វ៉ាក់សាំង​កូ​វីដ-១៩៖  អង្គការ​មនុស្សធម៌ Oxfam បាន​បញ្ជាក់ថា ចំណូល​ដែល​កើនឡើង ចាប់តាំងពី​ខែមីនា ២០២០ របស់​មហាសេដ្ឋី​ពិភពលោក ចំនួន ១០នាក់ គិត​ជា​ប្រាក់​សរុប​រួមគ្នា ប្រមាណ​ជា ៥,៤សែន​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ទាំងអស់នេះ វា​ច្រើន​ល្មម​គ្រប់គ្រាន់ ក្នុង​ការយកទៅ​ប្រើប្រាស់​ដើម្បី​ការពារ មិនឱ្យ​មនុស្ស​គ្រប់រូប​លើ​ពិភពលោក ត្រូវ​ធ្លាក់​ចូលក្នុង​សភាព​ទីទ័លក្រ និង​ថែមទាំង​អាច​ចាយ​ថ្លៃ​វ៉ាក់សាំង សម្រាប់​មនុស្ស​ទាំងអស់​គ្នា បាន​ទៀតផង។

របាយការណ៍​របស់ Oxfam បាន​រកឃើញថា ភាពមានបាន រួមគ្នា​របស់​មហាសេដ្ឋី ស្មើនឹង​ការចំណាយ​ទាំងអស់ ដែល​រដ្ឋាភិបាល ក្នុង​ក្រុម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ខ្នាត​ធំ ២០ប្រទេស ឬ G 20 បាន​ចំណាយ​ទៅលើ​ការស្ដារ​ប្រទេស​ឡើងវិញ ពី​ការឆ្លង​រាលដាល​របស់​មេរោគ​វីរុស ដែល​ធ្វើឱ្យ​កើត​ជំងឺ​កូ​វីដ-១៩។

របាយការណ៍​របស់ Oxfam បាន​បញ្ជាក់ថា ប្រាក់ចំណូល​របស់លោក ចេ​ហ្វ​ហ្វ៍ បេ​ហ្សូ​ស ដែល​កើនឡើង​តាំងពី​ខែមីនា ឆ្នាំទៅ មាន​ចំនួន​ច្រើន​គ្រប់គ្រាន់ ក្នុងការ​ចំណាយ​លើ Bonus ឱ្យ​បុគ្គលិក​ទាំងអស់ បាន​ប្រមាណ​ជាជាង ១សែន​ដុល្លារ ក្នុងម្នាក់ៗ

អង្គការ​សប្បុរសធម៌​មួយ​នេះ ក៏បាន​អំពាវនាវ​ឱ្យ​រដ្ឋបាល​ប្រទេសផ្សេងៗ ងាក​មក​ប្រមូល​ពន្ធ​ភាស៊ី ពី​អ្នក​ដែលមាន​ឋានៈ​មានបាន​មហាសាល ថែម​ឡើង​ទៀតផង​ដែរ។

មានការ​ផ្សព្វផ្សាយ​របា​យ​ការណ៍​ពី​ប្រធានបទ “វីរុស​នៃ​ភាពមិន​ស្មើគ្នា” (Inequality Virus) ក្នុងខណៈដែល​បណ្ដា​មេដឹកនាំ​ពិភពលោក​កំពុង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពី​ចម្ងាយ Davos Dialogue ដែល​រៀបចំ​ដោយ Wold Economic Forum។

Oxfam បាន​បញ្ជាក់ថា ការដែល​រដ្ឋបាលផ្សេងៗ គាំទ្រ​សេដ្ឋកិច្ច​ក្នុងប្រទេស​យ៉ាង​មិន​ធ្លាប់​កើតមាន​ពីមុនមក​នោះ បានធ្វើឱ្យ​ផ្សារ​ហ៊ុន រីក​ធំធាត់​ឡើង និង​ជំរុញ​ឱ្យ​ភាពមានបាន របស់​មហាសេដ្ឋី​កើនឡើង ខណៈដែល​សេដ្ឋកិច្ច​ពិតប្រាកដ កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​យ៉ាង​អាក្រក់​បំផុត​ក្នុង​ជុំ ១សតវត្សរ៍។

