ម៉ាឡេស៊ី៖ កាលពី​ថ្ងៃទី២៤ មករា សារព័ត៌មាន ស្ត្រេ​ត​ស៍ ថា​ម​ស៍ បាន​រាយការណ៍​ថា ក្រសួងសុខាភិបាល ម៉ាឡេស៊ី បាន​បង្ហើប​ឱ្យដឹងថា រកឃើញ​អ្នកជំងឺ​កូ​វីដ-១៩ ថ្មី​ថែមទៀត​ចំនួន ៤ ២៧៥នាក់ ដែល​ចំនួន​នេះ អាច​និយាយថា ជា​តួលេខ​អ្នក​ឆ្លង​មេរោគ​ប្រចាំថ្ងៃ ដែល​ខ្ពស់បំផុត​ជា​ប្រវត្តិសាស្ត្រ របស់​ប្រទេសមួយ​នេះ និង​បំបែក​ឯកទគ្គកម្ម​ស្ថិតិ ៤ ០២៩នាក់ កាលពី​ថ្ងៃទី១៦ មករា​កន្លងទៅ។

ចំណែក​ក្នុងអំឡុងពេល ៧ថ្ងៃ​កន្លងទៅនេះ ប្រទេស​ម៉ាឡេស៊ី មាន​អ្នក​ឆ្លង​ជំងឺ​ថ្មី សរុប​រួមគ្នា​ចំនួន ២៥ ៣៦០នាក់ គិត​ជា​មធ្យមភាគ គឺ ៣ ៦២២នាក់​ក្នុង ១ថ្ងៃ និង​សរុប​ចំនួន​ទាំងអស់​មកដល់ពេលនេះ ១៨០ ៤៥៥នាក់។

ក្រៅពី​ប្រទេស​ម៉ាឡេស៊ី​ហើយ នៅមាន​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​ជាច្រើន​ទៀត ក៏​កំពុង​ជួប​វិបត្តិ​វីរុស​មរណៈ​ក្នុង​កម្រិត​ធ្ងន់ធ្ងរ ជា​បន្តបន្ទាប់​ដូចគ្នា​ដែរ ដូចជា​ប្រទេស​ឥណ្ឌូនេស៊ី បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី​ចំនួន ១២ ១៩១នាក់ រួមទាំង​មាន​អ្នកជំងឺ​សរុប ច្រើនជាងគេ​បំផុត​ក្នុង​តំបន់​ដល់​ទៅ ៩៧៧ ៤៧៤នាក់ និង​ស្លាប់ ២៧ ៦៦៤នាក់។

ប្រទេស​ហ្វ៊ី​លី​ពី​ន ឆ្លង​មេរោគ​កើនឡើង​ទៀត ១ ៧៩៧នាក់ និង​មាន​ចំនួន​សរុប ៥១១ ៦៧៩នាក់ ស្លាប់ ១០ ១៩០នាក់ និង​មី​យ៉ាន់​ម៉ា មាន​រកឃើញ​អ្នកជំងឺ​ថ្មី​ចំនួន ៥០៧នាក់ ធ្វើឱ្យ​ចំនួន​សុ​ប កើនឡើង​ដល់ ១៣៧ ០៩៨នាក់ និង​ស្លាប់ ៣ ០៤៥៕

ប្រភព​សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.