គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន៣៨ខ្សែ​ក្នុង​ក្រុង​សៀមរាប សម្រេចបាន​ជាង ១៧,៥% ហើយ

សៀមរាប៖ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន៣៨ខ្សែ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​ការងារ​សាងសង់​បាន​ជាង ១៧,៥% ហើយ គិត​ត្រឹម​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១

នេះ​បើ​យោងតាម​លទ្ធផល​របស់ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​អន្តរក្រសួង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១បាន​អញ្ជើញ​អមដំណើរ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប។

សមាសភាព​អញ្ជើញ​ចូលរួម​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ​រួមមាន៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រុមការងារ​គណៈកម្មកា​រ​អន្តរក្រសួង ក្រុមការងារ​បច្ចេកទេស​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

ការចុះ​ត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​គុណភាព​នៃ​ការសាងសង់ ជំ​រុញឱ្យ​អង្គភាព​សាងសង់ អនុវត្តតាម​លក្ខណៈ​បច្ចេកទេស សៀវភៅ​បន្ទុក​ឱ្យបាន​ត្រឹមត្រូវ និង​ស្តង់ដារ ដែល​អាច​ទទួលយកបាន ពោលគឺ​ធ្វើ​ផ្លូវ​ឱ្យមាន​គុណភាព​រឹងមាំ អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង និង​បញ្ចប់​តាម​ផែនការ​គ្រោងទុក។

គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ៣៨ខ្សែ​ក្នុង​ទីក្រុង​សៀមរាប ខេត្តសៀមរាប ចំនួន៣៨ខ្សែ​នេះ មាន​ប្រវែង​សរុប១០៨,៧៤ គីឡូម៉ែត្រ គ្រោង​ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង ១៤០ លាន​ដុល្លារ​អាមេរិក និង​ថវិកា​ប្រមាណ​ជាង៩លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់ ក្នុង​ការរៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង៣៨នេះ ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន១៣ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ២០២១ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីពេលថ្មីៗកន្លងទៅ នេះ។

គម្រោង​នេះ អនុវត្ត​ដោយ​អង្គភាព​សាងសង់​ចំនួន០៨រួមមាន៖ ១) កងវិស្វកម្ម​លេខ១៧៨ស្ពាន-ថ្នល់​នៃ នាយកដ្ឋាន​វិស្វកម្ម ២) កងវិស្វកម្ម​សម្តេច​តេ​ជោ ខេត្តសៀមរាប ៣) កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន​សាធារណការ ៥) អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ៦) នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ ៧) នាយកដ្ឋាន​ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ និង ៨) មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប។

គម្រោង​នេះ​មានការ​រៀបចំ​លើ​គ្រប់​ទិដ្ឋភាព ក្នុងនោះ​រួមមាន៖ ប្រព័ន្ធ​លូទឹកកខ្វក់ លូទឹក​ភ្លៀង ចិញ្ចើមផ្លូវ ផ្លូវ​ថ្មើរជើង ផ្លូវ​សម្រាប់​ជន​មាន​ពិការភាព ផ្លូវ​ជិះ​កង់ ចំណតរថយន្ត ប្រព័ន្ធ​បំភ្លឺ​ផ្លូវ​សាធារណៈ ផ្លាកសញ្ញា និង​គំនូស​ចរាចរណ៍ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព អាង​ចម្រោះ​ទឹក​កខ្វក់ និង​ការធ្វើ​សួន​និង​ដាំ​ដើមឈើ។

ជាមួយគ្នានេះ​ផងដែរ គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨ខ្សែ​នេះ មានការ​គិតគូរ​យក​ចិត្ត​ទុកដាក់​ខ្ពស់ ក្នុងការ​សាងសង់​ស្រទាប់​គ្រឹះ​ផ្លូវ​ប្រកបដោយ​គុណភាព ជាប់​រឹងមាំ ដោយ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​សាងសង់ ចៀសវាង​ការសាងសង់​រួច ត្រូវ​គាស់កកាយ ជួសជុល​ឡើងវិញ​ដែលនាំឱ្យ​ខាតបង់​ថវិកា​បន្ថែមទៀត រួមជាមួយ​ការរៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក ស្របទៅតាម​ស្តង់ដា​បច្ចេកទេស ដើម្បី​ការពារ​កុំឱ្យ​មានការ​លិចលង់ និង​ចៀសវាង​នាំឱ្យ​ផ្លូវ​ឆាប់​ខូច ដោយមាន​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ល្អិតល្អន់​ជាមួយ​ក្រុមការងារ​ត្រួតពិនិត្យ​បច្ចេកទេស ជាពិសេស គុណភាព​នៃ​សម្ភារ​បរិក្ខារ​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ការសាងសង់ ធានាបាន​នូវ​ការ​ប្រើបាស់​សម្ភារ​បរិក្ខា​រ​មានគុណ​ភាព ដើម្បី​ធានា​ឱ្យ​គុណភាព​សំណង់​មាន​ភាពរឹងមាំ​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់។

ក្រៅពី​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨ខ្សែ​ហើយ​នោះ ក៏​នៅមាន​ការស្ដារ កែលម្អ​ធ្វើឱ្យ​ប្រសើរឡើង​ដងស្ទឹង​សៀមរាប​ប្រវែង​ជាង ៨គីឡូម៉ែត្រ អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​លើកកម្ពស់​សោភ័ណភាព​បន្ថែមទៀត ឱ្យ​ស័​ក្កិ​សមជា​ទីក្រុង​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ដ្រ និង​ធម្មជាតិ  ក៏ដូចជា​ដើម្បី​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ។

យោងតាម​របាយការណ៍​ដែល​ទទួលបាន​ពី​អង្គភាព​ទទួល​ការងារ​សាងសង់​ទាំងអស់​បាន​ឲ្យ​ដឹងថា៖ វឌ្ឍនភាព​នៃ​ការសាងសង់​គិត​ត្រឹម​សប្ដាហ៍​ទី៤ ខែមករា ឆ្នាំ២០២១ ការងារ​សម្រេច​បានជា​ង១៧,៥% ហើយ បច្ចុប្បន្ន​អង្គភាព​សាងសង់​ទាំងអស់​កំពុង​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​យ៉ាងសកម្ម ដើម្បី​បញ្ចប់​គម្រោង​របស់ខ្លួន​តាម​ផែន​ការដែល​បានកំណត់៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.