ខេត្តកណ្តាល៖   ព្រឹក​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ រូបសំណាក​សំពៅ​មាស នៅ​ភូមិ​ព្រែក​សឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល។

រូបសំណាក​សំពៅ​នេះ​ត្រូវបាន​ប្រា​រព​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ​មាន​ទីតាំង​ស្ថិតនៅត្រង់​ច្រមុះជ្រូក​ចន្លោះ​ផ្លូវជាតិ​លេខ២១ចាស់ និង​ផ្លូវជាតិ​លេខ២១ថ្មី ស្ថិតក្នុង​ភូមិ​ព្រែក​សឹង ឃុំ​សំពៅ​ពូន នៅលើ​ទីតាំង​ដី​សរុប​ទំហំ ១,២៥៤ ម៉ែត្រការ៉េ ក្នុងនោះ​មាន​រៀបចំ​ការ៉ូឡា​អម​សងខាង​ទំហំ៩៨៨ម៉ែត្រការ៉េ ដាំ​ស្មៅ​ទំហំ១៧៥ម៉ែត្រការ៉េ និង​តួ​សំពៅ​មាន​ទំហំ៥២ម៉ែត្រការ៉េ ចែកចេញជា​ពីរ​ផ្នែក​គឺ៖

១-ផ្នែក​គ្រឿង​ទ្រ​សំពៅ មាន​កម្ពស់៣ម៉ែត្រ ប្រវែង១៥ម៉ែត្រ ធ្វើ​ពី​បេតុង ដោយ​ជុំវិញ​មាន​ឆ្លាក់​ជា​រូបចម្លាក់​ក្នុង​រចនាបថ​បា​យ័ន្ត ដែល​ពិពណ៌នា​អំពី​កងទ័ពជើងទឹក​ដ៏​ខ្លាំងក្លារ ដែល​បង្ហាញ​ពី​ជ័យ​ជំ​នៈ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី៧ និង​ការដឹកជញ្ជូន​ស្បៀង និង​ការដោះដូរ​ទំនិញផ្សេងៗ ដែល​បង្ហាញ​ពី​ភាព​រីកចម្រើន​របស់​ច​ក្រ​ភព​អង្គរ​ក្នុងសម័យ​កាលនោះ។

២-ផ្នែក​តួ​សំពៅ មាន​កម្ពស់៣ម៉ែត្រ ប្រវែង១៧ម៉ែត្រ តួ​សំពៅ​ទាំង​មួល​ធ្វើ​ពី​បេតុង ដែល​ជុំវិញ​គែម​សំពៅ​មាន​ឆ្លាក់​រូប​ត្រី៣៣ តំណាង​ឲ្យ​គុណ​លោកឳពុក​និង​អ្នក​ម្តាយ និង​នៅ​ផ្នែក​ក្បាល​សំពៅ​មាន​ឆ្លាក់​រូបនាង​នាគ ដែល​ជាការ​រំលឹក​ដល់​ព្រះ​នាងនាគ​ដែល​ជាបឋម​ក្សត្រ និង​អ្នក​កសាង​ទឹកដី​ខ្មែរ ក្តោង​សំពៅ​មាន​កម្ពស់១២ម៉ែត្រ ធ្វើ​ពី​បេតុង និង​នៅ​ខាងចុង​ក្តោង​មាន​ដោត​ទង់​ទាំង៣ តំណាង​ឲ្យ​បាវចនា​ជាតិ​គឺ ជាតិ សាសនា ព្រះមហាក្សត្រ។

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.