ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា បានប្រកាសថា  វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម នឹង​មកដល់​ប្រទេស​កម្ពុជា​នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុខនេះ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

សម្តេច តេ​ជោ ហ៊ុន សែន   បានលើកឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​អគារ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​វិទ្យាស្ថាន តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី ២២ ខែមករា​ឆ្នាំ ២០២១ នេះ ថា សម្តេច​តេ​ជោ​នឹង​អញ្ជើញ​មក​ទទួល​វ៉ាក់សាំង​នេះ ហើយ​បន្ទាប់មក​សម្តេច នឹង​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅឯ​ប្រ​លាន​យន្តហោះ​នោះ  ។

សម្តេច​តេ​ជោ​ក៏បាន​ប្រកាសថា សម្តេច​នឹង​ចាក់​វ៉ាក់សាំង​នេះ​មុនគេ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់មក​សម្តេច​នឹង​ធ្វើ​ស​ន្និសិទ​សារព័ត៌មាន​តែម្តង ។ នៅថ្ងៃនេះ​ដែរ​សម្តេច​តេ​ជោ​បាន​បញ្ជា​អោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ធ្វើ​ជំរឿន​រក​ពលរដ្ឋ​ណាខ្លះ ដែល​ចូលរួម​ចាក់​វ៉ាក់សាំង និង​អ្នក​ដែល​មិន​ចូលរួម​ចាក់​វ៉ាក់សាំង ។

សម្តេច​តេ​ជោ​បន្តថា “បើ​ពលរដ្ឋ​យើង​ចាក់​វ៉ាក់សាំង​បាន​ច្រើន យើង​ក៏​នឹង​បានទទួល​លំហូរ​អ្នក​ចូលក្នុង​ប្រទេស​យើង​បាន​ច្រើន​ដែរ ការចូលរួម​ចាក់​វ៉ាក់សាំង​ពី​ប្រជាពលរដ្ឋ​បាន​ច្រើន ក៏​ជាការ​ទាក់ទាញ​អ្នកវិនិយោគ ព្រោះ​គេ​គិតថា​កម្ពុជា​ជា​កន្លែង​មាន​សុ​វត្ថ​ភាព  ប៉ុន្តែ​ប្រសិនបើ​មាន​ពលរដ្ឋ​យើង​ច្រើន​មិន​ចាក់​វ៉ាក់សាំង​ទេនោះ គេ​មើលឃើញថា​ប្រទេស​យើង​មាន​ហានិភ័យ គេ​នឹងមិន​មក​ទេ”។

សម្តេច​តេ​ជោ​ក៏បាន​បញ្ជាក់ថា នៅមុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ កម្ពុជា​នឹង​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​អោយបាន៥០ម៉ឺន​នាក់ ។

សូមជម្រាប់ថា កូ​វ៉ា​ក់ នឹង​ផ្តល់​វ៉ាក់សាំង​ដល់​កម្ពុ​ជាជាង៣លាន​ដូ​ស ចំណែក​ភាគី​ចិន​នឹង​ផ្តល់​វ៉ាក់សាំង sinopham &Sinovac អោយ​កម្ពុជា ១លាន​ដូ​ស សម្រាប់​ប្រើប្រាស់​លើ​មនុស្ស៥០ម៉ឺន​នាក់ ហើយ​កម្ពុជា​ក៏បាន​បញ្ជា​ទិញ​វ៉ាក់សាំង១លាន​ដូ​ស​រួចហើយ​ដែរ  ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.