​ប្រទេស​ចិន៖ ស្ថានការណ៍​ឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ-១៩ នៅក្នុង​ប្រទេស​ចិន​ចុងក្រោយ​បំផុត តាម​របាយការណ៍​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ បានឱ្យដឹងថា អង្គភាព​សុខភាព​សាធារណៈ​បាន​បង្ហើប​ឱ្យដឹង​កាលពី​ថ្ងៃ​ពុធ ទី20 ថា ប្រទេស​ចិន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ឬ​កូ​វីដ-១៩ នៅក្នុង​ប្រទេស បាន​ជាង ១៥លាន​ដូ​ស​រួចហើយ ចាប់តាំងពី​ការចាប់ផ្ដើម​គ្រោងការ​នេះ កាលពី​ខែធ្នូ ឆ្នាំមុន​មក។

បុគ្គលិក​សុខាភិបាល កំពុង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ឱ្យ​ប្រជាជន​នៅក្នុង​មណ្ឌល​សុខភាព​ជនបទ​មួយកន្លែង ក្នុង​ទីក្រុង​ហៃ​យួន មណ្ឌល​សាន​ស៊ី កាលពី​ថ្ងៃទី១៥ មករា កន្លងទៅ

លោក វ៉ាង ពី​ន មន្ត្រី​គណៈកម្មការ​សុខភាព​នៃ​ប្រទេស​ចិន(NHC) បាន​ថ្លែង​ព័ត៌មាន​ថា បន្ទាប់ពី​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ឱ្យ​ប្រជាជន​ក្នុង​សហគមន៍​ធំ ដែលមាន​បុគ្គលិក​សុខាភិបាល ពលករ​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ពលករ​នៅតាម​ព្រំដែន​រួចមក ប្រទេស​ចិន នឹង​ជំរុញ​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់​ទៀត។

លោក វ៉ាង បាន​ថ្លែងថា អង្គភាព​សុខភាព​សាធារណៈ​នៃ​ប្រទេស​ចិន បានដាក់​វិធានការ​ដំណាក់កាល​ចាក់​វ៉ាក់សាំង​យ៉ាង​ម៉ឺងម៉ាត់ ដោយ​អ្នកទទួល​វ៉ាក់សាំង នឹងត្រូវ​ពិនិត្យ​សុខភាព មានការ​អះអាង និង​បង្ហាញខ្លួន រួមទាំង​ការអះអាង​ពី​ចំនួន​ដូ​ស ឱ្យ​ស៊ីចង្វាក់​គ្នា​នឹង​ដំណាក់កាល​ចាក់​វ៉ាក់សាំង​ទៀតផង។

ក្រុង​ប៉េកាំង រកឃើញ​មេរោគ​កូ​វីដ-១៩ ក្លាយ​ពូជ លើ​អ្នកជំងឺ​ថ្មី

ក្នុង​ថ្ងៃ​ជាមួយគ្នា លោក ផាំង ស៊ឹង​ហួ នាយករង​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ក្រុង​ប៉េកាំង បាន​ប្រាប់​ឱ្យដឹងថា មន្ត្រី​មណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង បាន​ពិនិត្យ​រកឃើញ ករណី​អ្នក​ឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ក្លាយ​ពូជ ២នាក់ មកពី​តំបន់​តា​ស៊ី​ង ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃអាទិត្យ(ទី១៧មករា) អាជ្ញាធរ​បាន​ពិនិត្យមើល​លទ្ធផល​ឡើងវិញ និង​បាន​សរុប​ថា ជា​មេរោគ​វីរុស ប្រភេទ​ក្លាយ​ពូជ ដូចគ្នា​នឹង​ពូជ​នៅក្នុង​ចក្រភព​អង់គ្លេស និង​បច្ចុប្បន្ន គេ​ជឿថា មាន​ដើមកំណើត​មកពី​ក្រៅប្រទេស។

ចិនដីគោក មាន​អ្នកជំងឺ​ក្នុង​តំបន់ កើនឡើង ១២៦នាក់

សម្រាប់​ស្ថានការណ៍​ឆ្លង​មេរោគ​កូ​វីដ-១៩ ទូទាំងប្រទេស​ចិន គណៈកម្មការ​សុខភាព​នៃ​ប្រទេស​ចិន បាន​ថ្លែងថា អ្នក​ឆ្លង​មេរោគ ដែល​បានទទួល​ការអះអាង​លទ្ធផល​រួចហើយ​នៅក្នុង​ប្រទេស​ចិនដីគោក បាន​កើនឡើង ១៤៤នាក់ នៅ​ថ្ងៃ​ពុធ(ទី20មករា) ដោយមាន​អ្នក​ឆ្លង​នៅក្នុង​តំបន់ ១២៦នាក់ និង​អ្នក​ឆ្លង​មកពី​ក្រៅប្រទេស ១៨នាក់។

ក្មេង​លេង​ព្រឹល​ទឹកកក ក្នុង​បរិវេណ​ទីលាន​វប្បធម៌​រគាំង ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៩ មករា ២០២១

អ្នកជំងឺ​ឆ្លង​មេរោគ នៅក្នុង​តំបន់ ត្រូវបាន​រកឃើញ​នៅក្នុង​មណ្ឌល​ហ៊ើយ​លង់​ចៀង ៦៨នាក់ មណ្ឌល​ហ៊ើ​ពេ​យ ២០នាក់ ក្នុង​ទីក្រុង​ប៉េកាំង និង​មណ្ឌល​សាន​ស៊ី ១កន្លែង ២នាក់ និង​មណ្ឌល​សាន​តុង ១នាក់។ ចំណែក​ទីក្រុង​ស៊ា​ង​ហៃ បាន​ពិនិត្យ​រកឃើញ​អ្នកជំងឺ​សង្ស័យ មកពី​ក្រៅប្រទេស​ចិន ៥នាក់ និង​មិនមាន​របាយការណ៍​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ-១៩ ទេ កាលពី​ថ្ងៃ​ពុធ(ទី២០មករា)។

សម្រាប់​ក្រុម​អ្នក​ឆ្លង​ជំងឺ ដែល​មកពី​ក្រៅប្រទេស​ចិន សរុប​មាន​ចំនួន ៤ ៥៦៣នាក់ គិត​ត្រឹម​ថ្ងៃ​ពុធ(ទី២០មករា)។

ចំណែក​ចំនួន​អ្នកជំងឺ​កូ​វីដ-១៩ ដែលមាន​ការអះអាង​ហើយ នៅក្នុង​ប្រទេស​ចិន សរុប ៨៨ ៧០១នាក់ គិត​ត្រឹម​ថ្ងៃ​ពុធ(ទី២០មករា) និង​មាន​អ្នកស្លាប់ ៤ ៦៣៥នាក់៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.