ក្រសួងបរិស្ថាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​និង​ប្រព័ន្ធ​ផ្ទុក​ថាមពល(អាគុយ)នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន

សៀមរាប៖  ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​រសៀល​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បាន​អញ្ជើញ​កាត់​ខ្សែបូ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​កម្លាំង៣២គីឡូវ៉ាត់​ជាមួយ​ប្រព័ន្ធ​ផ្ទុក​ថាមពល(អាគុយ)៨៧គីឡូវ៉ាត់ម៉ោង នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិរក្ស​កេសរ​កូ​ល សុខ អាន​ភ្នំ​គូលែន ក្នុង​ខេត្តសៀមរាប។ ព្រឹត្តិការណ៍​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួងបរិស្ថាន តំណាង​ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ តំណាង​អាជ្ញាធរ​ខេត្តសៀមរាប តំណាង​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា ដៃគូ​អភិវឌ្ឍន៍​និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ប្រជា​សហគមន៍​មួយចំនួនទៀត។

ឯកឧត្តម ង៉ាន់ ភិ​រុណ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ថា​សមិទ្ធផល​ថ្មី​សម្រាប់​ខេត្តសៀមរាប ដែលជា​ខេត្ត​គោលដៅ​ទេសចរណ៍ វប្បធម៌ និង​ធម្មជាតិ ដូចនេះ​ការប្រើប្រាស់​ថាមពល​ស្អាត មិន​ប៉ះពាល់​ដល់​បរិស្ថាន គឺជា​ចំណុច​ចាប់ផ្ដើម​គំរូ​ដល់​រមណី​ដ្ឋា​ន​ដទៃ​នៅក្នុង​ខេត្តសៀមរាប ក៏ដូចជា​ខេត្ត​ដទៃទៀត ដែល​មិនមាន​បណ្ដាញ​អគ្គិសនី​ជាតិ។

លោកស្រី (Ms.)  Sonali Dayaratne តំណាង​កម្មវិធី​អភិវឌ្ឍន៍​អង្គ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា UNDP បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ជួយ​ឱ្យ​បរិស្ថាន​ស្អាត ការការពារ និង​អភិរក្ស​ធនធាន​ជីវៈចម្រុះ និង​ការគាំទ្រ​ចំពោះ​គោលជំហរ​កម្ពុជា​ក្នុងការ​ឆ្លើយតប​នឹង​ការប្រែប្រួល​ធាតុអាកាស​ធាតុ។

ក្នុងឱកាស​នោះ ឯកឧត្តម សាយ សំ​អាល់ មានប្រសាសន៍​ចាត់ទុកថា​ស្ថានីយ​ផលិត​ថាមពល​ពី​ពន្លឺព្រះអាទិត្យ​នេះ​គឺជា​មជ្ឈមណ្ឌល​ទី១ នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​នឹង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ការចូលរួម​ដល់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន ធ្វើការ​កំណត់​អត្តសញ្ញាណ និង​រក្សា​នូវ​ពូជ​កេសរ​កូ​ល​ព្រៃ រុក្ខជាតិ និង​សត្វ​ក្នុងស្រុក ជាពិសេស​ប្រភេទ​ដែល​កំពុង​រងគ្រោះថ្នាក់ ប្រភេទ​កម្ររ និង​ប្រភេទ​ជិត​ផុត​ពូជ សំដៅ​ធានា​ដល់​និរន្ត​ភាព​នៃ​ធនធាន​ជីវៈចម្រុះ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ជាមួយក្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បានចាត់ទុក​សមិទ្ធផល​នៅថ្ងៃនេះ គឺជា​ការបោះ​ជំហាន​ថ្មី​មួយ​បន្ថែមទៀត សម្រាប់​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដទៃទៀត​នាពេល​អនាគត សំដៅ​អភិវឌ្ឍ​មជ្ឈមណ្ឌល​នេះ​ឱ្យ​ដើរតួនាទី​ជា​មូលដ្ឋាន​នៃ​កិច្ចសហប្រតិបត្តិការ ការសិក្សា​ស្រាវជ្រាវ​លក្ខណៈ​វិទ្យាសាស្ត្រ ការផ្លាស់ប្តូរ​ចំណេះដឹង និង​បច្ចេកវិទ្យា ការលើកកម្ពស់​ការយ​ល់​ដឹង​អំពី​សារៈប្រយោជន៍​នៃ​ធនធាន​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ការអភិវឌ្ឍ​ដោយ​និរន្តរភាព និង​ការរស់នៅ​ដោយ​ចីរភាព​នៅ​កម្ពុជា។ ឯកឧត្តម សាយ សំ​អាល់ បានលើកឡើង​ផងដែរ​ថា មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន នឹង​រួមចំណែក​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​មូលដ្ឋាន ជាពិសេស​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​វប្បធម៌-ធម្មជាតិ និង​ជួយ​បង្កើន​ជម្រើស​មុខរបរ ប្រភព​ចំណូល​បន្ថែម និង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​បាន​មួយកម្រិត​បន្ថែមទៀត ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

