អាមេរិច៖  កាលពី​ថ្ងៃទី២៥ មករា ម្សិលមិញ ទីភ្នាក់ងារ​ព័ត៌មាន នី​វ​ស្វ៊ី​ក (News Week) បាន​រាយការណ៍​ថា លោក​វេជ្ជបណ្ឌិត អ៊ែន​ថូ​នី ហ្វៅ​ស៊ី អគ្គនាយក​ស្ថាប័ន​ជំងឺឆ្លង និង​ប្រតិកម្ម​អាល្លែកហ្ស៊ី នៃ​ប្រទេស​អាមេរិក ដែលមាន​តំណែង​ជា​ប្រធាន​ក្រុមទី​ប្រឹក្សា​ទប់ទល់ ការឆ្លង​រាលដាល​របស់​ជំងឺឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ឆ្នាំ2019 ឬ​កូ​វីដ-១៩ របស់​សហរដ្ឋអាមេរិក បាន​បង្ហើប​ឱ្យដឹងថា ធ្លាប់​ត្រូវ​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បង្ខំ​ឱ្យ​លាក់បាំង​ទិន្នន័យ​ពិត របស់​ស្ថានការណ៍​វិបត្តិ ដែល​កើត​ឡើងជា​ច្រើនដង កាលពីពេល​កន្លងមក។

ការ​បង្ហើប​ឱ្យដឹង​របស់លោក​វេជ្ជបណ្ឌិត ហ្វៅ​ស៊ី នេះ បានកើត​ឡើង ក្រោយពី​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ចូល​ទទួល​តំណែង​ជា​មេដឹកនាំ​ថ្មី នៃ​សហរដ្ឋអាមេរិក និង​តែងតាំង​លោក​ហ្វៅ​ស៊ី ជា​ប្រធាន​ក្រុម​ដោះស្រាយ​ស្ថានការណ៍​ជំងឺ​កូ​វីដ-១៩ ដោយ​លោក​វេជ្ជបណ្ឌិត​ហ្វៅ​ស៊ី បាន​សម្ដែង​ភាព​ធូរទ្រូង ជាមួយ​អ្នកសារព័ត៌មាន និង​ទទួលស្គាល់ថា ភាពបរាជ័យ​របស់​ស​ហ​រដ្ឋ​អាមេរិក​កន្លង​មក មួយផ្នែក​បណ្ដាលមកពី​វិបត្តិ​មេដឹកនាំ។

មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​វិស្វកម្ម​បែប​ប្រព័ន្ធ នៃ​មហាវិទ្យាល័យ ច​ន ហប់​គី​នស៍ បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក មាន​ចំនួន​អ្នក​ឆ្លង​មេរោគ ២៥ ១២៤ ៩៤៨នាក់ ដោយ​ក្នុង​ចំនួន​នេះ មាន​អ្នកស្លាប់ ៤១៩ ២០៨នាក់ ខ្ពស់បំផុត​ក្នុង​ពិភពលោក ខណៈដែល​អ្នក​ឆ្លង​មេរោគ​សរុប​ទូទាំង​ពិភពលោក មាន​ដល់​ទៅ ៩៩ ១៩២ ៣៥៣នាក់ ក្នុង​ចំនួន​នេះ ស្លាប់ ២ ១២៩ ៤០៣នាក់​រួចហើយ។

លោក​វេជ្ជបណ្ឌិត ហ្វៅ​ស៊ី បានផ្ដល់​សម្ភាស ដោយបាន​សារភាព ជាមួយ​សារព័ត៌មាន​នី​វ​យ៉​ក ថា​ម​ស៍ ថា អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ព្យាយាម​លួងលោម​ឱ្យ​លោក សម្លឹងមើល​ពិភពលោក​ក្នុងន័យ​វិជ្ជមាន ទោះជា​ការពិត​របស់​ស្ថានការណ៍ វា​ផ្ទុយគ្នា​ស្រឡះ​ក៏ដោយ។

