សហរដ្ឋអាមេរិក៖ នៅមាន​សល់​សាកសព​មួយ នៅក្នុង​បន្ទប់​សម្រាក​ហូបបាយ និង​មាន​សាកសព ដែល​បាន​ចាក់​ថ្នាំ ការពារ​ការ​ហើម​ស្អុយ​រួចហើយ ជាច្រើន​ទៀត​នៅក្នុង​រោង​ឡាន…នេះ គឺជា​ឈាបនដ្ឋាន​មួយ ដែលមាន​ឈ្មោះថា “ប៊​យ​ដ៍ ហ្វី​វ​នើ​រ៉ា​ល ហូ​ម” ឬ​រោង​ប្រកប​ពិធី​ឈាបនកិច្ច​សាកសព។ ជា​ធុរកិច្ច​ក្នុង​គ្រួសារ​តូច​មួយ ក្នុង​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស រដ្ឋ​ខា​លី​ហ្វ័​រនៀ សហរដ្ឋអាមេរិក ដែលមាន​សាកសព​មនុស្ស​ស្លាប់ ដោយសារ​ការឆ្លង​រាលដាល​របស់​វីរុស​កូ​វីដ-១៩ ដ៏​ច្រើន រហូតដល់​ធ្វើឱ្យ​ខាង​ឈាបនដ្ឋាន​មួយ​នេះ ត្រូវបដិសេធ ផ្អាក​ទទួល​សាកសព បណ្ដោះអាសន្ន​សិន ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ក៏​អាច​ថា​បានដែរ។

ម្ចាស់​ឈាបនដ្ឋាន​មួយ​នេះ​គឺ អ្នកស្រី ឃែ​ន​ឌី ប៊​យ​ដ៍ បាន​ប្រាប់ថា សប្ដាហ៍​មុន​នោះ អ្នកស្រី​ត្រូវបដិសេធ​មិន​ទទួល​ឈាបនកិច្ច​សព ពី​គ្រួសារ​អ្នកស្លាប់​ដល់​ទៅ ១៦នាក់ ដោយ​ប្រាប់ថា សូម​អភ័យទោស​ផង​ចុះ ដែល​មិនអាច​ផ្ដល់​សេវាកម្ម​ប្រកប​ពិធី​ឈាបនកិច្ច​សព​ជូន​បាន…ជា​រឿង​ដ៏​គួរឱ្យ​សោកសៅ​ខ្លាំងណាស់ តែ​វា​ក៏ត្រូវ​តែ​ធ្វើ​បែប​ហ្នឹង ព្រោះ​កាលពី ២សប្ដាហ៍​មុន វីរុស​កូ​វីដ-១៩ បាន​វាយប្រហារ​មកលើ​ពួកយើង ធ្ងន់ធ្ងរ​មែនទែន នៅក្នុង​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស ដែល​អាច​និយាយបានថា ៨០% នៃ​ចំនួន​អ្នកស្លាប់ ដែល​ចូលមកក្នុង​ឈាបនដ្ឋាន​របស់​អ្នកស្រី គឺ​ស្លាប់​ដោយសារ​មេរោគ​កូ​វីដ-១៩។

តួលេខ​ស្ថិតិ របស់​ជំងឺ​រាតត្បាត​ធ្ងន់ធ្ងរ នៅក្នុង​ឡូ​ស​អ៊ែន​ជើ​ឡេស ទីក្រុង​ធំ​លំដាប់​លេខ២ របស់​ប្រទេស បាន​រកឃើញថា ១ភាគ១០ នៃ​ចំនួន​ប្រជាជន​ក្នុង​ទីក្រុង​នេះ ត្រូវបាន​ឆ្លង​មេរោគ ព្រមជាមួយ​តួលេខ​អ្នកស្លាប់ ប្រចាំថ្ងៃ​ជិត ៣០០សព កាលពី​សប្ដាហ៍​កន្លងទៅ និង​ស្លាប់​ទូទាំងប្រទេស​លើស ៤០០ ០០០នាក់​ទៅហើយ។

នៅឯ​តុ​ទទួលភ្ញៀវ របស់​ឈាបនដ្ឋាន​មួយ​នេះ សំឡេង​ទូរស័ព្ទ​រោទ៍ បាន​លាន់ឮ​ឡើង​ជាប់​មិន​ដាច់ តែ​ភាគច្រើន នឹង​មិនមាន​អ្នកណា​លើក​ទទួល​ទេ ព្រោះ​បុគ្គលិក​របស់​ឈាបនដ្ឋាន​នេះ បាន​ផ្អាក​ការ​កក់​កន្លែង​បូជាសព និង​បាន​ប្រាប់​ទៅ​អតិថិជន​វិញ(គ្រួសារ​អ្នកស្លាប់) ថា ត្រូវ​មក​ដោយ​ខ្លួនឯង និង​តម្រង់​ជួរ​រង់ចាំ​ទទួល​ការបម្រើ​សេវាកម្ម។ ក្រៅពីនោះ នៅមាន​ទូរស័ព្ទ ពី​ក្រុមគ្រួសារ​អ្នកស្លាប់ មកពី​ប្រទេស​ផ្សេងទៀត ដែល​ស្ថិតនៅ​ឆ្ងាយ ដែល​បើ​ធ្វើដំណើរ​តាម​រថយន្ត ក៏ត្រូវ​ចំណាយពេល ប្រមាណ​ជាជាង ១ម៉ោង។

