សហរដ្ឋអាមេរិក៖ យុគសម័យ​លោក​បៃ​ដិ​ន បានប្រកាស​យ៉ាងច្បាស់​លាស់ កាលពី​រាត្រី​ថ្ងៃ​សៅរ៍(ទី២៣មករា) បញ្ជាក់​អំពី​កិច្ចសន្យា​ពាក់ព័ន្ធផ្សេងៗ ដែល​ខ្លួន​មាន​ជាមួយ​តៃវ៉ាន់​ថា នៅតែ “ម៉ឹងម៉ាត់​ស្ថិតស្ថេរ” ព្រមទាំង​បាន​ដាស់តឿន​ប្រទេស​ចិន​ថា “ការព្យាយាម​គំរាមកំហែង” ក្រុង​តៃប៉ិ គឺជា​គ្រោះភ័យ​ឈ្លានពាន​សន្តិភាព​របស់​ភូមិភាគ ក្រៅពីនេះ ក្រុង​វ៉ាស៊ីនតោន នៅបាន​បញ្ជូន​ហ្វូង​នាវាចម្បាំង​ផ្ទុក​យន្តហោះ ចូលទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង ខណៈដែល​តៃវ៉ាន់ រាយការណ៍​ថា យន្តហោះ​ចម្បាំង​របស់​ក្រុង​ប៉េកាំង ចំនួន ១៣គ្រឿង បាន​ហោះ​រំលោភ​លើ​ដែនអាកាស​របស់ខ្លួន​យ៉ាង “ខុស​ប្រក្រតី” ទាំង​កាលពី​ថ្ងៃ​សៅរ៍(ទី២៣) និង​ថ្ងៃអាទិត្យ(ទី២៤មករា)។

នាវាចម្បាំង​ផ្ទុក​យន្តហោះ ធី​អូ​ដ័​រ រូ​ស្វ៊ែ​លត៍ របស់​សហរដ្ឋអាមេរិក ត្រៀម​ចូល​ប្រចាំការ​នៅ​សមុទ្រ​ចិន​ខាងត្បូង

ការប្រកាស ដែល​ស្ថិតក្នុង​រូប​បែប​ជា​សេចក្ដីថ្លែងការណ៍ របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ក្នុង​គ្រានេះ អាច​និយាយបានថា ជាការ​បង្ហាញ​ឥរិយាបថ​លើកដំបូង របស់​ក្រុង​វ៉ាស៊ីនតោន ក្នុង​រឿង​សម្ព័ន្ធភាព​ជាមួយ​តៃវ៉ាន់ ចាប់តាំងពី​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ស្បថ​ចូលកាន់​តំណែង កាលពី​សប្ដាហ៍​កន្លងទៅ និង​កើតឡើង​ក្នុង​ថ្ងៃ​ជាមួយគ្នា បន្ទាប់ពី​ក្រុង​តៃប៉ិ រាយការណ៍​អំពី​ការ​រុករាន​ឈ្លានពាន​របស់​យន្តហោះ​ចម្បាំង​ជាច្រើន​របស់​ចិន។

ទាំងអស់នេះ ក្នុងការ​ថ្លែង​របស់លោក ណិ​ត ផ្រៃ​ស៍ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បាន​ប្រាប់ថា “យើង​បានដឹង​ដោយ​ក្ដីបារម្ភ ពាក់ព័ន្ធ​នឹង​រូប​បែប​នៃ​ការព្យាយាម ជា​បន្តបន្ទាប់​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងការ​គំរាម​បណ្ដា​អ្នកជិតខាង​របស់ខ្លួន ដែល​ក៏​រួមទាំង​តៃវ៉ាន់​ផងដែរ” ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​ក្រុង​ប៉េកាំង បញ្ឈប់​ការដាក់​សម្ពាធ​លើ​ក្រុង​តៃប៉ិ រួមទាំង​បញ្ជាក់​យ៉ាងច្បាស់​ចំពោះ​ករណីផ្សេងៗ ដែល​ក្រុង​វ៉ាស៊ីនតោន មាន​ជាមួយ​កោះ​តៃវ៉ាន់ និង​បំណងប្រាថ្នា ក្នុងការ​មាន​សម្ព័ន្ធភាព​ជាមួយ​តៃវ៉ាន់ ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាង​នេះ​ថែមទៀត។