“ខ្ញុំ​ព្យាយាម ក្នុងការ​ប្រាប់​លោក​ប្រធានាធិបតី អំពី​ការពិតផ្សេងៗ និង​ភាព​ធ្ងន់ធ្ងរ​របស់​ស្ថានការណ៍ តែ​លោក​តែងតែ​ឆ្លើយ​មក​ខ្ញុំ​វិញ​ថា វា​មិនបាន​ធ្ងន់ធ្ងរ​ស្អី​ទេ ហើយ​ខ្ញុំ​ក៏​តែងតែ​ឆ្លើយ​ទៅវិញ​ដែរ​ថា តែ លោក​ប្រធានាធិបតី! វា​ពិតជា​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ហ្នឹង​មែន​ណា៎”

“គឺ​ការពិត លោក​ប្រធានាធិបតី ប្រហែលជា​ព្យាយាម​កៀបសង្កត់ ឱ្យ​ខ្ញុំ​កាត់បន្ថយ​ការពិត​ចុះ​បន្តិច ជំនួស

ឱ្យ​ការចង់​ប្រាប់​ខ្ញុំត្រង់ៗថា ខ្ញុំ​ចង់ឱ្យ​លោក​ឯង បន្ថយ​ភាព​ធ្ងន់ធ្ងរ របស់​ការពិត​ទាំងអស់នោះ​ចុះ​បន្តិច តែ​លោក​បែរជា​បន្លំ ធ្វើជា​និយាយថា អូ អ៊ីចឹង​ហ្អេ៎? វា​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ហ្នឹង​ផង​ហ្អេ៎? អ៊ីចឹង​ទៅវិញ”

“មាន​ជា​ច្រើនដង ដែល​ខ្ញុំ​ទៅ​ផ្ដល់ព័ត៌មាន អំពី​សញ្ញា​ដែល​នឹង​កើតឡើង​របស់​ស្ថានការណ៍ ដែល​ខ្ញុំ​ក៏​និយាយ​ទៅតាម​គោលការណ៍​ជំនាញ​ថា វា​អាច​នឹង​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​ហ្នឹង មើលទៅ​ដូចជា សម្លឹងមើល​ពិភពលោក​ក្នុងន័យ​អវិជ្ជមាន​អ៊ីចឹង រួចហើយ​លោក​ប្រធានាធិបតី ក៏​ហៅ​ខ្ញុំ​ទៅ​រិះគន់ថា អ៊ើ ម៉េច​មិន​មើល​ពិភពលោក​ក្នុងន័យ​វិជ្ជមាន​ខ្លះ​ហ្ន៎? ថា​ខ្ញុំ គួរតែ​មើល​ពិភពលោក​ក្នុងន័យ​វិជ្ជមាន​ណា៎ ហេតុ​អី​បាន​ខ្ញុំ ជា​មនុស្ស​មើល​ពិភពលោក​ក្នុងន័យ​អាក្រក់​បែប​ហ្នឹង…វា​ទៅជា​អ៊ីចឹងទៅ?” លោក​ហ្វៅ​ស៊ី បាន​រៀបរាប់​បែបនេះ។

លោក​វេជ្ជបណ្ឌិត ហ្វៅ​ស៊ី បាន​រៀបរាប់​ទៀតថា លោក​ធ្លាប់​បានបង្ហាញ​ពី​ក្ដីកង្វល់ ប្រាប់​ទៅ​លោក​អតីត​ប្រធានាធិបតី ត្រាំ ដែល​ច្រើនតែ​ជឿ​លើ​ការយល់ឃើញ និង​ដំបូន្មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ-១៩ ពី​បណ្ដា​មិត្តភក្តិ ក្នុង​រង្វង់​អ្នក​ធុរកិច្ច​របស់​ខ្លួនឯង​ខ្លាំង​ជាង។

