សៀមរាប ៖ ក្រសួងបរិស្ថាន​រៀបចំ​កិច្ចប្រជុំ​បណ្តាញ​សង្គម​អភិរក្ស​ធនធានធម្មជាតិ ថ្នាក់​តំបន់​ខាងជើង​បឹង​ទន្លេសាប ក្រោម​ប្រធានបទ «ការអភិរក្ស​ធនធាន​ធម្មជាតិ​ជា​កត្តាចាំបាច់ ដើម្បី​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន» នា​រសៀល​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅ​ស្នាក់ការ​តំបន់ការពារទេសភាព​អង្គរ ខេត្តសៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម ខៀវ បូ​រិ​ន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន ក្រសួងបរិស្ថាន និង​ជា​ប្រធាន​សម្ព័ន្ធ​សហភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​ថ្នាក់ជាតិ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួងបរិស្ថាន តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ប្រធាន និង​សមាជិក បណ្តាញ​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​ថ្នាក់​តំបន់​ខាងជើង​បឹង​ទន្លេសាប តំណាង​អង្គការ​ដៃគូ​សហការ និង​ប្រជា​សហគមន៍​មួយចំនួន។ គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ គឺ ៖

១ – ជម្រើស​មុខរបរផ្សេងៗ ក្នុង​បរិបទ​នៃ​ការ​ការប្រែប្រួល​អាកាសធាតុ

២ – ចែករំលែក​ព័ត៌មាន និង​បទពិសោធន៍​នានា​ទាក់ទង​ការលើកកម្ពស់​ជីវភាព​សហគមន៍

៣ – រៀបចំ​យុទ្ធសាស្ត្រ សម្រាប់​ការលើកកម្ពស់​ជីវភាព​សហកមន៍​តំបន់ការពារធម្មជាតិ។

ឯកឧត្តម ខៀវ បូ​រិ​ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន បានឱ្យដឹងថា​កិច្ចប្រជុំ​នាពេលនេះ​មាន​សារៈសំខាន់ ដែល​ផ្តល់ឱកាស​ឱ្យ​សហគមន៍​តំបន់ការពារធម្មជាតិ អាច​ដកស្រង់​ពិសោធន៍​ពីគ្នា​ទៅវិញទៅមក​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​និង​ការ​អភិរ​វឌ្ឍន៍​ជីវភាព​សហគមន៍។ ឯកឧត្តម បាន​បន្ថែមថា សមាជិក​បណ្តាញ អាច​លើកឡើង​ពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ជាមួយ​មន្ត្រី​ជំនាញ និង​តំណាង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​កិច្ចសហការ​ល្អ​ថែមទៀត​ក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​តំបន់។

គួររំលឹកថា នៅ​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្រសួង​បរិ​សា្ថ​ន បានរៀបចំ​វេទិកា​ថ្នាក់ជាតិ​លើក​ទី១ ស្តីពី «ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ» នៅ​វិមាន​សន្តិភាព ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ វេទិកា​បាន​អនុញ្ញាតឱ្យ​ក្រសួងបរិស្ថាន សម្របសម្រួល​រៀបចំ​បង្កើត​បណ្តាញ​សហគមន៍​មូលដ្ឋាន៣កម្រិត ១. សម្ព័ន្ធ​សហភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ«ថ្នាក់ជាតិ» ២.បណ្តាញ​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ«ថ្នាក់​តំបន់» (តំបន់​ខាងត្បូង​បឹង​ទន្លេសាប តំបន់​ខាងជើង​បឹង​ទន្លេសាប និង​តំបន់​ខាងកើត​ទន្លេមេគង្គ) និង៣.សហព័ន្ធ​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ«ថ្នាក់​តំបន់ការពារធម្មជាតិ» ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហការ​រវាង​សហគមន៍​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ ដើម្បី​ប្រសិទ្ធភាព​ការគ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ ការលើកកម្ពស់​ជីវភាព​សហគមន៍ និង​ចូលរួមចំណែក​ដោះស្រាយ​បញ្ហាផ្សេងៗទៀត​នៅ​មូលដ្ឋាន។

សូមបញ្ជាក់ថា កិច្ចប្រជុំ​បានដាក់​ចេញ​ជា​ផែនការ​សកម្មភាព​ការងារ​ចំនួន ៤ ចំណុច​ដូចខាងក្រោម៖

១ រៀបចំ​កិច្ចពិភាក្សា​បញ្ហា​ពន្ធ​លើ​ផល​អនុផល​ព្រៃឈើ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេសរ​ដ្ធ​បាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

២ រៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​សកម្មភាព​នានា ដើម្បី​វិធានការណ៍​តឹងរឹង​លើ​ការដកហូត​អនុផល​ព្រៃ​ដែល​មិនមាន​និរន្តរភាព

៣ ជំរុញ​ការបង្កើត​មុខរបរថ្មីៗ ដែល​ធានា​ដល់​ការផលិត​ជាក់លាក់ ទៅតាម​តំបន់ និង​តម្រូវការ​ទីផ្សារ ដោយ​ធ្វើឱ្យមាន​ការចូលរួម​តាំងពី​ចាប់ផ្តើម ពី​វិស័យ​ឯកជន

៤ ជំរុញ​ការបណ្តុះបណ្តាល​ជា​មូលដ្ឋាន ដល់​ម​គ្គុ​ទេសន៍​ទេសចរណ៍ លើ​លក្ខណៈ​ជីវសាស្ត្រ និង​ទូទៅ​ពី​សត្វព្រៃ និង​រុក្ខជាតិ​សំខាន់​ដែលមាន​នៅតាម​តំបន់ការពារធម្មជាតិ ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន និង​អ្នកពាក់ព័ន្ធ​ដែលមាន​បទពិសោធន៍​លើ​ការងារ​នេះ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.