ភ្នំពេញ៖ កម្ពុជា និង​ហុង​គ្រី បានបង្ហាញ​ពី​ឆន្ទៈ​ខ្ពស់​ក្នុងការ​បង្កើន​ទំហំពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ ខណៈពេលដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-ហុង​គ្រី នៅមានកម្រិត​ទាប​នៅឡើយ

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០ ឱ្យដឹងថា ទន្ទឹមនឹងនោះ ជំរុញ​លើកទឹកចិត្ត​ឲ្យ​ធុរជន និង​វិនិយោគិន​ហុង​គ្រី មក​ស្វែងយល់​បន្ថែម​ពី​សក្តានុពល ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា។ ភាគី​កម្ពុជា ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការជួយ​សម្របសម្រួល​ដល់​កិច្ចសហការ​រវាង​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ។

ភាគី​ទាំងពីរ ក៏បាន​ពិភាក្សា​អំពី​ការជំរុញ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​តេ​ជោ​ភូមិ ១០០ និង​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ពិភាក្សា និង​សិក្សា​បន្ថែម​លើ​គម្រោង Tied Aid Credit Cooperation រវាង​ក្រសួង​ជំនាញ​នៃ​ប្រទេស​ទាំងពីរ។

សម្រាប់​វិស័យ​កសិកម្ម សេដ្ឋកិច្ច​ស្បៀង សុវត្ថិភាព​ម្ហូបអាហារ រុក្ខាប្រមាញ់ និង​នេសាទ ភាគី​ទាំង​ពីរបាន​ពិភាក្សា​លើ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ស្តីពី​ការផ្លាស់ប្តូរ​ចំណេះដឹង និង​បទពិសោធន៍​ក្នុងការ​ចិញ្ចឹមសត្វ ពូជ​ដំណាំ​ដែល​ផ្តល់​ទិន្នផល​ខ្ពស់ វារីវប្បកម្ម សត្តឃាត និង​ផលិតផល​ទឹកដោះ។

សម្រាប់​វិស័យ​គ្រប់គ្រង​ធនធានទឹក ភាគី​ទាំង​ពីរបាន​ឯកភាព​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ក់​ព័ន្ធ​នឹង​ការគ្រប់គ្រង​អាង​ទន្លេ (River Basin) និង​ការគ្រប់គ្រង​ធនធានទឹក និង​កាកសំណល់។

សម្រាប់​វិស័យ​អប់រំ យុវជន និង​កីឡា ភាគី​ទាំងពីរ ក៏បាន​ឯកភាព​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ផ្តល់​អាហារូបករណ៍ និង​ចែករំលែក​បទពិសោធន៍​ស្តីពី​កីឡា សកម្មភាព​យុវជន បណ្តុះបណ្តាល​ជំនាញ និង​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ប្រតិភូ​យុវជន។

ភាគី​ទាំង​ពីរបាន​ឯកភាព​ក្នុង​ការជំរុញ​ការអនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ព្រមទាំង​ស្វែងរក​លទ្ធភាព​ក្នុងការ​បង្កើត​ទំនាក់ទំនង​រវាង​វិទ្យា​សា្ថ​ន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី។

ក្រៅពី​វិស័យសំខាន់ៗខាងលើ ភាគី​ទាំងពីរ​បានបង្ហាញ​ពី​បំណង និង​បេ្ត​ជ្ញា​ចិត្ត​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ វប្បធម៌ ទេសចរណ៍ និង​អាកាសចរ​ស៊ីវិល​ផងដែរ។ បន្ថែម​ពីនេះ ក្រុមការងារ​នៃ​គណៈកម្មការ​ចម្រុះ នឹង​ជំរុញ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​នូវ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា និង​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា​នាពេល​កន្លងមក។

ជា​កិច្ចបញ្ចប់​ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​រួម​នៃ​កិច្ចប្រជុំ​លើក​ទី១ គណៈកម្មការ​ចម្រុះ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​កម្ពុជា-ហុង​គ្រី នៅក្នុង​បរិយាកាស​ដ៏​ស្និទ​ស្នាល​ប្រកបដោយ​មិត្តភាព និង​បាន​ព្រមព្រៀង​ថា​នឹង​គ្រោង​រៀបចំ​កិច្ចប្រជុំ​លើក​ទី២ គណៈកម្មការ​ចម្រុះ​នេះ នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស ប្រទេស​ហុង​គ្រី តាម​កាលបរិច្ឆេទ​សម​ស្រប​នាពេល​ឆ្នាំ​ខាងមុខ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.