សហរដ្ឋអាមេរិក៖ អង្គភាព​សុខភាព​សាធារណៈ នៃ​រដ្ឋ​មីន​នី​សូ​តា របស់​សហរដ្ឋអាមេរិក បាន​រាយការណ៍ ពី​ការរកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ ប្រភេទ “P.1” ជា​មេរោគ​ក្លាយ​ពូជ ដែល​រកឃើញ​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល និង​ជា​អ្នកជំងឺ ដែល​បាន​អះអាង​ដំបូង​ថា​បាន​ឆ្លង​មេរោគ​នេះ ក្នុងប្រទេស​អាមេរិក។

សេចក្ដីប្រកាស ពី​អង្គភាព​សុខភាព​សាធារណៈ នៃ​រដ្ឋ​មីន​នី​សូ​តា នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ចន្ទ (ទី២៥ មករា) ខណៈដែល​លោក​ប្រ​ធានា​ធីប​តី ចូ បៃ​ដិ​ន កំពុង​ចុះហត្ថលេខា ពន្យារពេល​បន្ថែមទៀត លើ​បទបញ្ជា ហាម​ជនបរទេស​ស្ទើរតែ​ទាំងអស់ ដែល​មកពី​ប្រទេស​ប្រេ​ស៊ី​ល, អាហ្វ្រិក​ខាងត្បូង, ចក្រភព​អង់គ្លេស, អៃ​លែ​ន​ដ៍ និង ២៦ប្រទេស ក្នុង​អឺរ៉ុប ធ្វើដំណើរ​ចូលមកក្នុង​សហរដ្ឋអាមេរិក។

នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ នៃ​សហរដ្ឋអាមេរិក (CDC) បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ (ទី២៤មករា) ថា រដ្ឋបាលកណ្ដាល​សហរ​ដ្ឋ​អាមេរិក បាន​លើកកម្ពស់​វិធានការ​តាមដាន​ការ​ក្លាយ​ពូជ​របស់​វីរុស​កូ​រ៉ូ​ណា ដែល​មកដល់ពេលនេះ បាន​រកឃើញ​មាន​មេរោគ​ក្លាយ​ពូជថ្មីៗជាច្រើន បង្ហាញខ្លួន​ឡើង​នៅក្នុង​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក។

វីរុស SARS-CoV-2  ដែល​គេ​ហៅថា ប្រភេទ “Brazil P.1” ត្រូវបាន​រកឃើញ​នៅក្នុង​ពលរដ្ឋ នៃ​រដ្ឋ​មីន​នី​សូ​តា ម្នាក់ ដែល​ទើប​ធ្វើដំណើរ​ត្រឡប់​មកពី​ប្រទេស​ប្រេ​ស៊ី​ល កាលពីពេលថ្មីៗ ដែល​ករណីនេះ អាច​និយាយបានថា គឺជា​អ្នកជំងឺ​កូ​វីដ-១៩ ប្រភេទ P.1 ដំបូង​គេ​នៅក្នុង​ប្រទេស​អាមេរិក។

ទោះជា​វីរុស​ក្លាយ​ពូជ មកពី​ប្រទេស​ប្រេ​ស៊ី​ល អាច​ចម្លង​សាយភាយ បាន​ងាយ​ជាង​វីរុស​ប្រភេទ​ចាស់​ពីមុន​ក្ដី តែ​នៅ​មិនទាន់មាន​ទិន្នន័យ​អះអាងថា វា​នឹង​បង្ក​ឱ្យ​កើត​អាការ​ជំងឺ​ធ្ងន់ធ្ងរ​ជាង​មុន ឬ​យ៉ាងណា​នៅឡើយ។

អ្នកវិទ្យាសាស្ត្រ មិនទាន់​រកឃើញ​ភាពស្រដៀងគ្នា រវាង​មេរោគ​កូ​វីដ-១៩ មកពី​ប្រេ​ស៊ី​ល ជាមួយ​វីរុស​ក្លាយ​ពូជ “501Y.V2” មកពី​អាហ្វ្រិក​ខាងត្បូង ដែល​កាត់បន្ថយ​ប្រសិទ្ធភាព​របស់​ថ្នាំ ៣ប្រភេទ​ដែល​អភិវឌ្ឍ​ចេញពី “Antibody” ឬ​សារធាតុ​ប្រឆាំង​ជំងឺ ដែល​បាន​ពី​មនុស្ស​ធ្លាប់​ឆ្លង​មេរោគ​កូ​វីដ-១៩នៅឡើយ ដូច្នេះ​ទើប វា​មាន​ភាព​អាចទៅរួច ដែល​វីរុស P.1 អាច​នឹង​តតាំង​ការព្យាបាល​ដោយ​ថ្នាំ​ប្រភេទ Antibody ដូចគ្នា​នោះបាន។

ក្រៅពី​មេរោគ​ក្លាយ​ពូជ​ទាំង ២ប្រភេទ ដែល​រៀបរាប់​មកហើយ​នេះ នៅមាន​កូ​វីដ-១៩ ក្លាយ​ពូជ មកពី “ចក្រភព​អង់គ្លេស” ដែល​ពេលនេះ បាន​រកឃើញ​មាន​អ្នកជំងឺ​ហើយ នៅក្នុង​យ៉ាងតិច ២០រដ្ឋ​ទូទាំង​សហរដ្ឋអាមេរិក៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

 

Leave a Reply

Your email address will not be published.