បន្ទប់​តម្កល់សព នៅក្នុង​មន្ទីរពេទ្យ​ជាច្រើន​កន្លែង ក៏​ពេញ​ទាំងអស់​ដូចគ្នា ខណៈដែល​មន្ត្រី​កោសល្យវិច័យ​សាកសព​ក្នុង​តំបន់ ត្រូវ​ប្រើ​រថយន្ត​ក្លាស្សេ​ត្រជាក់ធំៗ សម្រាប់​រក្សាទុក​សាកស​ព បណ្ដោះអាសន្ន​សិន រួមទាំង​ទីលាន​បញ្ចុះសព​ខ្លះ បាន​ប្រាប់​អតិថិជន​ថា ត្រូវ​រង់ចាំ​ទទួល​លេខ​រៀង ២សប្ដាហ៍​ទៀត…អ្វីៗគ្រប់យ៉ាង បាន​ធ្លាក់​ចូលក្នុង​ភាពអាក្រក់​យ៉ាងធ្ងន់ធ្ងរ រហូត​ហួស​នឹង​អាច​គ្រប់គ្រង​បាន។

អំឡុង​ពេលដែល​អ្នកយក​ព័ត៌មាន​របស់ AFP ទៅធ្វើ​ព័ត៌មាន នៅឯ​ឈាបនដ្ឋាន​មួយ​នេះ ពួកគេ​បាន​រកឃើញថា នៅមាន​សាកសព​នៅក្នុង​ក្ដារ​មឈូស ដែល​ទុក​នៅក្នុង​បន្ទប់​សម្រាក យូរ​ជាង ១សប្ដាហ៍​មកហើយ ទាំង​ដែល​បន្ទប់​នេះ ម្ចាស់​វា​បាន​ប្រាប់ថា ជា​បន្ទប់​សម្រាក សម្រាប់​ទទួល​អាហារ​ថ្ងៃត្រង់ តែ​ក៏​ត្រូវតែ​ប្រើ​បន្ទប់​សម្រាក​នេះ ដើម្បី​រក្សា​សាកសព​ទុក​សិន​ដែរ ព្រោះ​កំពុងស្ថិត​ក្នុងអំឡុងពេល ការផ្ដល់​សេវាកម្ម ប្រកប​ពិធី​ឈាបនកិច្ច​សព ចំណែក​ឯខាង​ទីលាន​បញ្ចុះសព​វិញ ក៏មាន​ការងារ​ច្រើន​លើសលប់​ខ្លាំង​ណាស់ដែរ ទើបត្រូវ​ប្រាប់​អតិថិជន ឱ្យ​រង់ចាំ​សិន ទម្រាំ​នឹងមាន​ពេលធ្វើ​ពិធី​បញ្ចុះ​ឱ្យ។

តំបន់​ទី​ស្នាក់នៅ វេ​ស្ទ​ម៉ុ​ន​ត៍ ភាគខាងត្បូង នៃ​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស ដែល​ពលរដ្ឋ​ភាគច្រើន ជា​អ្នកធ្វើការ​ស្បែក​ខ្មៅ និង​ជាប់​ខ្សែស្រឡាយ​ឡាទីន កំពុង​រស់នៅ​យ៉ាងច្រើន​នោះ ជា​តំបន់​នេះ ត្រូវបាន​គេ​និយាយថា កំពុង​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ពី​ការឆ្លង​រាលដាល​របស់​មេរោគ​វីរុស​ដ៏​កាច​សាហាវ​នេះ និង​មាន​អត្រា​ស្លាប់ ខ្ពស់ជាង​តំបន់ផ្សេងៗទៀត ដល់​ទៅ ២-៣ដង​ឯណោះ។

វិល​មក​កន្លែង​ឈាបនដ្ឋាន​របស់​អ្នកស្រី ប៊​យ​ដ៍ ម្ដងទៀត…បន្ទប់​តម្កល់​សាកសព​ក្លាស្សេ​ត្រជាក់ ដែលមាន​ស្រាប់​នោះ បាន​ពេញ​ជាប់​រហូត កាលពី ២សប្ដាហ៍​មុន ដូច្នេះហើយ ទើប​អ្នកស្រី ត្រូវ​ជួល​ជាងឱ្យមកធ្វើ​ទូ​ឈើ​ខ្នាត​ធំ​មួយ នៅក្នុង​រោង​ដាក់​ឡាន​របស់​ឈាបនដ្ឋាន ដើម្បី​ធ្វើជា​កន្លែង​តម្កល់​សាកសព ដែល​បាន​ចាក់​ថ្នាំ​ការពារ​ហើម​ស្អុយ​រួចហើយ។