របាយការណ៍ នៅបាន​ចង្អុលបង្ហាញ​ទៀតថា  ភាពមានបាន​របស់​ម​ហា​សេដ្ឋី​ទូទាំង​ពិភពលោក បាន​កើនឡើង​ប្រមាណ ២,៩លាន​លាន​ដុល្លារ​អាមេរិក ក្នុងអំឡុងពេល​ចាប់ពី​ថ្ងៃទី១៨ មីនា ដល់​ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០ និង​បច្ចុប្បន្ន​ស្ថិតក្នុង​តួលេខ ១១,៩៥លាន​លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង​ចំនួន​ទឹកប្រាក់​ដែល​រដ្ឋបាល​ក្នុង​ក្រុម​ប្រទេស G 20 បាន​ប្រើប្រាស់ ដើម្បី​ទប់ទល់​នឹង​ការឆ្លង​រាលដាល​របស់​មេរោគ​កូ​វីដ-១៩។

អ្នក​ដែលមាន​ខ្លាំងជាងគេ​បំផុត ក្នុង​ពិភពលោក ១០នាក់ ដែលមាន​ទ្រព្យសម្បត្តិ​កើនឡើង​រួមគ្នា​ប្រមាណ ៥,៤សែន​លាន​ដុល្លារ​អាមេរិក តាំងពី​ខែមីនា ឆ្នាំ២០២០នោះ រួមមាន​ទាំង​លោក ចេ​ហ្វ​ហ្វ៍ បេ​ហ្សូ​ស ស្ថាបនិក​អា​ម៉ា​ហ្សូ​ន, លោក អ៊ី​ឡ​ន ម៉ា​សក៍ ស្ថាបនិក ថេ​ស្លា(Tesla) និង​ម៉ាក ហ្សា​ក់​ឃើ​រ​ប៊ើ​ក ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក ផងដែរ។

ដោយ​នៅក្នុង​ខែកញ្ញា ២០២០ លោក​បេ​ហ្សូ​ស មាន​ប្រាក់ចំណូល​ច្រើន ដល់​ថ្នាក់ ដែល​លោក​អាច​ចាយប្រាក់ Bonus ចំនួន ១០៥ ០០០ដុល្លារ​អាមេរិក ឱ្យ​បុគ្គលិកម្នាក់ៗ បាន​ទាំង ៨៧៦ ០០០នាក់ របស់​ក្រុមហ៊ុន​អា​ម៉ា​ហ្សូ​ន ហើយ​លោក​នៅតែមាន​ទ្រព្យសម្បត្តិ​នៅសល់ ស្មើនឹង​អំឡុង​ពេលមុន​កើតការ​ឆ្លង​រាលដាល​របស់​កូ​វីដ-១៩ ដដែល។

របាយការណ៍​របស់ Oxfam បាន​រកឃើញថា មនុស្ស​ជាច្រើន​លាន​នាក់ បាន​ប្រឈម​នឹង​សភាវ​ទីទ័លក្រ

តែ សម្រាប់​អ្នក​ដែល​ទីទ័លក្រ​បំផុត នៅក្នុង​ពិភពលោក​វិញ អាច​ត្រូវ​ប្រើពេល​វេលា​យូរ​ជាង ១០ឆ្នាំ ទម្រាំ​នឹង​ស្ដារ​ខ្លួន​ឡើងវិញ​បាន ដោយ Oxfam បាន​វាយតម្លៃថា ការឆ្លង​រាលដាល​របស់​កូ​វីដ-១៩ បាន​រុញច្រាន​មនុស្ស ឱ្យ​ធ្លាក់ចូល​ឆ្ពោះទៅរក​សភាវ​ទីទ័លក្រ កើនឡើង​ច្រើន ដល់​ទៅ ៥០០លាន​នាក់ និង​ធ្វើឱ្យមាន​សញ្ញា​ថា ភាព​ទីទ័លក្រ​ទូទាំង​ពិភពលោក ដែល​ធ្លាក់ចុះ​ក្នុងអំឡុង ២០ឆ្នាំ​កន្លង​ទៅនោះ ត្រូវ​ឈាន​ថយក្រោយ​ថែមទៀត៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន BBC

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.