​ទ្វីបអាស៊ី៖  ដំណឹង​ពី​ការចាប់ខ្លួន​ជន​ឈ្មោះ សេ ឈី ឡុ​ប ឬ Tse Chi Lop ដែលជា​ជនជាតិ​ចិន សញ្ជាតិ​កាណាដា នៅឯ​ព្រលានយន្តហោះ​ក្នុង​ទីក្រុង​អាំ​ស្ទើរ​ដាំ របស់​ប្រទេស​នេ​ធើរ​លែ​ន​ដ៍ បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​បណ្ដាញសារព័ត៌មាន​ទូទាំង​ពិភពលោក ព្រោះ​ជន​ឈ្មោះ សេ ឈី ឡុ​ប នេះ គឺជា​មេខ្លោង​ខ្សែបណ្ដាញ​ជួញដូរ​គ្រឿង​ដ៏​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក និង​ត្រូវបាន​គេ​ប្រៀបធៀប​ទៅនឹង​ស្ដេច​ថ្នាំញៀន​ដ៏​ល្បីល្បាញ ជនជាតិ​មិ​ក​ស៊ិ​កាំ​ង រហូត​បានទទួល​រហ​ស្សនាម​ថា ជា “អេ​ល ឆា​ប៉ូ នៃ​ទ្វីបអាស៊ី” ទៀតផង។

លោក សេ ឈី ឡុ​ប វ័យ ៥៧ឆ្នាំ ត្រូវបាន​ប៉ូលិស​នេ​ធើរ​លែ​ន​ដ៍ ចាប់ខ្លួនបាន កាលពី​ថ្ងៃទី២២ មករា កន្លងមកថ្មីៗនេះឯង តាម​ដីកាចាប់ខ្លួន របស់​ទីស្នាក់ការ​ប៉ូលិស​ជាតិ​របស់​អូស្ត្រាលី (AFP) ដែលមាន​កិច្ច​សហការគ្នា ជាមួយ​អង្គការ​ប៉ូលិស​អន្តរជាតិ ឬ Interpol។

លោក សេ ត្រូវបាន​ដាក់ចូល​បញ្ជី​ខ្មៅ ថា​ជា​ឧក្រិដ្ឋជន ដែល​ប៉ូលិស​ត្រូវ​ការខ្លួន ខ្លាំង​បំផុត​ក្នុង​ពិភពលោក ដោយ​គេ​ជឿថា លោក គឺជា​មេខ្លោង​ក្រុម “សាំ ករ៍ (Sam Gor Syndicate)” ឬ “ដឹ ខាំ​ផានី (The Company)” ដែលជា​ក្រុម​មួយ ក្នុង​ខ្សែបណ្ដាញ​ជួញដូរ​ថ្នាំញៀន​ដ៏​ធំ​បំផុត របស់​ពិភពលោក ដែល​ចាត់ចែង​បញ្ជូន​ថ្នាំញៀន​ទៅ​លក់​នៅក្នុង​ប្រទេស​ជាច្រើន ទូទាំង​ទ្វីបអាស៊ី មានតម្លៃ​សរុប​ក្នុង ឆ្នាំៗ ប្រមាណ​ជា ៧ម៉ឺន​លាន​ដុល្លារ​អាមេរិក។

ប៉ូលិស​អូស្ត្រាលី ជឿថា ដឹ ខាំ​ផានី ស្ថិតនៅ​ពីក្រោយ​គ្រឿងញៀន​ប្រមាណ​ជា ៧០% ដែល​ត្រូវបាន​លបលួច​នាំចូល​ប្រទេស​អូស្ត្រាលី។ ក្រុមហ៊ុន​ផ្សាយ​សំឡេង​អូស្ត្រាលី (ABC) បាន​រាយការណ៍​ថា បន្ទាប់​ពីនេះ​ទៅ ប៉ូលិស​អូស្ត្រាលី ដែល​តាម​ប្រមាញ់​លោក​សេ មក​ជាង ១០ឆ្នាំ​ហើយ​នោះ នឹងធ្វើ​លិខិត​ស្នើសុំ​បញ្ជូន​ខ្លួន​ជនល្មើស​ឆ្លងដែន ដើម្បី​នាំយក​រូបលោក​សេ ទៅ​ដំណើរការ​តាម​នីតិវិធី​ច្បាប់​នៅក្នុង​ប្រទេស​របស់ខ្លួន។

បើក​ជីវប្រវត្តិ Tse Chi Lop

អត្ថបទ​ពិសេស របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ដែល​បោះពុម្ពផ្សាយ​កាលពី​ឆ្នាំ2019 បាន​ហៅ​លោក​សេ ថា ជា “បុរស​ម្នាក់ ដែល​ប៉ូលិស​ត្រូវការ​ចាប់ខ្លួន​ខ្លាំង​បំផុត​ក្នុង​ទ្វីបអាស៊ី”