ឈាបនដ្ឋាន​មួយចំនួនទៀត មិនអាច​ធ្វើ​ពិធី​ឈាបនកិច្ច​ឱ្យ​អតិថិជន​បានឡើយ ដោយសារតែ​គ្មាន​អុស សម្រាប់​ដុត​សាកសព តែ​ឈាបនដ្ឋាន​របស់​អ្នកស្រី ប៊​យ​ដ៍ វិញ មាន​អុស​ឈើ បម្រុង​ទុក​យ៉ាង​គ្រប់គ្រាន់។

អ្នកស្រី ឃែ​ន​ឌី ប៊​យ​ដ៍ បាន​ប្រាប់ទៀតថា អ្នកស្រី​ក៏​បារម្ភ​ដូចគ្នា​ដែរ​ថា បុគ្គលិក​របស់​អ្នកស្រី ដែលមាន​ទាំងអស់ ៥នាក់​នោះ អាច​នឹង​ឆ្លង​មេរោគ​កូ​វីដ-១៩ ក្នុងអំឡុងពេល​ឆ្លង​រាលដាល​លើកដំបូង ដូច្នេះហើយ  ទើប​អ្នកស្រី​មិន​ព្រម​ទទួល​បូជា​សាកសព​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ-១៩ នោះទេ តែ​ជាល​ទ្ឋ​ផល​វិញ វា​ធ្វើឱ្យ​អ្នកស្រី ជួបនឹង​សុបិន​អាក្រក់ ដល់​ថ្នាក់​ហូប​មិនបាន សម្រាន្ត​មិន​លក់  ដូច្នេះ ទើប​អ្នកស្រី​កំណត់​វិធានការ​សម្រាប់​សុវត្ថិភាព​មួយចំនួន​ឡើង ដែល​ធ្វើឱ្យ​អ្នកស្រី និង​បុគ្គលិក មាន​អារម្មណ៍​សប្បាយ​ចិត្តបាន​ខ្លះ​ឡើងវិញ សម្រាប់​ការចាត់ការ​សាកសព​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ ដែល​ចូលមក មាន​ចំនួន​ដ៏​ច្រើន លើសពី​ការ​នឹកស្មាន។

អ្នកស្រី​អះអាងថា វា​មិនមាន​ពាក់ព័ន្ធ​នឹង​រឿង​លុយកាក់​ទេ តែ​វា​ជាការ​ជួយសង្គ្រោះ​ក្រុមគ្រួសារ និង​ជួយ​យកអាសា​ពួកគេ ឱ្យ​ឆ្លង​ផុត​វិបត្តិ​ក្នុង​គ្រានេះ​ឱ្យបាន។

រាល់ថ្ងៃ អ្នកស្រី​ត្រូវ​ទប់ទល់​នឹង​ក្ដី​អស់សង្ឃឹម និង​ក្ដី​នឿយហត់ អ្នកស្រី​ត្រូវធ្វើ​មុខ​ញញឹម តែ​ក្នុង​ចិត្ត​ស្រពោន​គ្រាំគ្រា ព្រោះ​ពេលខ្លះ​អតិថិជន ដែល​មកប្រើប្រាស់​សេវាកម្ម​របស់​អ្នកស្រី គឺជា​មនុស្ស​ដែល​ធ្លាប់​ស្គាល់គ្នា ជិតដិត​មក​យូរហើយ និង​ពេលខ្លះ​ក៏ត្រូវ​បំពេញ​តួនាទី​យ៉ាង​ម៉ឺងម៉ាត់​ហ្មត់ចត់​ដែរ ដូចជា ការ​ទៅប្រាប់​ដល់​ក្រុមគ្រួសារ​អ្នកស្លាប់ ដែល​មក​ប្រើ​សេវាកម្ម តែ​មិន​ព្រម​ពាក់​ម៉ាស់​អនាម័យ​ការពារ ឬ​រក្សា​គម្លាត​ឆ្ងាយ​ពីគ្នា ទាំង​ដែល​អ្នកស្រី​កំពុង​ចាត់ការ​រឿង​បញ្ចុះសព​ឱ្យ​ទៀតផង។

អ្នកស្រី បាន​ប្រាប់ទៀតថា សម្រាប់​ជំងឺ​ចង្រៃ​នេះ តួលេខ​នៃ​ការខូចខាត​បាត់បង់រ​ប​ស់វា មិនដែល​កុហក​យើង​ទេ គ្រាន់តែ​នៅក្នុង​រដ្ឋ​ខា​លី​ហ្វ័​រនៀ​មួយ ចំនួន​អ្នកស្លាប់ មានតែកើនឡើងៗឥតឈប់ឈរ  ដូច្នេះ មានតែ​សំណូមពរ ឱ្យ​ប្រយ័ត្នប្រយែង​យ៉ាងពិត​ប្រាកដ បើ​មិន​ដូច្នោះ​ទេ អ្នក​អាច​នឹងត្រូវ​ក្លាយជា​សាកសព នៅក្នុង​ឈាបនដ្ឋាន របស់​អ្នកស្រី​មិន​ខាន៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.