ភ្នំពេញ៖ កម្ពុជា បានស្នើ​ដល់​ស្ថាន​ប័ន​អន្តរជាតិ IFC ឱ្យ​ពង្រីក​ប្រតិបត្តិការ និង​ផ្តល់​ឥណទាន​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​ដល់​វិស័យ​ឯកជន​របស់​កម្ពុជា ពិសេស​នៅក្នុង​ដំណាក់កាល​នៃ​ការជំរុញ និង​ស្តារ​សេដ្ឋកិច្ចកម្ពុជា នៅក្នុង​បរិការណ៍​នៃ​ជំងឺ​កូ​វីដ-១៩ ដោយ​បន្ត​ផ្តោតលើ​វិស័យ​មួយចំនួន​បន្ថែមទៀត ដូចជា កសិកម្ម, ឡូ​ជី​ស្ទីក និង​ឌីជីថល​ជាដើម។

ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Asad Yaqub ប្រធាន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ប្រចាំ​ប្រទេស​កម្ពុជា​កាលពីពេលថ្មីៗនេះ ក៏បាន​ស្នើ​ស្ថាប័ន ឱ្យ​បង្កើន​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ជាមួយ​ក្រសួង​ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​ការរៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម, ឌីជីថល និង​វិនិយោគ ព្រមទាំង​កសាង​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ការលើកកម្ពស់​សហគ្រិន​ភាព​នៅ​កម្ពុជា។

IFC គឺជា​ស្ថាប័ន​មួយ នៃ​ធនាគារពិភពលោក (World Bank Group) ដែល​ផ្តោតលើ​វិស័យ​ឯកជន​នៅក្នុង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍។ ស្ថាប័ន​នេះ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ១៩៥។ គិត​ចាប់ពី​ឆ្នាំ២០០០ មក IFC បាន​វិនិយោគ និង​កៀរគរ​ទឹកប្រាក់​ប្រមាណ​ជាង ១ ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​ហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ, កសិពាណិជ្ជកម្ម និង​វិស័យ​អប់រំ​នៅ​កម្ពុជា។

សេដ្ឋកិច្ចកម្ពុជា​នៅក្នុង​ឆ្នាំ២០២១ នេះ ត្រូវបាន​ព្យាករណ៍​ថា នឹង​ងើប​ឡើងវិញ ដោយសារ​ការរំពឹងទុក​នៃ​ការកើនឡើង​ដោយសន្សឹមៗនៃ​វិស័យ​គាំទ្រ​កំណើន​មួយចំនួន និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធានការ​គោលនយោបាយរ​បស់​រាជរដ្ឋាភិបាល ពិសេស​កំណើន​នៃ​ការនាំចេញ តាមរយៈ​ការ​ទាញ​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា-ចិន, កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) និង ទីផ្សារ​អង់គ្លេស ព្រមទាំង​ការប្រកាស​អំពី​កញ្ចប់​ជំរុញ​កំណើនសេដ្ឋកិច្ច​ដ៏​ធំ​សម្បើម​របស់​រដ្ឋបាល​ថ្មី​អាមេរិក ដែលជា​ទីផ្សារ​ដ៏​សំខាន់​របស់​កម្ពុជា។ កំណើន​នេះ ក៏​ផ្អែកលើ​ការរំពឹងទុក​ថា វ៉ាក់សាំង​ជំងឺ​កូ​វីដ-១៩ នឹងត្រូវ​បានចាប់ផ្តើម​ចែកចាយ​ក្នុង​ឆ្នាំ២០២១ នេះ​ផងដែរ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.