លោក​សេ មានឈ្មោះ​ហៅ​ក្រៅ​ថា “សាំ ករ៍” ជា​ភាសា​ចិន​ក្វាង​ទុង ដែល​ប្រែ​ថា “ប្អូនប្រុស​ទី៣” កើត​នៅក្នុង​មណ្ឌល​ក្វាង​ទុង ភាគខាងត្បូង​ប្រទេស​ចិន និង​នៅពេល​ធំ​ឡើង បាន​ចូលរួម​ក្នុង​ក្រុម Big Circle Gang ជា​ក្រុម​ឧក្រិដ្ឋជន ៣នាក់ ដែល​បង្កើតឡើង​ដោយ​អតីត​សមាជិក​ក្រុមយុវជន​ក្រហម (Red Guards) ក្នុងអំឡុងពេល​បញ្ចប់​ការ​បដិវត្ត​វប្បធម៌​នៅក្នុង​ប្រទេស​ចិន។

នៅពេល​តម​ក លោក​សេ បាន​ផ្លាស់​ទៅ​រស់នៅក្នុង​ទីក្រុង​ហុងកុង មុននឹង​ផ្លាស់​ទៅ​នៅ​ប្រទេស​កាណាដា។ បន្ទាប់ពីនោះ ក្នុង​ឆ្នាំ1998 លោក​សេ ត្រូវបាន​រដ្ឋបាល​សហ​រដ្ឋ​អាមេរិក ចាប់ខ្លួន​ក្នុង​បទល្មើស​ជួញដូរ​អាភៀន​ហេ​រ៉ូ​អ៊ី​ន ដោយ​បន្ទាប់ពី​រួច​ទោស​ក្នុង​ឆ្នាំ2006 លោក​បានធ្វើ​ដំណើរ​វិល​ត្រឡប់មក​ប្រកប​អាជីព​ងងឹត នៅក្នុង​ទ្វីបអាស៊ី​បន្តទៀត។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​អះអាង​ពី​ទិន្នន័យ​របស់​អង្គការសហប្រជាជាតិ ដែល​បាន​វាយតម្លៃថា ដឹ ខាំ​ផានី មាន​ប្រាក់ចំណូល ពី​ការលក់​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន តែ ១មុខ​គត់ ច្រើន​ដល់​ទៅ ១,៧ម៉ឺន​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ2018។

ទិន្នន័យ​ពី​ក្រុមប៉ូលិស និង​ការវិភាគ​របស់​អ្នកជំនាញការ បាន​បង្ហាញថា ដឹ ខាំ​ផានី គឺជា​មេខ្លោង​សំខាន់ ដែល​ធ្វើឱ្យ​ការលក់​ថ្នាំញៀន Crystal methamphetamine នៅក្នុង​ទ្វីបអាស៊ី កើនឡើង ៤ដង ក្នុងអំឡុងពេល​ចន្លោះ​ឆ្នាំ2014-2019 និង​ថែមទាំង​អ្នក​ផលិត​ហេ​រ៉ូ​អ៊ី​ន ធំជាងគេ​របស់​ពិភពលោក​ទៀតផង។

អង្គភាព​ព័ត៌មាន​សម្ងាត់ បានឱ្យដឹងថា មុន​ការ​ចាប់ខ្លួនបាន​លើក​នេះ មាន​បណ្ដាញ​ព័ត៌មាន​ប្រាប់ថា លោក​សេ តែងតែ​ផ្លាស់​ទៅ​រស់នៅ ដោយ​ចល័ត​ទៅ-មក រវាង​ម៉ា​កាវ-ហុងកុង និង​តៃវ៉ាន់។

ការព្យាយាម​តាមរក​ចាប់ខ្លួន​លោក​សេ ក្នុង​គ្រានេះ គឺជា​កិច្ចសហការ​ឆ្លង​ទ្វីប របស់​អង្គភាព​ប្រមាណ​ជា ២០អង្គភាព មកពី​ប្រទេស​ជាច្រើន ដោយមាន AFP ជា​អ្នក​នាំមុខ ដោយសារ​ព័ត៌មាន​រប​ស់​ប្រទេស​អូស្ត្រាលី បាន​បញ្ជាក់ថា ការចាប់ខ្លួន​បាន​ក្នុង​គ្រានេះ គឺជា “ស្នាដៃ​ដ៏​ធំ​បំផុត​មួយ” ក្នុង​ជុំ ២០ឆ្នាំ របស់ AFP៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.