ភ្នំពេញ៖  លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​សម្របសម្រួល​បញ្ចប់​ករ​ណី​វិវាទ​រវាង​ក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់​ម៉ៅការ​សំណង់ និង​ក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជា​អ្នក​អភិវឌ្ឍន៍​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា នៅក្នុង​ការដ្ឋាន​សារ​សង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ដែលមាន​ជាន់​ក្រោម​ដី ២ជាន់ និង​កម្ពស់​ឡើងលើ ៦ជាន់ ដែល​ស្ថិតក្នុង​សង្កាត់​កា​កាប​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​រសៀល ថ្ងៃ​សុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅ​ទីស្តីការក្រសួង ។

ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​បាន​មានប្រសាសន៍ថា កន្លងមក​ជម្លោះ​នេះ ក៏បាន​ធ្វើ​ឲ្យ​សំណង់​ផ្សារ​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ជាច្រើន​ខែ ដែល​បានធ្វើ​ឲ្យ​អាជីវករ​ទាំងអស់ មាន​អារម្មណ៍មិនល្អ​ចំពោះ​គម្រោង​នៃ​ការសាងសង់​ផ្សារ​ទំនើ​សេន​ជូ​រី​ផ្លា​ហ្សា​នេះ និង​បានធ្វើ​ឲ្យ​សំណង់​នេះ​មិនអាច​បញ្ចប់​តាម​កិច្ចសន្យា​ដែល​បានកំណត់ និង​ម្យ៉ាងទៀត ក៏បាន​ធ្វើ​ឲ្យ​អាជីវករ​ខកខាន​ក្នុងការ​លក់ដូរ​ផងដែរ ។

លោកជំទាវ​ក៏បាន​បន្តទៀតថា កន្លងមក​ក្រសួង​បាន​ចាត់​គណៈប្រតិភូ​ចុះ​អង្កេត​ស្រាវជ្រាវ​ដល់​មូលដ្ឋាន​ទំនាស់ និង​មានការ​ប្រជុំ​សម្របសម្រួល​ជា​បន្តបន្ទាប់ ។ ដោយឡែក​នៅ​រសៀល​ថ្ងៃនេះ ក្រោម​ការដឹកនាំ​កិច្ចប្រជុំ​សម្របសម្រួល​បញ្ចប់​វិវាទ នៅ​ចំពោះមុខ​វត្តមាន​របស់លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន  គូរ​ភាគី​ទាំងសង្ខាង​បាន​សម្តែង​នូវ​ការ​សប្បាយចិត្ត ដោយ​ករណី​វិវាទ​ត្រូវបាន​ដោះស្រាយ​បញ្ចប់ ដោយ​ឈរលើ​គោលការណ៍​តម្លាភាព ភាតរភាព និង​យុត្តិធម៌ ហើយ​គ្រប់ភាគី​សុទ្ធតែ​ឈ្នះ ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។  ជាពិសេស ភាគី​ទាំងអស់​ក៏បាន​ឯកភាព និង​សន្យា​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់ តាម​ស្មារតី​កិច្ចប្រជុំ​នា​រសៀល​នេះ​ក្នុងការ​បញ្ចប់ទំនាស់ និង​បន្ត​ការសាងសង់​បញ្ចប់ ។

នៅ​ចំពោះមុខ​អង្គប្រជុំ ចាប់ពីពេលនេះ​តទៅ ក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់​ម៉ៅការ​សំណង់ និង​ក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជា​អ្នក​អភិវឌ្ឍន៍​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ក៏បាន​ប្រគល់​ការដ្ឋាន​សំណង់​ជូន លោកជំទាវ​ឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកា ក្រុមហ៊ុន​សេន​ជូ​រី​ហ្គ្រុ​ប បន្ត​សាងសង់​បញ្ចប់ ដើម្បី​ឲ្យ​ភាគី​ក្រុមហ៊ុន បានប្រគល់​ជូន​ដល់​អាជីវករ​ជាង ១.២០០តូប អាចធ្វើ​ការលក់ដូរ​ជាធម្មតា​វិញ​នៅក្នុង​ផ្សារ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សង្ឃឹម​យ៉ាង​ម៉ុ​ត​មាំ​ថា ក្រុមហ៊ុន នឹង​បន្ត​បញ្ចប់​ការសាងសង់ ដោយ​គោរព​តាម​បទដ្ឋាន​នៃ​សំណង់ ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​បន្ថែម​មួយកម្រិត​ទៀត ។

នៅ​ចុងបញ្ចប់​ភាគី​ទាំងអស់​ក៏បាន​ធ្វើការ​ប្រគល់ និង​ទទួល​នូវ​កិច្ចសន្យា​សាងសង់​នៅក្នុង​ទីតាំង​ការដ្ឋាន​ផងដែរ ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.