ប៉េកាំង៖  លោក​ស៊ី បាន​ណែនាំ លោក​បៃ​ដិ​ន ដោយបាន​ព្រមាន​ថា កុំ​ចាប់ផ្ដើម “សង្គ្រាមត្រជាក់​ជាថ្មី” ខណៈដែល​អ្នកនាំពាក្យ​មន្ទីរ​សេត​វិមាន បញ្ជាក់ថា ការប្រើ​ពាក្យសម្ដី របស់​ក្រុង​ប៉េកាំង​នេះ គឺជា​ការបង្ក​ជម្លោះ​ដ៏​សំខាន់ ដែល​គណៈ​គ្រប់គ្រង នឹង​ចាត់ការ​ទប់ទល់​យ៉ាង “អត់ធ្មត់” ខណៈពេល​ជាមួយគ្នា ស្ថានការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង បានចាប់ផ្ដើម​ក្ដៅគគុក​ឡើង​ម្ដងទៀត ដោយសារ​ប្រទេស​ចិន បានប្រកាស ធ្វើ​សមយុទ្ធ​ក្នុង​សប្ដាហ៍​នេះ និង​ចោទប្រកាន់ថា ក្រុង​វ៉ាស៊ីនតោន កំពុង​ដំឡើង​សាច់ដុំ បង្ហាញ​អំណាច ដោយ​ការបញ្ជូន​យន្តហោះ និង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង រុករាន​ចូល​ដែនទឹក ក្នុង​បរិវេណ​នោះ​ជា​ញឹកញាប់ ដែល​នេះ វា​មិនមែនជា​រឿង​ល្អ​ឡើយ ចំពោះ​សន្តិភាព និង​ស្ថិរភាព​ក្នុងភូមិ​ភាគ​នេះ។

រូប​ភា​ពី​វីដេអូ ថត​កាលពី​ថ្ងៃ​ចន្ទ ទី២៥ មករា របស់​វេ​ប​សាយ World Economic Forum(WEF) ខណៈ​លោក​ប្រធានាធិបតី ស៊ី ជីន​ភីង របស់​ចិន កំពុង​ថ្លែងការណ៍ ពី​ទីក្រុង​ប៉េកាំង ក្នុង​កិច្ចប្រជុំ ដែល​រៀបចំឡើង​តាម​ប្រព័ន្ធ​អន​ឡាញ ដោយសារតែ​ការឆ្លង​រាលដាល​ដ៏​ធំ​នៃ​ជំងឺ​កូ​វីដ-១៩

កាលពី​ថ្ងៃ​ចន្ទ(ទី២៥មករា) លោក​ប្រធានាធិបតី ស៊ី ជីន​ភីង របស់​ប្រទេស​ចិន ដែលជា​ប្រទេស​ធំ​តែមួយគត់ ដែល​សេដ្ឋកិច្ច នៅតែមាន​អត្រា​រីក​ធំធាត់​យ៉ាង​វិជ្ជមាន ក្រោម​វិបត្តិ​ជំងឺ​រាតត្បាត​ដ៏​ធំ កូ​វីដ-១៩ ក្នុង​ឆ្នាំ​កន្លងទៅ បានទទួល​ការអញ្ជើញ​ឱ្យ​ឡើង​ថ្លែង នៅលើ​វេទិកា​កិច្ចប្រជុំ WEF ដា​វ៉ូស ប្រទេស​ស្វ៊ី​ស ដែល​ឆ្នាំនេះ ត្រូវបាន​រៀបចំឡើង​តាម​ប្រពន្ធ​អន​ឡាញ ដោយ​លោក​ស៊ី បានប្រកាស​បញ្ជាក់​ពី​ឥរិយាបថ​ថា ប្រទេស​ចិន គឺជា​អ្នកការពារ​ប្រពន្ធ​ពហុភាគី របស់​ពិភពលោក។

