ហ្វ៊ី​លី​ពី​ន៖  លោក​ប្រធានាធិបតី នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន រ៉ូ​ឌ្រី​កូ ឌូ​ទើ​តេ បាន​ចេញមក​អំពាវនាវ កាលពី​ថ្ងៃទី២៥ មករា ឱ្យ​ប្រជាជន​ជួយ​ចាត់ការ​ពួក​ទុច្ចរិត ដែល​លួច​អាង​ឈ្មោះ​របស់លោក ឬ​គណៈរដ្ឋមន្ត្រី​របស់លោក ទៅធ្វើ​អំពើពុករលួយ​ខុសច្បាប់។

បញ្ហា​ស៊ីសំណូកសូកប៉ាន់ ពុករលួយ និង​ច្បាប់ទម្លាប់​ដ៏​ស្មុគស្មាញ បាន​ក្លាយជា​ឧបសគ្គ​សំខាន់ ដែល​កាត់បន្ថយ​សមត្ថភាព​ក្នុងការ​ប្រកួតប្រជែងរ​បស់​ប្រទេស​ហ្វ៊ី​លី​ពី​ន ដោយ​វា​បាន​ខាំ​អង្កៀម​ស៊ី ភាពជឿជាក់​របស់​អ្នកវិនិយោគទុន និង​ធ្វើឱ្យ​គ្រោងការ​អភិវឌ្ឍន៍ផ្សេងៗ ដែលមាន​ភាពចាំបាច់ ត្រូវ​យឺតយ៉ាវ។

មេដឹកនាំ​មហា​កាច វ័យ ៧៥ឆ្នាំ បាន​ថ្លែង​អំពី​បច្ចុប្បន្នភាព នៃ​ស្ថានការណ៍ និង​វិធី​ការ​ទប់ទល់​កូ​វីដ-១៩ របស់​រដ្ឋាភិបាល តាមរយៈ​ស្ថានីយទូរទស្សន៍ ព្រមទាំង​បានបញ្ជាក់​រំឭក​ដល់​ប្រជាជន​ថា កុំ​ផ្ដល់​ការសហការ​ជាមួយ​បុគ្គល​ណា ដែល​អាង​ឈ្មោះ​របស់លោក ឬ​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល ដើម្បី​ដណ្ដើមបាន​កិច្ចសន្យា​ខាង​ជំនួញ​ណាមួយ ឬ​បង្ខំ​ឱ្យ​ព​ន្លឿ​ន​ឯកសារផ្សេងៗណាមួយ​ឱ្យសោះ។

លោក ឌូ​ទើ​តេ បាន​ប្រាប់ថា ពួក​មនុស្ស​ទុច្ចរិត​ទាំងនោះ ប្រៀបដូចជា “សត្វល្អិត​ប៉ារ៉ាស៊ីត” និង “សត្វ​ឈ្លើង” ដែល​ចាំតែ​ជញ្ជក់​បឺត​យក​ផលប្រយោជន៍ ពី​អ្នក​ដែល​មិនដឹង​រឿង​អ្វី។

លោក​ថ្លែងថា “ចាក់​ពួកវា​ឱ្យ​ងាប់​តែម្ដងទៅ កុំ​បាញ់ ព្រោះ​វា​ឮ​សំឡេង​ក្ឌុង​ក្ឌាំង ហើយ​អ្នកបាញ់​អាច​នឹងត្រូវ​ចាប់ខ្លួន​ទៀតផង”

ការប្រើ​ពាក្យសម្ដី​ពន្យុះ​ជំរុញ​បែបនេះ គឺជា​បុគ្គលិកលក្ខណៈ​ផ្ទាល់ខ្លួន​របស់លោក​ឌូ​ទើ​តេ ជា​យូរ​មកហើយ និង​ជា​អ្វីដែល​អ្នកគាំទ្រ​សិទ្ធិមនុស្ស និង​បក្សប្រឆាំង តែងតែ​ចោមរោម​វាយប្រហារ​រហូតមក។

លោក​ឌូ​ទើ​តេ នឹង​ចប់​អាណត្តិ​ការ​គ្រង​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ2022 និង​មិនអាច​ចុះឈ្មោះ​ជា​បេក្ខជន​ជ្រើសតាំង​ប្រធានាធិបតី បាន​ទៀត​ទេ ប៉ុន្តែ​ស្នាដៃ​ដ៏​លេចធ្លោ​របស់លោក ក្នុងការ​តតាំង​នឹង​អំពើពុករលួយ និង​ការបង្ក្រាប​គ្រឿងញៀន​ដ៏​ដាច់ខាត​នោះ ប្រហែលជា​នឹងមាន​ចំណែក​ជួយ​សាង​គ្រឹះ​នៃ​ការស្រឡាញ់​ចូលចិត្ត ទៅដល់​អ្នក​ដែល​នឹង​ស្នង​អំណាច បន្ត​អំពី​រូបលោក នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​លើក​ក្រោយ​បាន។

នយោបាយ​ធ្វើសង្គ្រាម​ជាមួយ​គ្រឿងញៀន របស់លោក​ឌូ​ទើ​តេ បានធ្វើឱ្យ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ជាច្រើន​ពាន់​នាក់ ត្រូវបាន​សម្លាប់ ដោយ​មិនបាន​ឆ្លងកាត់​កម្មវិធី​តុលាការ​យុត្តិធម៌ និង​ទោះជា​ត្រូវ​បក្សប្រឆាំង និង​អ្នកគាំទ្រ​សិទ្ធិមនុស្ស ចោមរោម​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​យ៉ាងណាក្ដី តែ​កម្រិត​នៃ​ការនិយម​ចូលចិត្ត និង​ភាពជឿជាក់ ដែល​ប្រជាជន​ហ្វ៊ី​លី​ពី​ន មាន​ចំពោះ​មេដឹកនាំ​រូបនេះ បែរជា​មិនមាន​ការ​ស្រកស្រុត​ចុះ​ឡើយ។

លោក ហ៊ែរ​រី រ៉ូ​ក អ្នកនាំពាក្យ​របស់លោក​ប្រធានាធិបតី បាន​បដិសេធ​ក្នុងការ​ផ្ដល់​សម្ភាស ពាក់ព័ន្ធ​នឹង​ពាក្យសម្ដីថ្មីៗបំផុត​នេះ របស់លោក​ឌូ​ទើ​តេ តែ​កន្លងមក លោក​តែងតែ​អះអាងថា លោក​ឌូ​ទើ​តេ គឺជា​អ្នក​ដែល​ប្រើ​ភាសា​វ៉ោ​ក​វ៉ា​ក ឬ​មាន​ចេតនា​កំប្លែង​លេង តែ​ប៉ុណ្ណឹង​ឯង៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.