ចក្រភព​អង់គ្លេស៖ មាន​ស្ថិតិ​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ-១៩ សរុប ច្រើន​បំផុត​ក្នុង​ទ្វីបអឺរ៉ុប និង​ស្ថិត​លើ​លេខ​រៀង​ទី៥ ដំបូង​គេ​ក្នុង​ភិ​ភព​លោក ចំណែក​លោកនាយក​រដ្ឋមន្ត្រី បូរី​ស ច​ន​សុន អះអាងថា “ធ្វើ​អស់ពី​សមត្ថភាព​ហើយ” និង “សុខចិត្ត​ទទួលខុសត្រូវ។

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ រាយការណ៍​ពី​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី២៧ មករា ម្សិលមិញ​ថា ក្រសួងសុខាភិបាល របស់​ចក្រភព​អង់គ្លេស បានចេញ​របាយការណ៍ កាលពី​ថ្ងៃ​អង្គារ ពាក់ព័ន្ធ​នឹង​ស្ថិតិ​ជំងឺ​កូ​វីដ-១៩ នៅក្នុង​ប្រទេស ដោយបាន​អះអាង ពី​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប ៣ ៦៨៩ ៧៤៦នាក់ កើនឡើង ២០ ០៨៩នាក់ ព្យាបាល​ជា សរុប​ចំនួន ១ ៦៦២ ៤៨៤នាក់ និង​ក្នុង​ជុំ ១ថ្ងៃ នៅមាន​អ្នកស្លាប់​ថែមទៀត ១ ៦៣១នាក់ បន្ថែម​ពីលើ​ស្ថិតិ​សរុប​របស់​អ្នកស្លាប់​ចំនួន ១០០ ១៦២នាក់ ជាប់​លំដាប់​លេខ៥ ក្នុង​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក ប្រេ​ស៊ី​ល ឥណ្ឌា និង​មិ​ក​ស៊ិ​ក និង​ច្រើន​បំផុត​នៅក្នុង​ទ្វីបអឺរ៉ុប។

ខណៈ​លោកនាយក​រដ្ឋមន្ត្រី បូរី​ស ច​ន​សុន បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​ស្ថិតិ​នោះ​ថា  ជាការ​បាត់បង់ “ដែល​មិនអាច​កាត់ថ្លៃ​បាន”  “ពាក្យ​ថា​សូមទោស និង​សោកស្ដាយ មិន​គ្រប់គ្រាន់​ទេ” និង​អះអាងថា “សុខចិត្ត​ទទួលខុសត្រូវ​គ្រប់យ៉ាង” តែ​បាន​បញ្ជាក់ថា រដ្ឋាភិបាល​របស់លោក នឹង​ដំណើរការ​គ្រប់​វិធី និង​ពេញ​សមត្ថភាព ដើម្បី​គ្រប់គ្រង​វិបត្តិ​លើក​នេះ កាត់បន្ថយ​អត្រា​ការឆ្លង​មេរោគ និង​អត្រា​ការស្លាប់ ឱ្យបាន​ច្រើន​បំផុត។

ចំណែក​គណបក្សប្រឆាំង នៅតែ​រិះគន់​លោក​ច​ន​សុន​ថា “បាន​ដំណើរការ វិធានការ​យឺតយ៉ាវ​ពេក” នៅពេល​ប្រៀបធៀប​ជាមួយ​ប្រទេស​ជាច្រើន​ទៀត​ក្នុង​ពិភពលោក ក្នុង​ការចេញ​បទបញ្ជា​ដាក់​វិធានការ Lock down និង​គ្រប់គ្រង​ការធ្វើដំណើរ​ឆ្លង​ព្រំដែន។ ខ្លាំង​ជាង​នោះ​ទៅទៀត ចក្រភព​អង់គ្លេស គឺជា​ប្រទេស​ដំបូង​គេ ដែល​បាន​អះអាង​ពី​ការរកឃើញ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី “ប្រភេទ​ក្លាយ​ពូជ” ពី​ប្រភេទ​ចាស់ ដែល​បាន​ឆ្លង​រាលដាល​ក្នុង​ពិភពលោក តាំងពី​ខែមីនា ឆ្នាំ​កន្លងទៅ។

យ៉ាងណាក្ដី រដ្ឋាភិបាល​របស់លោក​ច​ន​សុន បាន​អះអាង​ពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ឱ្យ​បុគ្គលិក​ពេទ្យ និង​ក្រុម​ប្រឈម ដែល​រួមទាំង​មនុស្ស​ចាស់ និង​បុគ្គល​ដែលមាន​ជំងឺ​ប្រចាំកាយ ថា មាន​ភាព​រីកចម្រើន​ទៅមុខ​ច្រើនណាស់។ បច្ចុប្បន្ន ចក្រភព​អង់គ្លេស កំពុង​ប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន ហ្វ៉ៃ

ហ្ស៊ើ​រ/បៃ​អូ​អេ​ន​ថេ​ក និង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា/អុក​ស្វ៉​ដ ដោយ​ស្ថិតិ​រហូតមក​ទល់នឹង​ថ្ងៃ​ចន្ទ​កន្លងទៅ(ទី២៥មករា) មាន​ប្រជាជន​ច្រើនជាង ៦,៨លាន​នាក់​ហើយ ដែល​បានទទួល​វ៉ាក់សាំង ១ម្ជុល​ដំបូង និង​ប្រមាណ​ជា ៤៧២ ០០០នាក់ បានទទួល​វ៉ាក់សាំង​គ្រប់​ទាំង ២ម្ជុល​ហើយ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AP

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.