“យើង​ជំរុញ​ក្រុង​ប៉េកាំង ឱ្យ​បញ្ឈប់​ការបង្ហាញ​កម្លាំង​កៀបសង្កត់ ទាំង​ខាង​យោធា ការទូត និង​សេដ្ឋកិច្ច​ទៅលើ​តៃវ៉ាន់ និង​ងាក​មក​ដំណើរការ​ចរចា​យ៉ាង​មាន​អត្ថន័យ ជាមួយ​គណៈប្រតិភូ​តំណាង ដែល​បានទទួល​ការជ្រើសតាំង​យ៉ាង​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់” សេចក្ដី​ថ្លែង​របស់​អ្នកនាំពាក្យ​រូបនេះ​បាន​ប្រាប់​បែបនេះ ព្រមទាំង​បានបញ្ជាក់​ថា “យើង​នឹង​ជួយ​តៃវ៉ាន់​ជា​បន្តបន្ទាប់ ក្នុងការ​គ្រប់គ្រង​រក្សា​សមត្ថភាព​ខាង​ផ្នែក​ការការពារ​ខ្លួនឯង ឱ្យមាន​ភាព​គ្រប់គ្រាន់”

កាលពីពេល​មុននេះ ១ថ្ងៃ ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​បញ្ជាក់ថា យន្តហោះ​ទម្លាក់​គ្រាប់បែក បែប H-6K ដែល​អាច​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​បាន ចំនួន ៨គ្រឿង, យន្តហោះ​ប្រដេញ J-16 ចំនួន ៤គ្រឿង​របស់​ចិន និង​យន្តហោះ​ប្រឆាំង​នាវាមុជទឹក Y-8 ១គ្រឿង​ទៀត​របស់​ចិន បាន​ចូលមកក្នុង​ជ្រុង​ផ្នែក​ខាងលិច​ឆៀង​ខាងត្បូង នៃ​ដែនអាកាស​ការពារ​ខ្លួនឯង​របស់​តៃវ៉ាន់ កាលពី​ថ្ងៃ​សៅរ៍(ទី២៣មករា) ហើយ​កងទ័ពអាកាស​តៃវ៉ាន់ បានចេញ​បញ្ជា​ឱ្យ​ត្រៀម​យន្តហោះ​ប្រដេញ​រួចជាស្រេច ដើម្បី​តតាំង រួមទាំង​ជូនដំណឹង​តាម​វិទ្យុទាក់ទង ទៅ​អ្នក​រុករាន​ឱ្យបាន​ដឹង និង​ឱ្យ​បើក​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល ដើម្បី​ការពារ ចាំ​តាមដាន​សកម្មភាព​រប​ស់​ខាង​ចិន​ទៀតផង។

តៃវ៉ាន់ ប្រាប់ថា ការដែល​ចិន​បញ្ជូន​យន្តហោះ​ចម្បាំង​ដ៏​ច្រើន ចូលមកក្នុង​គ្រានេះ អាច​និយាយបានថា ជា​រឿង​មួយ​ខុស​ប្រក្រតី​ខ្លាំងណាស់ ព្រោះ​ទោះជា​ក្នុងអំឡុង ២-៣ខែ​កន្លងមកនេះ មាន​យន្តហោះ​របស់​ចិន បាន​ហោះ​ចូលមកក្នុង​ដែនអាកាស​បរិវេណ​នេះ គឺ​ចន្លោះ​ផ្នែក​ខាងត្បូង​របស់​កោះ​តៃវ៉ាន់ នឹង​បណ្ដុំ​កោះ​ប្រា​តាស់ ដែល​តៃវ៉ាន់​កំពុង​គ្រប់គ្រង ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាប្រចាំ ស្ទើរតែ​រាល់ថ្ងៃ​មែន​ក្ដី តែ​ជាទូទៅ ច្រើនតែ​ជា​យន្តហោះ​សង្កេតការណ៍ ចំនួន ១គ្រឿង ឬ ២គ្រឿង​តែប៉ុណ្ណោះ។