“វា​ច្បាស់លាស់​ណាស់​ថា លោក​ប្រធានាធិបតី ច្រើនតែ​ជឿ​ពាក្យសម្ដី របស់​បណ្ដា​អ្នក ដែល​ទូរស័ព្ទ​មករក​លោក ខ្ញុំ​មិនដឹងថា អ្នកណាខ្លះ​ទេ អាចជា​មិត្តភក្តិ ដែល​លោក​ស្គាល់​សម័យ​ធ្វើ​ជំនួញ​ជាមួយគ្នា ក៏​មិនដឹង? ហើយសុខៗ ក៏​មក​និយាយ​ជាមួយ​ខ្ញុំ ក្នុង​ទំនង​ថា នែ ខ្ញុំ​ឮសូរ​ថា ថ្នាំ​នេះ ថ្នាំ​នោះ វា​ល្អ​ណា៎ ឬ​មិន​ទេ ក៏​អ៊ើ វិធី​បែប​ចាក់​សេរ៉ូម​ប្លា​ស្មា​ឱ្យត្រង់ៗតែម្ដង ក៏​ល្អ​ដែរ​ណា៎…លោក​ទៅ​ជឿ​គេ បែប​គ្មាន​ទិន្នន័យ​អី​អះអាង​ទាល់តែសោះ មិនមែន​ត្រឹមតែ​ថ្នាំ ហាយ​ដ្រុ​ក​ស៊ីក្លូ​រ៉ូ​គីន(ថ្នាំ​ប្រឆាំង​ជំងឺគ្រុនចាញ់)តែ​ម្យ៉ាង​ទេ”

ករណី​ថ្នាំ​ប្រឆាំង​ជំងឺគ្រុនចាញ់ ហាយ​ដ្រុ​ក​ស៊ីក្លូ​រ៉ូ​គីន បាន​ក្លាយជា​ព័ត៌មាន​ធំ​នៅលើ​ទំព័រសារព័ត៌មាន ក្រោយពី​អតីត​ប្រធានាធិបតី ត្រាំ បាន​អះអាងថា ខ្លួនឯងបាន​លួច​លេបថ្នាំ​នោះ ដើម្បី​ការពារ​ជំងឺ​កូ​វីដ-១៩ និង​ថែមទាំង​ធ្លាប់បាន​សរសេរ​នៅក្នុង​ធ្វី​ត​ធើ​រថា ជា​ថ្នាំ​ព្យាបាល​កូ​វីដ-១៩ ទាំង​ទីភ្នាក់ងារ​អាហារ និង​ថ្នាំ ឬ FDA របស់​សហរដ្ឋអាមេរិក បាន​សម្ដែង​ការមិនយល់ស្រប​ទៀតផង ព្រោះ​អាចមាន​ផលប៉ះពាល់​ដល់​បេះដូង ដែល​ទាំងអស់នេះ នៅ​ទី​បញ្ចប់ទៅ ការពិសោធ បាន​រកឃើញថា ថ្នាំ​ខាងលើ​នោះ មិន​រកឃើញ​មាន​លទ្ធផល ក្នុងការ​តតាំង​ជំងឺ​កូ​វីដ-១៩ឡើយ។

“ខ្ញុំ​ធ្លាប់បាន​ព្យាយាម អធិប្បាយ​ពន្យល់​ជាបណ្ដើរៗ ឱ្យ​លោក​ប្រធានាធិបតី​យល់ថា ថ្នាំ នឹង​បានដឹង​ពី​លទ្ធផល ឬក៏​អត់​នោះ ត្រូវយក​វា​ទៅ​ចូល​កម្មវិធី​ពិសោធ​ជាមុនសិន  តែ លោក​បាន​ឆ្លើយ​មក​ខ្ញុំ​វិញ​ថា អត់ទេ! ថ្នាំ​នេះ ប្រើការ​បាន” លោក​វេជ្ជបណ្ឌិត ហ្វៅ​ស៊ី បានបញ្ជាក់​នៅ​ទីបញ្ចប់៕

ប្រភព៖ សា​ព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.