ភ្នំពេញ៖  នា​រសៀល​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ​អង្គសិក្ខាសាលា ដក​ពិសោធន៍​លើ​ការងារ​សម្ព័ន្ធមេត្រីភាព រវាង​អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយ​ស្ថាប័ន​អង្គភាព​ស៊ីវិល​ទិស​យោធភូមិភាគ​ទី៤ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ។

សម្តេច​ពិជ័យ​សេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មេបញ្ជាការ​គ្រប់លំដាប់​ថ្នាក់ និង​នាយទាហាន​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី សប្បុរសជន បណ្ដា​អង្គភាព​សម្ព័ន្ធមេត្រីភាព និង​ជនរួមជាតិ​ទាំងអស់​ដែល​កន្លងមក​បាន​យកចិត្តទុកដាក់​ខិតខំ​បំពេញការងារ​សម្ព័ន្ធមេត្រី​ភាព សម្រេចបាន​លទ្ធផល​ល្អប្រសើរ។

សម្តេច​ពិជ័យ​សេនា ក៏បាន​បញ្ជាក់ថា  ការងារ​សម្ព័ន្ធមេត្រីភាព បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ភាព​ជា​ដៃគូ និង​ពង្រីកពង្រឹង​សម្ព័ន្ធភាព​នូវ​ទំនុកចិត្ត និង ការផ្សារភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​បណ្តា​ស្ថាប័ន កងយោធពល​ខេមរភូមិន្ទ ជាមួយនឹង​ស្ថាប័ន អង្គភាព​ស៊ីវិល​ដៃគូ​ក្នុង​សម្ព័ន្ធមេត្រីភាព ក៏ដូចជា​សប្បុរសជន​នានា លើ​មូលដ្ឋាន​នៃ “ខឿន​ការពារជាតិ​របស់​ប្រជាជន” ដើម្បី​ជា​គុណប្រយោជន៍​យុទ្ធសាស្ត្រ​យូរអង្វែង នៃ​ការកសាង​និង​ពង្រឹង​ប្រៀប​ការពារជាតិ តាមរយៈ​ការ​បំផុស​ចលនា​ឲ្យ​ប្រជាជន​គ្រប់រូប​មាន​ឆន្ទៈ ស្រឡាញ់​ប្រទេសជាតិ និង​បាន​បំពេញ​កាតព្វកិច្ច​ចំពោះ​ជាតិ​មាតុភូមិ ដោយ​ស្មារតី​មោទនភាព​ជាតិ ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​បន្តទៀតថា ការងារ​ចងសម្ព័ន្ធ​មេត្រីភាព​ដែល​យើង​កំពុង​ប្រារព្ធ​ធ្វើ សិក្ខាសាលា​ដក​ពិសោធន៍​រយៈពេល​មួយថ្ងៃ​ពេញ​នេះ​គឺ​ពិត​ជាមាន​សារៈសំខាន់​ឆ្លើយតប​ទៅនឹង​វិធានការ​យុទ្ធសាស្ត្រ​នានា របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ ក្នុងស្ថានភាព​លំបាក​ចំពោះមុខ ដែល​បង្កឡើង​ដោយ​វិបត្តិ​កូ​វិដ-១៩ និង គ្រោះមហន្តរាយធម្មជាតិ​កន្លងមក ដែល​បាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​គមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ ក៏ដូចជា​ការបង្កបង្កើន​ផល កសិកម្ម​របស់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​សង្គម ។