តាមរយៈ​ផែនទី ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការពារជាតិ​តៃវ៉ាន់ បានបង្ហាញ​ឱ្យឃើញថា យន្តហោះ​ចិន​ទាំងនេះ បាន​ហោះ​ពីលើ​ដែនទឹក​ទាំងនោះ ដែលជា​ទីតាំង​មួយ មិនទាន់​ទៅដល់​ជិត​កោះ​ចម្បង​របស់​តៃវ៉ាន់​នៅឡើយ។

តម​ក ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​រាយការណ៍​ថា ចិន​បាន​បញ្ជូន​យន្តហោះ ចូលមកក្នុង​ដែនអាកាស​ដដែល​នេះ​ម្ដងទៀត កាលពី​ថ្ងៃអាទិត្យ(ទី២៤មករា) ដោយ​លើក​នេះ​មាន​ចំនួន​ដល់​ទៅ ១៥គ្រឿង គឺ​យន្តហោះ​ប្រដេញ J-10 ចំនួន ៦គ្រឿង, J-16 ចំនួន ៤គ្រឿង, ហ្ស៊ូ-30 ចំនួន ២គ្រឿង និង​ថែមទាំង​មាន​យន្តហោះ​សង្កេតការណ៍ Y-8 ចំនួន ១គ្រឿង និង​យន្តហោះ​ប្រឆាំង​នាវាមុជទឹក Y-8 ចំនួន ២គ្រឿង​ទៀតផង។

នៅ​ផ្នែក​ម្ខាង​ទៀត ទីបញ្ជាការ​យោធា​ភូមិភាគ​ឥណ្ឌូ-ប៉ា​ស៊ី​ហ្វ៊ិ​ក របស់​សហរដ្ឋអាមេរិក បានចេញ​សេចក្ដីថ្លែងការណ៍​ថា ហ្វូង​នាវាចម្បាំង​ផ្ទុក​យន្តហោះ​វាយប្រហារ ១ក្រុម​របស់ខ្លួន ដឹកនាំ​ដោយ​នាវាចម្បាំង​ផ្ទុក​យន្តហោះ ធី​អូ​ដ័​រ រូ​ស្វ៊ែ​លត៍ បានធ្វើ​ដំណើរ​ចូល​សមុទ្រ​ចិន​ខាងត្បូង​ហើយ កាលពី​ថ្ងៃ​សៅរ៍(ទី២៣មករា) ដើម្បី​ដំណើរការ​ប្រតិបត្តិការផ្សេងៗ តាម​កិច្ចការងារ​ជាប្រចាំ “ក្នុងការ​ធានារ៉ាប់រង​លើ​សេរីភាព​របស់​ផ្ទៃសមុទ្រ និង​ការបង្កើត​ភាពជា​ដៃគូផ្សេងៗ ដែល​ឧបត្ថម្ភ គាំទ្រ​ដល់​សន្តិភាព​ក្នុងការ​ធ្វើដំណើរ​តាម​សមុទ្រ”

សេចក្ដីថ្លែងការណ៍ បាន​បញ្ជាក់ថា ក្រៅពី​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​មួយ​នោះ​ហើយ ហ្វូង​នាវាចម្បាំង​ទាំងនោះ ថែមទាំង​ប្រកបដោយ នាវា​បង់​គើ​រ ហ៊ីល​ល៍ ដែលជា​នាវា​ល្បាត​បំពាក់អាវុធ​កាំជ្រួច​ស្វែង​គោលដៅ Ticonderoga និង​នាវា​ពិឃាត​បំពាក់អាវុធ​កាំជ្រួច​ស្វែង​គោលដៅ Arleigh Berg ២គ្រឿង គឺ​នាវា​Russell និង​នាវា John Finn។