ប្រមុខ​ដឹកនាំ​ដែនដី​នាគ​ធំ បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​ក្នុង​ពិភពលោក បង្កើន​កិច្ច​សហការគ្នា លើ​ផ្នែក​នយោបាយ​សេដ្ឋកិច្ច​មហា​ភាគ លើ​ផ្នែក​ធ​ម្មា​ភិ​បាល​សេដ្ឋកិច្ចពិភពលោក និង​បន្ថែម​តួនាទី​របស់​ប្រទេស​ក្រុម G20។

លោក​ស៊ី បាន​សង្កត់ធ្ងន់ថា ការ​បំបែក​ខ្លួន ទៅ​បង្កើត​ក្រុមតូចៗ ឬ​ចាប់ផ្ដើម​បើកឆាក​សង្គ្រាម​ត្រ​ជា​ក់ឡើ​ង​ជាថ្មី ការបដិសេធ ការឈ្លានពាន ឬ​ការ​គំរាម​ប្រទេសផ្សេងៗ សុទ្ធតែ​ធ្វើឱ្យ​ពិភពលោក​បែកបាក់។

ពាក្យ​ដាស់តឿន​នេះ មើលទៅ ប្រៀបដូចជា​ការបញ្ជូន​សារ ទៅឱ្យ​លោក​បៃ​ដិ​ន ដែល​ទើបតែ​ចូល​ទទួល​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក បន្ត​ពី​លោក​ដូ​ណា​ល់ ត្រាំ កាលពី​សប្ដាហ៍​កន្លងទៅ និង​មាន​ផែនការ​ស្ដារ​ខ្សែបណ្ដាញ​ក្រុម​សម្ព័ន្ធមិត្តផ្សេងៗ ទូទាំង​ពិភពលោក​របស់​អាមេរិក​ឡើងវិញ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល ដែល​កំពុង​ពង្រីក​ធំ​ឡើង ជារឿយៗរបស់​ក្រុង​ប៉េកាំង។

ទោះជា​លោក​បៃ​ដិ​ន បាន​ទាត់ចោល​នយោបាយ​ច្រើនយ៉ាង​របស់លោក​ត្រាំ​ក្ដី តែ​លោក​បាន​បញ្ជូន​សញ្ញា​យ៉ាងច្បាស់​លាស់​ថា អាមេរិក នឹង​ព្យាយាម​ការពារ​ផលប្រយោជន៍​របស់ខ្លួន និង​កាលពី​ថ្ងៃ​ចន្ទ លោក​បៃ​ដិ​ន ទើបតែ​ចុះហត្ថលេខា​លើ​បទបញ្ជា ឱ្យ​អង្គភាព​រដ្ឋ​រៀបចំ​ទិញ​ទំនិញ និង​សេវាកម្ម ពី​ក្រុមហ៊ុន​ក្នុង​តំបន់ ជា​លើកដំបូង ក្រោម​នយោបាយ​ដូច​ពី​ដើម គឺ “Buy American” ដោយ​ទាំងអស់នេះ គឺ​ដើម្បី​ជំរុញ និង​បង្កើន​ផលិតកម្ម និង​ការពារ​តំណែង​ការងារ​នៅក្នុង​ប្រទេស។

ក្នុង​ថ្ងៃ​ជាមួយគ្នា លោកស្រី ចេ​ន សា​គី អ្នកនាំពាក្យ​មន្ទីរ​សេត​វិមាន បាន​ថ្លែងថា ចំណុច​ទាមទារ ឱ្យ​រួមសហការ​គ្នា​របស់លោក​ស៊ី មិនបាន​ធ្វើឱ្យ​ដំណើរ​ផ្លូវ​យុទ្ធសាស្ត្រ​របស់​គណៈ​គ្រប់គ្រង​របស់លោក​បៃ​ដិ​ន​ចំពោះ​ប្រទេស​ចិន មានការ​ប្រែប្រួល​នោះទេ ព្រោះ​ពេញ​មួយរយៈ​ពេល ២-៣ឆ្នាំ​កន្លងមកនេះ ប្រទេស​ចិន បានបង្ហាញ​ឱ្យឃើញ​ពី​ភាព​ផ្ដាច់ការ នៅក្នុង​ប្រទេស​កាន់តែខ្លាំង​ឡើង ច្រងេងច្រងាង​ជាមួយ​ប្រទេស​ដទៃ កាន់តែខ្លាំង​ឡើង និង​ក្នុងខណៈ​នេះ ក្រុង​ប៉េកាំង គឺជា​ការសាកល្បង​ចំពោះ​សន្តិសុខ ភាពសម្បូរ​សប្បាយ និង​តម្លៃ​និយម​ដ៏​សំខាន់ ដែល​ធ្វើឱ្យ​អាមេរិក ត្រូវ​ប្រើប្រាស់​ដំណើរការ​យុទ្ធសាស្ត្រ​បែប​ថ្មី ហើយនឹង​ទប់ទល់​ចាត់ការ​ជាមួយ​ប្រទេស​ចិន​យ៉ាង​អត់ធ្មត់។

