សហរដ្ឋអាមេរិក៖  អ្នកស្រុក​ម្នាក់ នៅ​រដ្ឋ​ខា​លី​ហ្វ័​រនៀ សហរដ្ឋអាមេរិក បាន​ស្លាប់ភ្លាមៗ ប៉ុន្មាន​ម៉ោង​ក្រោយ បន្ទាប់ពី​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ហើយ​អាជ្ញាធរ កំពុង​ព្យាយាម​ស៊ើបអង្កេត រក​មូលហេតុ​នៃ​ការស្លាប់​លើក​នេះ។

ការិយាល័យ​អភិបាលស្រុក ផ្លា​ហ្ស៊ើ​រ ខោ​ន​ធី បាន​ផូ​ស្ត​សំណេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​សៅរ៍ (ទី២៣មករា) ថ្លែង​ពាក់ព័ន្ធ​នឹង​ការស្លាប់ និង​ការ​ដំណើរការ​ស៊ើបអង្កេត​អំពី​រឿងនេះ តែ​បានផ្ដល់​ព័ត៌មាន​លម្អិត​ត្រឹមតែ​បន្តិចបន្តួច​ប៉ុណ្ណោះ។

ចំណែក​ប៉ូលិស ក៏បាន​បញ្ជាក់​តែត្រឹម​ថា ខាង​ខោ​ន​ធី ដែល​ស្ថិតនៅក្នុង​តំបន់​សាក្រា​មែន​តូ​មួយ​នេះ បានទទួល​ការជូនដំណឹង ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​បុគ្គល​រូបនោះ កាលពីពេល​មិនយូរប៉ុន្មាន​នេះឯង។

បុគ្គល​រូបនោះ មាន​លទ្ធផល​ពិនិត្យ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី វិជ្ជមាន កាលពី​ខែធ្នូ និង​បានទទួល​វ៉ាក់សាំង កាលពី​មិន​ប៉ុន្មាន​ម៉ោង​មុន​ស្លាប់ កាលពី​ថ្ងៃទី២១ មករា តែ​យ៉ាងណាក៏ដោយ មិនមាន​ការបញ្ជា​ក់ថា អ្នកស្លាប់ ចូល​ទទួល​វ៉ាក់សាំង​មួយណា​ឡើយ។

“អង្គភាព​ទាំង​លំដាប់​តំបន់ និង​លំដាប់​រដ្ឋ និង​រដ្ឋបាលកណ្ដាល ជាច្រើន​អង្គភាព កំពុង​ស៊ើបអង្កេត​យ៉ាង​សស្រោកសស្រាំ​អំពី​ករណីនេះ របាយការណ៍ផ្សេងៗ ពាក់ព័ន្ធ​នឹង​មូលហេតុ​នៃ​ការស្លាប់​នេះ ហាក់ដូចជា​លឿន​ជ្រុល​ពេក និង​យើង​រង់ចាំ រហូត​ទាល់តែ​លទ្ធផល​ការស៊ើបអង្កេត​ចេញមក​ច្បាស់លាស់ ទើប​យើង​បញ្ជូន​សេចក្ដីសោកស្ដាយ និង​ក្ដី​ព្រួយបារម្ភ ទៅ​ក្រុមគ្រួសារ​អ្នកស្លាប់” ការិយាល័យ​អភិបាលស្រុក​បានបញ្ជាក់​បែបនេះ ព្រមទាំង​ប្រាប់ទៀតថា ស្ថាប័ន​ជំនាញ​នឹងមាន​ធ្វើ​កោសល្យវិច័យ​សាកសព នោ​ថ្ងៃ​ចន្ទ​នេះឯង(ទី២៥មករា)។

គួរ​បញ្ជាក់ដែរថា របាយការណ៍​ថ្មី​មួយ​នេះ បានដាក់​ទម្ងន់​បន្ថែម ទៅលើ​ក្ដីកង្វល់​ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់ផ្សេងៗ ដែល​អាច​បណ្ដាលមកពី​ការប្រើ​វ៉ាក់សាំង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ក្រោម​របាយការណ៍ រកឃើញ​អ្នកស្លាប់ បន្ទាប់ពី​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ រួចហើយ​នៅក្នុង​ប្រទេស​ជាច្រើន ទាំង​ក្នុង​សហរដ្ឋអាមេរិក​ខ្លួនឯង ព័រ​ទុយ​ហ្គា​ល់ និង​ន័​រវេ​យ៍ ចំណែក​អាល្លឺម៉ង់ និង​អ៊ីស្រាអែល ក៏មាន​របាយការណ៍​ថា រកឃើញ​មាន​អ្នកស្លាប់ បន្ទាប់ពី​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ បាន​មិនយូរប៉ុន្មាន​ដូចគ្នា តែ​មិនបាន​បញ្ជាក់​ពី​ការទាក់ទិន ឬ​ពាក់ព័ន្ធ​គ្នា​នោះទេ៕

ប្រភព៖ សារព័ត៌មាន Newyork Post/MGR Online

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.