លោក តាំង ម៉េង​អៀង ប្រធាន​នាយកដ្ឋាន​សេដ្ឋកិច្ច​បៃតង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បានឱ្យដឹងថា គំនិត​ផ្តួចផ្តើម​ក្នុង​ការដំឡើង​ប្រព័ន្ធ​ថាមពល​សូ​ឡា​សម្រាប់​ក្រសួងបរិស្ថាន ទទួលបាន​ការគាំទ្រ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​និង​បច្ចេកទេស​ពី​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍ​មួយចំនួន។ ប្រព័ន្ធ​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ អាច​ផលិត​ថាមពល​បាន​ក្នុង​រង្វង់ ១៥០គីឡូវ៉ាត់ម៉ោង​ក្នុង​មួយថ្ងៃ។ ប្រព័ន្ធ​អគ្គិសនី​នេះ​បានផ្តល់​ប្រយោជន៍​ដល់​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់ ឬ​ម៉ាស៊ីនបូមទឹក​បាន​រៀងរាល់ថ្ងៃ។

គួរ​បញ្ជាក់ថា ក្រុមការងារ​នាយកដ្ឋាន​ជីវៈចម្រុះ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​បាន​នឹង​កំពុង​បន្ត​ប្រមូល​ប្រភេទ​កេសរ​កូ​ល​ព្រៃ​ពី​តំបន់ភ្នំ​គូលែន និង​តំបន់​ដទៃទៀត​ដើម្បី​កត់ត្រា និង​កំណត់​អត្តសញ្ញាណ​បន្ថែមទៀត។

លោកជំទាវ ចាន់ សុ​ម៉ាលី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​បានឱ្យដឹងថា មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន បង្កើតឡើង​ដើម្បី៖

១. ការសិក្សា​ស្រាវជ្រាវ៖ កំណត់​អត្តសញ្ញាណ ធ្វើ​សារពើ​ភណ្ឌ និង​កំណត់​លក្ខណៈវិនិច្ឆ័យ និង​មុខងារ​ពិសេស​នៃ​ប្រភេទនីមួយៗ តាមបែប​វិទ្យាសាស្ត្រ

២. ការអភិរក្ស៖ សង្គ្រោះ បង្កាត់ បណ្តុះ បន្សុទ្ធ​ពូជ និង​ស្តារ ប្រភេទ​កេសរ​កូ​ល​ព្រៃ​ដែល​កំពុង​រង​ការគំរាមកំហែង និង​ជិត​ផុត​ពូជ​ពី​ព្រៃ​ធម្មជាតិ​ឡើងវិញ ជាពិសេស​សម្រាប់​រក្សា​ពូជ​កេសរ​កូ​ល​ព្រៃ

៣. ការអប់រំ​ផ្សព្វផ្សាយ៖ ជា​កន្លែង​អប់រំ និង​ផ្សព្វផ្សាយ ស្តីពី​ប្រភេទ និង​ចំនួន នៃ​កេសរ​កូ​ល​ព្រៃ​នៅ​កម្ពុជា

៤. ការកំសាន្ត៖ ផ្តល់​ទស្សនីយភាព​កេសរ​កូ​ល​ព្រៃ​ធម្មជាតិ ទីកន្លែង​លំហែរ​កាយ ទស្សនា​ធម្មជាតិ និង   កំសាន្ត​នានា៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.