លោកស្រី សា​គី បាន​សង្កត់ធ្ងន់ថា មន្ទីរ​សេត​វិមាន នឹង​រួមសហការ​ជាមួយ​គណបក្ស​សាធារណរដ្ឋ ឬ​រី​ផា​ប្ល៊ី​កាន់ និង​គណបក្ស​ប្រជាធិបតេយ្យ ឬ​ដេ​ម៉ូ​ក្រេ​ត ក្នុង​រដ្ឋសភា រួមទាំង​សម្ព័ន្ធមិត្ត​ទូទាំង​ពិភពលោក ពាក់ព័ន្ធ​នឹង​ប្រធានបទ​នេះ នាពេលឆាប់ៗនេះ។

សម្រាប់​សំណួរ​ដែលថា តើ​លោក​បៃ​ដិ​ន នឹង​ប្រើ​វិធានការ​តឹងរ៉ឹង​ជាមួយ Huawei Technology របស់​ចិន​ជា​បន្ត ឬ​យ៉ាងណា​នោះ លោកស្រី​សា​គី បាន​ឆ្លើយថា ការ​ស៊ើបការណ៍​ខាង​ឧស្សាហកម្ម និង​ការលួចចម្លង​កម្មសិទ្ធិ​ខាង​បញ្ញា របស់​ប្រទេស​ចិន នៅតែ​ជា​រឿង​មួយ ដែល​គណៈ​គ្រប់គ្រង​ឈុត​នេះ កង្វល់​ខ្លាំង​បំផុត និង​ដឹង​ច្បាស់​ពី​ភាពចាំបាច់ ក្នុងការ​លើកកម្ពស់​កិច្ចការពារ ដែល​រួមទាំង​ការធ្វើឱ្យ​ប្រទេស​ចិន​ទទួលខុសត្រូវ​លើ​វិធី​ប្រតិបត្តិ ដែល​មិន​យុត្តិធម៌​របស់ខ្លួន រួមទាំង​ធ្វើឱ្យ​ប្រាកដ​ច្បាស់​ផងដែរ​ថា តិច​ណូ​ឡូ​ជី​របស់​អាមេរិក នឹងមិន​ត្រូវបាន​ប្រទេស​ចិន​នាំយក​ទៅប្រើ ដើម្បី​សាង​សក្ដានុពល​ខាង​យោធា​ឡើយ។

ទំនាស់ មិន​ស៊ី​ខ្សែ​គ្នា រវាង​ចិន និង​គណៈ​គ្រប់គ្រង​របស់លោក​បៃ​ដិ​ន មាន​សញ្ញា​ថា មិន​មែនមាន​ចំពោះតែ​ប្រធានបទ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ ដោយ​កាលពី​ថ្ងៃ​អង្គារ(ទី២៦មករា) ប្រទេស​ចិន​បានប្រកាសថា នឹងធ្វើ​ការហ្វឹកហាត់​សមយុទ្ធ ក្នុង​សមុទ្រ​ខាងត្បូង ក្នុង​សប្ដាហ៍​នេះ បន្ទាប់ពី​ហ្វូង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Theodore Roosevelt របស់​សហរដ្ឋអាមេរិក បាន​បើកចូលទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃ​សៅរ៍(ទី២៥មករា)កន្លងទៅ ឬ​ក្រោយពី​លោក​បៃ​ដិ​ន ចូលកាន់​តំណែង បាន ៣ថ្ងៃ ដោយ​អះអាង​លើ​ភារកិច្ច បង្កើន​សេរីភាព​ក្នុងការ​ធ្វើដំណើរ​តាមផ្លូវ​ទឹក។

