អាង​ហេតុផល​របស់លោក​បៃ​ដិ​ន ដែលថា “វា​ជា​សំបុត្រ​ផ្ទាល់ខ្លួន ដូចដែល​លោក​បាន​ប្រាប់​ឱ្យអស់​លោក បានដឹង​រួចហើយ វា​មាន​ខ្លឹមសារ​ដែល​បង្ហាញ​ពី​ទឹកចិត្ត​ដ៏​ល្អ ហើយ​លោក​ប្រធានាធិបតី នៅ​មិនទាន់មាន​ផែនការ ក្នុង​ការយក​វា​ចេញមក​ផ្សព្វផ្សាយ​នៅឡើយ”

ទោះជា​ការធ្វើ​បែបនេះ ជាការ​ធ្វើតាម​ទំនៀមទម្លាប់​មែន តែ​វា​បានក្លាយ​រឿង​ដែល​គួរឱ្យ​ចម្លែក​ចិត្តខ្លាំង​គួរសម ដោយសារតែ​លោក​ត្រាំ បានធ្វើ​ព្រងើយកន្តើយ​ក្នុងការ​ផ្ទេរ-ប្រគល់​អំណាច​យ៉ាង​សន្តិភាព​រហូតមក និង​វា​ក៏បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ដែរ​ថា លោក​ត្រាំ ប្រហែលជា​ត្រូវការ​សាង​បរិយាកាស បែប​ដូចគ្នា​នឹង​អ្វី ដែល​លោក​ធ្លាប់បាន​ជួប កាលពី​ឆ្នាំ2017 ខណៈដែល​បានទទួល​សំបុត្រ​ផ្ទាល់ខ្លួន ពី​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ដែរ។

គេ​នាំគ្នា​និយាយថា លោក​ត្រាំ បាន​រំភើបចិត្ត ចំពោះ​សំបុត្រ​របស់លោក អូ​បា​ម៉ា ខ្លាំងណាស់ រហូតដល់​ព្យាយាម​ចុច​ទូរស័ព្ទ​ទៅកាន់​អតីត​មេដឹកនាំ​សហរដ្ឋអាមេរិក​រូបនោះ ភ្លាមៗតែម្ដង បន្ទាប់ពី​បាន​អានសំបុត្រ ១ច្បាប់​នោះ នៅ​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង តែ​ពេលនោះ លោក​អូ​បា​ម៉ា កំពុងស្ថិត​នៅក្នុង​យន្តហោះ ដើម្បី​ធ្វើដំណើរ​ត្រឡប់​ទៅ​ទីក្រុង ផាម​ស្ព្រី​ង​ស៍ ទើប​មិន​បានទទួល​ទូរស័ព្ទ​របស់លោក​ត្រាំ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន CNN

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.