គួរ​បញ្ជាក់ដែរថា ក្នុងអំឡុងពេល​ចុងក្រោយ នៃ​ការ​គ្រង​តំណែង​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សហរដ្ឋអាមេរិក បាន​បង្កើន​សម្ព័ន្ធភាព​ជាមួយ​កោះ​ដែល​ក្រុង​ប៉េកាំង​ប្រកាន់​ថា ជា​មណ្ឌល​ក្បត់​របស់ខ្លួន​មួយ​នេះ ព្រមទាំង​បង្ហាញ​ភាពជា​គូបដិបក្ខ​ជាមួយ​ប្រទេស​ចិន ក្នុង​ប្រធានបទផ្សេងៗ ដូចជា​ពាណិជ្ជកម្ម និង​សន្តិសុខ​ជាតិ រហូតមក​ទៀតផង។

កាលពី​សប្ដាហ៍​កន្លងទៅ មន្ត្រីសំខាន់ៗ របស់លោក បៃ​ដិ​ន ដូចជា​លោក អ៊ែន​ថូ​នី ប្ល៊ី​ង​ខេន អ្នក​ដែល​ត្រូវ​បានស្នើ​ឈ្មោះ ឱ្យធ្វើជា​រដ្ឋមន្ត្រីការបរទេស និង​លោកស្រី ចេ​ណិ​ត យេ​លលេ​ន អ្នក​ដែល​បានទទួល​ការស្នើ​ឈ្មោះ ឱ្យធ្វើជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ សុទ្ធតែ​បានបង្ហាញ​ឥរិយាបថ ក្នុងការ​ដំណើរការ​នយោបាយ​រឹងត្អឹង​ជាមួយ​ប្រទេស​ចិន​ជា​បន្ត ក្នុងអំឡុង​ពេលដែល​ពួកគេ ទៅ​ផ្ដល់​សក្ខីកម្ម ដើម្បី​សុំ​ការអនុម័ត​រ៉ាប់រង ការចូល​គ្រង​តំណែង​របស់​ពួកគេ ពី​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក។ ក្រៅពីនោះ អ្នកតំណាង​របស់​កោះ​តៃវ៉ាន់ ដែលជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​សហរដ្ឋអាមេរិក​ខាង​ព្រឹត្តិ​ន័យ របស់​កោះ​មួយ​នេះ ក៏ត្រូវ​បាន​អញ្ជើញ​ជា​ផ្លូវការ ឱ្យចូល​រួម​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក បៃ​ដិ​ន កាលពី​ថ្ងៃ​ពុធ ទី២០ មករា​ដែរ។

ប៉ុន្តែ នៅក្នុង​សេចក្ដី​ថ្លែង​ព័ត៌មាន កាលពី​ថ្ងៃ​ព្រហស្បតិ៍ (ទី២១មករា) អ្នកនាំពាក្យ​ក្រសួងការបរទេស​រប​ស់​ចិន នៅបាន​ទាមទារ និង​ត្រូវ​ការឱ្យ​មានការ Reset សម្ព័ន្ធភាព​ចិន-សហរដ្ឋអាមេរិក ជាថ្មី​ឡើងវិញ ក្នុងពេលដែល​សហរដ្ឋ​អាមេរិក​ឈានចូល​យុគសម័យ​របស់លោក​បៃ​ដិ​ន​ហើយ ទោះបីជា​ខ្លួន​បាន​ព្រមាន​សហរដ្ឋអាមេរិក​ទៀត​ផង​ថា ឱ្យ “ចាត់ការ​លើ​បញ្ហា​តៃវ៉ាន់ ដោយ​ភាព​ប្រុងប្រយ័ត្ន និង​ត្រឹមត្រូវ​ស័ក្តិសម ដើម្បី​ការពារ កុំឱ្យ​បង្ក​គ្រោះថ្នាក់​ដល់​សម្ព័ន្ធភាព ចិន-សហរដ្ឋអាមេរិក​ក្ដី៕

យន្តហោះ​ទម្លាក់​គ្រាប់បែក H-6K របស់​ចិន ដែល​តៃវ៉ាន់ អះអាងថា រដ្ឋបាល​ចិន​បាន​បញ្ជូនមក​រំលោភ​ដែនអាកាស​របស់ខ្លួន

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ/AFP/AP

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.