ទីភ្នាក់ងារ​សុវត្ថិភាព​ខាង​សមុទ្រ​របស់​ប្រទេស​ចិន បានប្រកាស​កាលពី​ថ្ងៃ​អង្គារ ហាម​នាវា​ទាំងឡាយ​ធ្វើដំណើរ​ចូលទៅក្នុង​បរិវេណ​ឈូង​សមុទ្រ តាំង​កៀ ប៉ែក​ខាងត្បូង​ឧបទ្វីប លើ​យ​ចូ ក្នុង​ចន្លោះ​ថ្ងៃទី២៧-៣០ ខែមករា​នេះ តែ​មិនបាន​បញ្ជាក់​ពី​ពេលវេលា​កំណត់ និង​កម្រិត​នៃ​ការធ្វើ​សមយុទ្ធ​នោះឡើយ។

ក្រៅពីនោះ នៅ​ថ្ងៃ​ចន្ទ(ទី២៥មករា) ប្រទេស​ចិន ថែមទាំង​បាន​ស្រែក​ឡូឡា​ថា អាមេរិក បាន​បញ្ជូន​យន្តហោះ និង​នាវាចម្បាំង រុករាន​ចូល​សមុទ្រ​ចិន​ខាងត្បូង ជា​ញឹកញាប់ ដើម្បី “បង្ហាញ​អំណាច” ដែល​ទង្វើ​ទាំងនេះ មិនបាន​ហុច​ផល​ល្អ​ដល់​សន្តិភាព និង​ស្ថិរភាព នៅក្នុង​ភូមិភាគ​ឡើយ។

សមុទ្រ​ចិន​ខាងត្បូង ដែលជា​ខ្សែ​ផ្លូវ​ដឹកជញ្ជូន​ទំនិញ​ដ៏​សំខាន់​របស់​ពិភពលោក​នោះ បាន​ក្លាយជា​ចំណុចក្ដៅ ធ្វើឱ្យ​សម្ព័ន្ធភាព​ចិន-អាមេរិក ពុះកញ្ជ្រោល​ខ្លាំង​ឡើង ក្នុងអំឡុង​ច្រើន​ឆ្នាំកន្លងមក។ កងទ័ព​អាមេរិកាំង បាន​ចូលទៅ​ប្រតិបត្តិ​ភារកិច្ច ក្នុង​បរិវេណ​នោះ​កាន់តែ​ច្រើនឡើង ខណៈដែល​ក្រុង​ប៉េកាំង បាន​អះអាង​អធិបតេយ្យភាព​លើ​ដែនទឹក​នេះ​សឹងតែ​ទាំងអស់ ធ្វើឱ្យ​កើត​ជម្លោះ​វិវាទ​ជាមួយ​ប្រទេសជិតខាង ដែល​សុទ្ធតែ​អះអាង​សិទ្ធិ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដូចគ្នា​ដែរ៕

សហរដ្ឋអាមេរិក បាន​បញ្ជូន​ហ្វូង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS Theodore Roosevelt បើកចូលទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃ​សៅរ៍ ទី២៣ មករា ដែល​គេ​យល់ថា នេះ​គឺជា​រឿង​មួយ ដែល​ក្រុង​ប៉េកាំង​មិន​សប្បាយចិត្ត ហើយ​ការដែល​ប្រទេស​ចិន​ប្រកាស​ធ្វើ​សមយុទ្ធ​ក្នុង​ដែនទឹក​មួយ​នេះ ក្នុង​សប្ដាហ៍​នេះ គឺអាច​ដោយសារតែ​រឿងនេះ​ផងដែរ(សម្រាប់​រូបភាព​នេះ ត្រូវបាន​ថត ខណៈ​នាវា USS Theodore Roosevelt បាន​ចូល​ចត​នៅឯ​ទីក្រុង​ដា​ណាំង ក្នុងប្រទេស​វៀតណាម កាលពីពេល​កន្លងទៅ)

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.