ភ្នំពេញ៖  ដី១កន្លែង មាន​ទំហំ ១,៣៧២ម៉ែត្រការ៉េ និង​មានតម្លៃ​ជាង ៨លាន​ដុល្លារ នៅ​ជិត​វត្តភ្នំ​រាជធានី​ភ្នំពេញ ដែល​អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគ ជូន​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា តាមរយៈ​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​កាត់​ប្លង់រឹង​ធ្វើជា​កម្មសិទ្ធិ​របស់​មូល​និ​ធិ​គន្ធបុប្ផា រួចរាល់​អស់ហើយ។

ការសម្រេច​ប្រគល់​ដី​ដែលមាន​តម្លៃ​ដ៏​ថ្លៃ​នេះ ឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ផ្តល់​រហស្សនាម​ថា ជា​មន្ទីរពេទ្យ “ទេពតា” ជួយសង្គ្រោះ​ជីវិត​កូន​របស់​ពួកគាត់​ស្ទើរគ្រប់ៗគ្នា​នោះ គឺជា​មហា​ទឹកចិត្ត​ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​បាន​របស់​អ្នកឧកញ៉ា គិត ម៉េង និង​ជាការ​រួច​ចំណែក​យ៉ាង​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា លើ​កិច្ចការ​មនុស្សធម៌​ផងដែរ។

តាមរយៈ​បណ្តាញ​សង្គម អ្នកឧកញ៉ា គិត ម៉េង បាន​លើកឡើងថា “ខ្ញុំ មាន​កិត្តិយស​ក្រៃលែង ដែល​បានប្រគល់​ដី​ទំហំ ១,៣៧២ម៉ែត្រការ៉េ ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា តាមរយៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដើម្បី​ធ្វើជា​កម្មសិទ្ធិ​របស់​មន្ទី​រ​ពេទ្យ​គន្ធបុប្ផា ដូចដែល​បាន​ថ្លែង​ក្នុង​ពិធី​ពិសា​បាយ​សាមគ្គី​កាលពី​ល្ងាច​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០។ ហើយ​ថ្ងៃនេះ​ផងដែរ ខ្ញុំ​មាន​សេចក្តីសោមនស្ស​ខ្លាំងណាស់ ដែល​ទទួលដំណឹង​ជា​ផ្លូវការ អំពី​ការផ្ទេរកម្មសិទ្ធិ​ដោយ​ស្របច្បាប់​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ប្រកបដោយ​ជោគជ័យ។

អ្នកឧកញ៉ា គិត ម៉េង ជឿជាក់​យ៉ាង​មុតមាំ​ថា សកម្មភាព​នេះ នឹងចូលរួម​យ៉ាងសំខាន់​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​ជាការ​ផ្តួចផ្តើមឡើង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដើម្បី​ជួយ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុងការ​ទ្រទ្រង់​សុខភាព​សាធារណៈ​នៅ​កម្ពុជា និង​ពង្រឹង​តួនាទី​ដ៏​យូរអង្វែង​របស់ខ្លួន​ក្នុងនាម​ជា​អ្នក​ជួយសង្គ្រោះ​ជីវិត​កុមារ​រាប់លាន​នាក់។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើង​បន្ថែមទៀតថា “ខ្ញុំ​ជឿជាក់ថា ការចូលរួម​យ៉ាងសកម្ម​របស់​អ្នក​ទាំងអស់គ្នា​នៅក្នុង​សកម្មភាព​មនុស្សធម៌​នេះ នឹង​ជួយ​គាំទ្រ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​បន្ត​បង្កើត​ក្តីសង្ឃឹម និង​អនាគត​ដ៏​ត្រចះត្រចង់​សម្រាប់​កុមារ​កម្ពុជា​ជា​ដរាប​ទៅមុខ។

សូមបញ្ជាក់ នៅ​កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅ​ឱកាស​អញ្ជើញពិសា​បាយ​សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​សមាគម​សម្ព័ន្ធ​ខ្មែរ-ចិន ដែល​រៀបចំ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឱ្យដឹងថា អ្នកឧកញ៉ា គិត ម៉េង បានប្រគល់​ដី​មួយកន្លែង​ទំហំ ១,៣៧២ម៉ែត្រការ៉េ តម្លៃ​ជាង ៨លាន​ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ធ្វើជា​កម្មសិទ្ធិ​មូលនិធិ​គន្ធបុប្ផា។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “ខ្ញុំ​សូម​យក​ឱកាស​នេះ ថ្លែងអំណរគុណ​ចំពោះ​ឧកញ៉ា គិត ម៉េង ដែល​មុននេះ ខ្ញុំ​បាន​ខ្ចី​ដី​មួយផ្នែក ប្រមាណ១៣០០ម៉ែត្រការ៉េ​ជាង ដែល​ឥឡូវនេះ​តម្លៃ​ដី​នេះ ប្រមាណ​ជាង៨លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ល្ងាច​នេះ ឧកញ៉ា គិត ម៉េង ក៏បាន​ប្រគល់​ដី​នោះ មកឱ្យ​មូលនិធិ​នេះ​តែម្តង… ហើយ​មូលនិធិ​ក៏បាន​កាត់​ទៅជា​ទ្រព្យសម្បត្តិ​របស់​មូលនិធិ​នេះ ហើយក៏​ត្រូវ​ផ្ទេរ​មូលនិធិ​ដែល​ផ្តល់​ដោយ​ឧកញ៉ា គិត ម៉េង នេះ​ជា​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​របស់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា នេះ​ជា​ផ្នែក​ដ៏​សំខាន់​មួយ។

សម្តេច​តេ​ជោ ហ៊ុន សែន រំពឹងថា អ្នក​ដែល​រកស៊ី​មានបាន​នៅលើ​ទឹកដី​កម្ពុជា នឹងចូលរួម​វិភាគទាន​ក្នុង​មូលនិធិ​គន្ធបុប្ផា។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការរួមវិភាគទាន​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា គឺជា​ការ​សាមគ្គី​ដើម្បី​ការរស់រានមានជីវិត​របស់​កុមារ​កម្ពុជា៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.