ភ្នំពេញ៖ នា​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ កម្មវិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍ “ដំណើរ​ភាពយន្ត​ចល័ត​ចិន-ខ្មែរ​ដ៏​ឆ្នើម​លើក​ទី៥” បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាល​មហោស្រព​ចតុម្មុខ នៅ​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ចិន​ប្រចាំ​នៅ​កម្ពុជា តំណាង​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ អ្នកសារព័ត៌មាន​ខ្មែរ​ចិន ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ​ជាច្រើនរូប បាន​ចូលរួម​ក្នុង​ពិធី​នេះ និង​បាន​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​ចិន​បញ្ចូល​សម្លេង​ជា​ភាសា​ខ្មែរ​ដែល​ចាក់​បញ្ចាំង​ដំបូង​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចំណងជើង​ថា “កំណត់ត្រា​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ-១៩ នៅ​អ៊ូ​ហាន។

ឯកឧត្ដម Wang Wentian បាន​ថ្លែង​សុន្ទរកថា​លើកឡើងថា ការផ្លាស់ប្ដូរ​វប្បធម៌​និង​សិល្បៈ​រវាង​ចិន​និង​កម្ពុជា បាន​បង្កើតជា​ស្ពាន​ទំនាក់ទំនង​និង​ចំណងមិត្តភាព​ដ៏ អស្ចារ្យ​សម្រាប់​ប្រជាជន​ទាំងពីរ​ប្រទេស។ បច្ចុប្បន្ននេះ ប្រទេស​ទាំងពីរ​កំពុង​តែ​ជំរុញ​យ៉ាងសកម្ម​ក្នុង​ការកសាង​សហគមន៍​ជោគវាសនា​រួមគ្នា ហើយ​ការផ្លាស់ប្ដូរ​វប្បធម៌​ចិន​និង​កម្ពុជា បាន​ស្វាគមន៍​ជាមួយ​ឱកាស​នៃ​ការអភិវឌ្ឍ​ដ៏​មានតម្លៃ​បំផុត។ ព្រឹត្តិការណ៍”ដំណើរ​ភាពយន្ត​ចល័ត​ចិន-កម្ពុជា​ដ៏​ឆ្នើម”នេះ ត្រូវបាន​ក្លាយជា​គម្រោង​សកម្មភាព​មួយ​សម្រាប់​ការលើកកម្ពស់​កិច្ច​ផ្សារភ្ជាប់​ដួងចិត្ត​នៃ​ប្រជាជន​ទាំងពីរ ហើយក៏​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​បងប្អូន​ប្រជាជន​កម្ពុជា​នៅតាម​បណ្ដា​ខេត្ត និង​តំបន់នីមួយៗ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ហើយ​នេះ​គឺជា​លើក​ទី៥ហើយ​នៃ​ព្រឹត្តិការណ៍​ដំណើរ ភាពយន្ត​ចល័ត​ចិន-កម្ពុជា​ដ៏​ឆ្នើម ដោយ​សង្ឃឹមថា​ខ្សែភាពយន្ត​ដែល​នឹង​ចាក់​បញ្ចាំង​នេះ មិន​ត្រឹមតែ​ជំរុញ​ការស្វែងយល់​អំពី​វប្បធម៌​ចិន ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ ទេ តែ​ក៏​ជួយ​លើកកម្ពស់​វប្បធម៌​និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ឱ្យ​កាន់តែ​សម្បូរបែប​ដែល​ស្ថិតនៅក្រោម​ស្ថានភាព​នៃ​ជំងឺ​វីរុស​កូ​វីដ-១៩ ផងដែរ។

ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា ក៏បាន​លើក ឡើង​ក្នុង​សុន្ទរកថា​បើក​ផងដែរ​ថា បួន​ឆ្នាំកន្លងមក​ព្រឹត្តិការណ៍”ដំណើរ​ភាពយន្ត​ចល័ត​ចិន-កម្ពុជា​ដ៏​ឆ្នើម” ទទួលបាន​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដោយបាន​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​រាល់​ការដាក់​បញ្ចាំងភាពយន្ត​ចិន​ខ្មែរ​នៅតាម​តំបន់​នានា​ក្នុង​រាជធានី​ខេត្ត​ក្រុងនីមួយ។ អ្វីដែល​អាច​ទាក់ទាញ​ធ្វើឱ្យ​ប្រជាជន​ខ្មែរ យើង​និយម​ទស្សនា​ខ្សែភាពយន្ត​ចិន ក៏​ព្រោះតែ​ប្រទេស​យើង​ទាំងពីរ​មាន​ចំណងមិត្តភាព​ជាច្រើន​ជំនាន់​មកហើយ រីឯ​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់ ជំនឿ និង​ផ្នត់គំនិត​ទៀតសោត​ក៏មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា។ ទាំងនេះ​ក៏​ជា​មូល​ហេតុដែល​ធ្វើឱ្យ​ខ្សែភាពយន្ត​ក៏ដូចជា​សិល្បៈ និង​វប្បធម៌​របស់​ចិន បាន​ឆក់យក​ដួងចិត្ត​របស់​ប្រជាជន​ខ្មែរ​ឱ្យចូល​ចិត្ត និង​គាំទ្រ​យ៉ាងខ្លាំង។ ព្រឹត្តិការណ៍”ដំណើរ​ភាពយន្ត​ចល័ត​ចិន- កម្ពុជា​ដ៏​ឆ្នើម” នេះ គឺជា​ស្ពាន​ដែល​បាន​ភ្ជាប់​រវាង​ប្រជាជន​ទាំងពីរ និង​ធ្វើឱ្យ​ចំណងមិត្តភាពរ​វា​ង​ប្រទេស​កម្ពុជា​និង​ចិន​កាន់តែ​ស៊ីជម្រៅ​ថែម​មួយកម្រិត​ទៀត។

ព្រឹត្តិការណ៍”ដំណើរ​ភាពយន្ត​ចល័ត​ចិន-កម្ពុជា​ដ៏​ឆ្នើម​លើក​ទី៥” លើក​នេះ នឹង​នាំមក​នូវ​ខ្សែភាពយន្ត​ដ៏​ឆ្នើម​ដែល​រួមមាន​ខ្សែភាពយន្ត​ខ្មែរ និង​ខ្សែភាពយន្ត​ចិន​បញ្ចូល​សម្លេង​ជា​ភាសា​ខ្មែរ ដូចជា​រឿង “កំណត់ត្រា​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ-១៩ នៅ​អ៊ូ​ហាន” “អ្នកក្លាហាន​ដំបង​បិសាច” “ក្ដី​ស្រមៃ​យុវជន​ចិន​វគ្គ២” និង “ម្ចាស់​របាំងមុខ” ជាដើម។ ក្រោយពី​ចាក់​បញ្ចាំង​លើកដំបូង​រួច ខ្សែភាពយន្ត​ទាំងនេះ នឹងត្រូវ​យកទៅ​ចាក់​បញ្ចាំង​នៅតាម​សាលារៀន ទីប្រជុំជន និង​បន្ទាយ​កងទ័ព​ជាដើម​នៅតាម​បណ្ដា​រាជធានី ខេត្ត និង​ក្រុង​នានា​ដូចជា៖ រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ។

គួរបញ្ជាក់​ផងដែរ​ថា ព្រឹត្តិការណ៍ “ដំណើរ​ភាពយន្ត​ចល័ត​ចិន-ខ្មែរ​ដ៏​ឆ្នើម​លើក​ទី៥” នេះ ត្រូវបាន​ផ្ដួចផ្ដើមឡើង​ដោយ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ទទួល​រៀបចំ​ដោយ​វិទ្យុ​មិត្តភាព​កម្ពុជា ដែល​បង្កើតឡើង​នៅ​កម្ពុជា​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន រួម​ជាមួយនឹង​ក្រុមហ៊ុន​ភាពយន្ត​ចិន​គ្រុប៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.