ភ្នំពេញ៖ នា​រសៀល​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ក្រោម​ក្របខណ្ឌ​កម្មវិធី​ពង្រឹងសមត្ថភាព​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ទេសចរណ៍ (TCBP) ក្រសួងទេសចរណ៍ និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) សហការ​ជាមួយ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផែ្ន​ក​អភិវឌ្ឍ​ឧស្សាហកម្ម (UNIDO) និង​មជ្ឈមណ្ឌល​កម្ពុជា ៤.០  បានរៀបចំ “វេទិកា​អន្តរជាតិ​ស្តីពី​វិស័យ​ទេសចរណ៍​វៃឆ្លាត​នៅ​កម្ពុជា” នៅ Factory Phnom Penh ក្រោម​អធិបតីភាព​របស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​លោកស្រី អូ​ហ្វេ​លី ប៊ួ​រី​ស នាយិកា​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​ប្រចាំ​កម្ពុជា ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ-អន្តរជាតិ និង​តំណាង​គ្រឹះស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ។ វេទិកា​នេះ​ក៏មាន​អ្នកចូលរួម​ពី​ចម្ងាយ​ជាច្រើន តាម​ប្រព័ន្ធ Zoom អន​ឡាញ និង Facebook Page ផងដែរ។

ថ្លែង​នាឱកាស​ពិធី​បើក ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​គូសបញ្ជាក់ថា ស្របពេល​ជាមួយនឹង​ការវិវត្ត​យ៉ាង​ឆាប់រហ័ស​ផ្នែក​បច្ចេកវិទ្យា ការកើនឡើង និង​ការប្រែប្រួល​ឥតឈប់ឈរ​នៃ​តម្រូវការ​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បានធ្វើឱ្យ​ការ​ជម្រុញ​ឌីជីថល​រូបនីយកម្ម​នៅក្នុង​វិស័យ​ទេសចរណ៍ កាន់​តែមាន​ភាពចាំបាច់ និង​ចំពេល​វេលា សំដៅ​ធានា​ឧត្តមភាព​ប្រកួតប្រជែង​របស់​វិស័យ​ទេសចរណ៍​កម្ពុជា នៅក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម ៤.។ ជាងនេះទៅទៀត នៅក្នុង​ឆ្នាំ២០២០ កន្លងមកនេះ វិបត្តិ​ជំងឺ​កូ​វីដ-១៩ ដែល​បាន​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាងខ្លាំង​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ២០ឆ្នាំ​ចុង​ក្រោយនេះ លើ​វិស័យ​ទេសចរណ៍​កម្ពុជា បាន​តម្រូវ​ឲ្យ​មានការ​គិតគូរ​រក​ដំណោះស្រាយ​ក្នុងការ​ស្តារ និង​លើកស្ទួយ​វិស័យនេះ​ឡើងវិញ ដែល​ក្នុងនោះ​ការប្រើប្រាស់​បច្ចេកវិទ្យា​អាចជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ ទាំង​ក្នុង និង​ក្រោយ​ដំណាក់កាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ-១។ ក្នុង​បរិការណ៍​នេះ ការធ្វើ​ពិពិធ​កម្ម​កែច្នៃ​ផលិតផល និង​សេវា​ទេសចរណ៍ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ជា​ជំនួយ គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ ក្នុងការ​ទាក់ទាញ​ទេសចរថ្មីៗ ជាពិសេស​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​ម្តង​ហើយ​ម្តងទៀត។

គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​វេទិកា​នេះ មានការ​ចូលរួម​ចែករំលែក​បទពិសោធន៍  និង​គំរូ​អនុវត្តល្អៗ ជាមួយនឹង​ការអនុវត្ត​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន ក៏ដូចជា​ការពិភាក្សា​លើ​ចំណុច​គន្លឹះ​ជា​យុទ្ធសាស្ត្រ និង​យន្តការ​នានា​ក្នុងការ​ជម្រុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​វៃឆ្លាត ឫ​ទេសចរណ៍​ឌីជីថល ដោយ​វាគ្មិន​កិត្តិយស តំណាង​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO), អង្គការ UNIDO, លេខាធិការដ្ឋាន​អាស៊ាន, បណ្ឌិតសភា​ទេសចរណ៍​ចិន, European Cities Marketing, ក្រុមហ៊ុន Google, ក្រុមហ៊ុន MDSG, មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “តេ​ជោ”, Khmer Enterprise, ក្រុមហ៊ុន Cellcard, Impact Hub, ក្រុមហ៊ុន Unseentra, Uot App, Haystome ដែលជា Startups របស់​កម្ពុជា​ផងដែរ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.