ភ្នំពេញ៖​​​​​​  បើតាម​ការផ្សព្វផ្សាយរ​បស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព Motherboard បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា មាន​ជនអនាមិក​បានដាក់​លក់​លេខ​ទូរ​សព្ទ​របស់​អ្នកប្រើប្រាស់​កម្មវិធី​ហ្វេ​ស​ប៊ុ​ក​ចំនួន​ប្រមាណ ៥៣៣លាន​លេខ​នៅក្នុង​កម្មវិធី Telegram bot ដែល​ពួកគេ​បាន​លួច​ទាញយក​កាលពីមុន​ឆ្នាំ២០១៩។

ជនខិលខូច​អាចឱ្យ​អតិថិជន​របស់​ពួកគេ​ទិញ​លេខ​ទូរ​សព្ទ​ប្រសិនបើ​ពួកគេ​ដឹង​ពី​ឈ្មោះ​ហ្វេ​ស​ប៊ុ​ក (Facebook ID) របស់​អ្នកប្រើប្រាស់ ឬ​អាច​ទិញ​ឈ្មោះ​ហ្វេ​ស​ប៊ុ​ក​ប្រសិនបើ​ពួកគេ​ដឹង​ពី​លេខ​ទូរ​សព្ទ ក្នុងតម្លៃ ២០ដុល្លារ​សម្រាប់​លេខ​ទូរ​សព្ទ​មួយ ឬ​ឈ្មោះ​ហ្វេ​ស​ប៊ុ​កមួយ។ ជាងនេះទៅទៀត ពួកគេ​ក៏មាន​តម្លៃ​លក់ដុំ​ដោយ​លក់​ក្នុងតម្លៃ ៥០០០ដុល្លារ​សម្រាប់ ១ម៉ឺន​លេខ​ទូរ​សព្ទ។

គួរបញ្ជាក់​ផង​ដែលថា ភាព​ចន្លោះប្រហោង​ដែល​អាចឱ្យ​ក្រុម​ជនខិលខូច​ទាញយក​ទិន្នន័យ​ទាំងនេះ បាន​កើតឡើង​កាលពី​មុនពេល​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ធ្វើការ​កែសម្រួល​ក្នុង​ខែសីហា​ឆ្នាំ២០១៩ ហើយ​ម្យ៉ាងវិញទៀត ទិន្នន័យ​ភាគច្រើន​គឺ​មកពី​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេសធំៗមានដូចជា សហរដ្ឋអាមេរិក អង់គ្លេស កាណាដា និង​អូស្ត្រាលី ដូច្នេះ​សូមអ្នក​ប្រើប្រាស់​កុំ​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​នេះ។

ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​បាន​ប្រើ​លេខ​ទូរ​សព្ទ​ជាមួយនឹង​កម្មវិធី​ហ្វេ​ស​ប៊ុ​ក​មុន​ពេលដែល​ក្រុមហ៊ុន​បានធ្វើការ​កែសម្រួល លោកអ្នក​គួរតែមាន​ការប្រុងប្រយ័ត្ន​នៅពេលដែល​លោកអ្នក​ទទួលបាន​សារ​ណាមួយ​នោះ ព្រោះ​វា​អាច​គ្រាន់តែ​ជា​សារ​បោក​បញ្ឆោត​តែប៉ុណ្ណោះ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.