សម្តេច​ក៏បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ អង្គសិក្ខាសាលា ដក​ពិសោធន៍​របស់​យើង ដែល​បានរួម​ចំណែក​ផ្តល់​លទ្ធភាព​ឲ្យ​បណ្តា​អង្គភាព​កងយោធពល​ខេមរភូមិន្ទ ដែល​ចងសម្ព័ន្ធ​មេត្រីភាព​កន្ល​ង​មក មានឱកាស​ក្នុង​ការកសាង​អង្គភាព  លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​កងទ័ព ដើម្បី​ពង្រឹងសមត្ថភាព​ការពារជាតិ​កាន់តែ​រឹងមាំ​ថែមទៀត ។ ក្នុងដំណាក់កាល​នៃ​ការអនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ នាំមក​នូវ សន្តិភាព​និង​ការឯកភាព​ជាតិ​ពេញលេញ ចាប់ពី​ថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ព្រមទាំង​សមិទ្ធផល​នានា​ត​ភា្ជ​ប់​រហូតមកដល់​បច្ចុប្បន្ន​នេះ គឺ​ពិតជា មិនអាច​កាត់ផ្តាច់​បាន​ពី​ការរួមចំណែក​នៅក្នុង​ទំនាក់ទំនង រវាង​យោធា​និង​ស៊ីវិល​នោះឡើយ ។

កត្តា​ទាំងនេះ​បានបង្ហាញ​ពី​ស្មារតី​សាមគ្គីភាព​ជាតិ ដូចដែល​យើង​បាននិងកំពុង​ធ្វើ​សម្ព័ន្ធមេត្រីភាព​ថ្ងៃនេះ​ជា​សក្ខីភាព​ស្រាប់ ។ សម្តេច​ពិជ័យ​សេនា ក៏បាន​ធ្វើការ​ក្រើនរំលឹក និង ផ្តាំផ្ញើ​ផងដែរ ដល់​មេបញ្ជាការ​គ្រប់​កងឯកភាព នៃ​ទិស​យោធភូមិភាគ​ទី៤ ត្រូវ​បន្ត​នូវ​ប្រពៃណី ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ  ជាមួយ​បណ្តា​ក្រសួង អាជ្ញាធរ​រាជធានី ខេត្ត  ស្ថាប័ន អង្គភាព ជា​សម្ព័ន្ធមេត្រីភាព​រប​ស់​ខ្លួន និង បាន​លើក​នូវ​អនុសាសន៍ល្អៗមួយចំនួន ដើម្បី​ជា​ប្រទីប​ក្នុង​កិច្ច​កសាង​អង្គភាព  ព្រមទាំង​បាន​អំពាវនាវ​ដល់​ស្ថាប័ន អង្គភាព​ស៊ីវិល​របស់​រដ្ឋ ក៏ដូចជា​ក្រុមហ៊ុន សហគ្រាស អង្គការ​សមាគម វិស័យ​ឯកជន​និង​សប្បុរសជន​នានា មេត្តា​បន្ត​ចូលរួម​គាំទ្រ ស្មារតី​នៃ​វប្បធម៌​ចែករំលែក ក៏ដូចជា​គោលនយោបាយ​នានា ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ ។ បន្ត​ពង្រឹង​និង​លើកកម្ពស់​ប្រពៃណី​ល្អ​នៅក្នុង​សម្ព័ន្ធមេត្រីភាព ព្រមទាំង​បំផុស​អប់រំ​លើកទឹកចិត្ត​ចលនា​មហាជន ប្រជាជន យុវជន ឲ្យ​ចូលរួម​ជា​កម្លាំងចលករ​នៅក្នុង​បុព្វហេតុ”ការពារជាតិ​ដើម្បី​ទាំងអស់គ្នា ទាំងអស់គ្នា​ដើម្បី​ការពារជាតិ” និង ”សន្តិភាព​ដើម្បី​ទាំងអស់​គា្ន ទាំងអស់គ្នា​ដើម្បី​សន្តិភាព” ។

ក្នុងនោះដែរ​សម្តេច​ពិជ័យ​សេនា​ក៏បាន​ធ្វើការ​ប្រគល់​នូវ​ប័ណ្ណ​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន អង្គភាព​ស៊ីវិល​របស់​រដ្ឋ ក៏ដូចជា​ក្រុមហ៊ុន សហគ្រាស អង្គការ​សមាគម និង សប្បុរសជន​ផងដែរ  ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.