សហរដ្ឋអាមេរិក៖  អតីត​ប្រធានាធិបតី សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ បាន​បើក​ទីស្នាក់ការ​ថ្មី​មួយ នៅក្នុង​តំបន់ ផាម​ប៊ី​ច​ឆ៍ រដ្ឋ​ហ្វ្ល​រី​ដា កាលពី​ថ្ងៃ​ចន្ទ (ទី២៥មករា) ដើម្បី​ដំណើការ​ភារកិច្ចផ្សេងៗ ក្នុងឋានៈ​ជា​អតីត​មេដឹកនាំ​ប្រទេស រួមទាំង​ការ​ដំណើរការ គោលការណ៍​ខាង​នយោបាយ ដែល​រដ្ឋាភិបាល​របស់​លោក បាន​សាង​មូលដ្ឋានគ្រឹះ​ទុក​រួចហើយនោះ​ទៀតផង។

សេចក្ដីថ្លែងការណ៍​រប​ស់​ទីស្នាក់ការ បាន​បញ្ជាក់ថា “ទីស្នាក់ការ​មួយ​នេះ នឹង​បំពេញ​តួនាទី​ទទួលខុសត្រូវ​លើ​ការចេញលិខិត, សេចក្ដីថ្លែងការណ៍, រៀបចំ​កំណត់​កាលបរិច្ឆេទ​ការចូលរួម​ពិធីផ្សេងៗ រួមទាំង​កិច្ចការងារ​ជា​ផ្លូវការ របស់លោក​អតីត​ប្រធានាធិបតី ត្រាំ ដើម្បី​ផលប្រយោជន៍​របស់​សហ​រដ្ឋ​អាមេរិក និង​ដើម្បី​ដំណើរ​ការបន្ត​អាណត្តិ របស់​រដ្ឋាភិបាល​លោក​ត្រាំ តាមរយៈ​យុទ្ធនាការ, ការគ្រប់គ្រង​ចាត់ការ និង​ការធ្វើសកម្មភាព​ផ្នែក​មហាជន”

ការសម្ពោធ​បើក​ទីស្នាក់ការ របស់លោក​ត្រាំ នេះ បាន​កើតឡើង​នៅក្នុង​ថ្ងៃ​តែមួយ ដែល​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក បញ្ជូន​ញត្តិ ដក​មេដឹកនាំ​រូបនេះ​ចេញពី​តំណែង ទៅកាន់​ព្រឹទ្ធសភា ដើម្បី​ពិចារណា​ស៊ើបអង្កេត ករណី​ដែល​លោក​ត្រាំ ថ្លែង​ប្រាស្រ័យ​ញុះញង់​មហាជន មុននឹង​កើតហេតុ​ការណ៍​វាយប្រហារ​អគារ​រដ្ឋសភា កាលពី​ថ្ងៃទី៦ មករា ដោយ​គេ​សន្និដ្ឋានថា ព្រឹទ្ធសភា នឹង​បើក​ការស៊ើបអង្កេត នៅ​ថ្ងៃទី៩ កុម្ភៈ។

នៅក្នុង​សុន្ទរកថា​ចាក​ចេញពី​តំណែង លោក​ត្រាំ បាន​ប្រាប់​ទៅ​ប្រជាជន​ដែល​ស្រឡាញ់​លោក​ថា “យើង​នឹង​ត្រឡប់មកវិញ​ម្ដងទៀត ក្នុង​រូប​បែបណា​មួយ”

យ៉ាងណាក៏ដោយ លោក​នៅ​មិនទាន់បាន​បង្ហាញខ្លួន ចំពោះមុខ​សាធារណជន​ជាថ្មី​នៅឡើយ ចាប់តាំងពី​ឡើង​យន្តហោះ​ចាកចេញ​ពី​ទីក្រុង​វ៉ាស៊ីនតោន ត្រឡប់​ទៅ​រី​សត ម៉ា-អា-ឡា​កូ ក្នុង​រដ្ឋ​ហ្វ្ល​រី​ដា កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី២០ មករា​មក។

សារព័ត៌មាន Wall Street Journal បាន​រាយការណ៍​ថា មុនពេល​ធ្វើដំណើរ​ចាកចេញ​ពី​មន្ទីរ​សេត​វិមាន លោក​ត្រាំ បាន​ប្រឹក្សា​ជាមួយ​អ្នកជំនួយការ ពាក់ព័ន្ធ​នឹង​ការបង្កើត​គណបក្ស​ថ្មី​មួយ ដោយ​នឹងដាក់​ឈ្មោះថា “គណបក្ស​ស្នេហា​ជាតិ” (Patriot Party)។

ពេញ​មួយរយៈ ២ខែ​ជាង លោក​ត្រាំ បាន​ព្យាយាម​ស្រែក​ប្រកូក​ប្រកាស យ៉ាង​គ្មាន​ភ័ស្តុតាង​ថា ការបោះឆ្នោត​ជ្រើសតាំង កាលពី​ថ្ងៃទី៣ វិច្ឆិកា មានការ​ទុច្ចរិត​កេង​បន្លំ យា់ង​បើកចំហ និង​អះអាងថា នោះ​ហើយ គឺជា​មូល​ហេតុដែល​ធ្វើឱ្យ​លោក ត្រូវ​បរាជ័យ​លោក ចូ បៃ​ដិ​ន មកពី​គណបក្ស​ប្រជាធិបតេយ្យ៕

 

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.