ភ្នំពេញ៖  សមាគម​សម្ព័ន្ធ​ខ្មែរ-ចិន​នៅ​កម្ពុជា ប្រគល់​ថវិកា​ប្រមាណ​ជាង ១២ម៉ឺន​ដុល្លារ  និង​ជាង ១៧០០ លាន​រៀល ជូន “មូលនិធិ​គន្ធបុប្ផា​កម្ពុជា” ក្រោម​វិភាគទាន​សប្បុរសធម៌ ទទួលបាន​ពី​គណៈ​គ្រប់គ្រង និង​បុគ្គលិក​នៅតាម​បណ្ដា​ក្រុមហ៊ុន​នានា លោកគ្រូ អ្នកគ្រូ និង​សមាជិក​នានា​ក្នុង​ក្របខណ្ឌ​នៃ​សមាគម​សម្ព័ន្ធ​ខ្មែរ-ចិន​នៅ​កម្ពុជា ។

លោក​ឧកញ៉ា ពុង ឃាវ​សែ សមាគម​សម្ព័ន្ធ​ខ្មែរ-ចិន​នៅ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន  OCIC  ដែល​បាន​ដឹកនាំ​ប្រតិភូ​ចូលជួប​សំណេះសំណាល​ជាមួយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ “មូលនិធិ​គន្ធបុប្ផា​កម្ពុជា” នា​ថ្ងៃទី  ២៥  មករា  ឆ្នាំ២០២១នេះ  បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ចំពោះ​សុខមាលភាព កុមារ​កម្ពុជា តាមរយៈ “មូលនិធិ​គន្ធបុប្ផា​កម្ពុជា។  ជាមួយគ្នានេះ​លោក​ឧកញ៉ា ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​តែងតែ​គាំទ្រ​ដល់​វិស័យ​ធុរកិច្ច​របស់​វិនិយោគិន​ចិន ក៏ដូចជា​សមាគមន៍​ខ្មែរ-ចិន  ។ លោក​ឧកញ៉ា ក៏បាន​សន្យាថា  នឹង​បន្ត​បំផុស​ចលនា​គាំទ្រ និង​ចូលរួម​ជាមួយ “មូលនិធិ​គន្ធបុប្ផា​កម្ពុជា” ជា​បន្តបន្ទាប់ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី  បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទឹក​សប្បុរសធម៌ និង​ការចូលរួម​ជាប្រចាំ​ពី​សំណាក់​សមាគម​សម្ព័ន្ធ​ខ្មែរ-ចិន​នៅ​កម្ពុជា ពី​វិស័យ​ឯកជន ជាពិសេស​បណ្ដា​ធុរជន និង​វិនិយោគិន​ចិន​នៅ​កម្ពុជា ដែល​បង្ហាញ​ពី​ស្មារតី​ចូលរួមចំណែក​ជាប្រចាំ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ផ្ដល់​ការ​គាំពារ និង​លើកកម្ពស់​សុខុមាលភាព​កុមារ​រាប់លាន​នាក់​នៅ​កម្ពុជា ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.