ប្រទេស​វៀតណាម៖  ក្រសួងសុខាភិបាល នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ព្រហស្បតិ៍ (ទី២៨) ម្សិលមិញ បាន​អះអាង​ពី​ការរកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ ក្នុង​សហគមន៍ ២ករណី ក្នុង​ជុំជិត ២ខែ​កន្លងមកនេះ ដោយ ១នៅក្នុង​នោះ ពាក់ព័ន្ធ​នឹង​មេរោគ​ក្លាយ​ពូជ របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី មកពី​ចក្រភព​អង់គ្លេស ក្នុងអំឡុងពេល​មិន​ប៉ុន្មាន​សប្ដាហ៍​ទៀត នឹង​ដល់​ពិធីបុណ្យ​ចូលឆ្នាំ​វៀតណាម ដែល​គេ​ប៉ាន់ប្រមាណ​ថា នឹងមាន​មនុស្សម្នា​មកជួបជុំ​គ្នា​នៅក្នុង​ម្លប់ ក្នុង​ចំនួន​ដ៏​ច្រើន។

មុននឹង​ដល់​ថ្ងៃ​ព្រហស្បតិ៍ (ទី២៨មករា)ម្សិលមិញ ប្រទេស​វៀតណាម មាន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ សរុប ត្រឹមតែ ១ ៥៥១នាក់ និង​ស្លាប់ ៣៥នាក់​ប៉ុណ្ណោះ។ លទ្ធផល​នៃ​វិធានការ​បង្ខាំង​ដាក់​ឱ្យនៅ​ដោយឡែក ការពិនិត្យ​រក​មេរោគ និង​តាមដាន​រក​អ្នក​ប៉ះពាល់​ជិតស្និទ្ធ​នឹង​អ្នក​ផ្ទុកមេរោគ យ៉ាង​ម៉ឺងម៉ាត់ បានធ្វើឱ្យ​ប្រទេស​វៀតណាម ជាប់​លំដាប់ថ្នាក់​លេខ៣ ក្នុងចំណោម​ប្រទេស ដែល​ទប់​ទល់នឹង​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ បានល្អ​បំផុត។

តែ ២ករណី​ចុង​ក្រោយនេះ បាន​បង្ក​ក្ដីកង្វល់​ដល់​ប្រទេស​វៀតណាម​ខ្លាំង​គួរសម បើទោះជា វា​ជា​ចំនួន​ដែល​តិចតួច​បំផុត បើ​ប្រៀបធៀប​នឹង​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី នៅក្នុង​ប្រទេស​ជាច្រើន​ទៀត​ក៏ដោយ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល ក្រសួងសុខាភិបាល​រប​ស់​វៀតណាម បានចេញ​បទបញ្ជា ឱ្យ​ខេត្ត​ទាំងឡាយ និង​អង្គភាពផ្សេងៗរបស់​រដ្ឋ លើកកម្ពស់​កម្រិត​ពិនិត្យ​ចម្រាញ់​រក​អ្នក​ឆ្លង​មេរោគ និង​គ្រប់គ្រង​ឱ្យ​កាន់តែ​តឹងរ៉ឹង​ខ្លាំង​ឡើង។

សកម្មភាព​ទាំងនេះ កើតឡើង​ក្នុងខណៈដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ បាន​រាយការណ៍​ថា អាជ្ញាធរ​កំពុង​ព្យាយាម​តាមដាន រក​អ្នក​ដែល​បាន​ប៉ះពាល់​ជិតស្និទ្ធ​នៅក្នុង​ខេត្ត​ចំនួន២ គឺ​ខេត្ត​ហាយ​សឿង និង​កួង​នី​ញ បន្ទាប់ពី​រកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី ២នាក់ ដោយ​ម្នាក់​ក្នុងនោះ មាន​ភាព​ពាក់ព័ន្ធ​នឹង​មេរោគ​ក្លាយ​ពូជ​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី មកពី​ចក្រភព​អង់គ្លេស និង​ថែមទាំង​បាន​បញ្ជា​ឱ្យ Lockdown ភូមិ​មួយកន្លែង​នៅក្នុង​ខេត្ត​ហាយ​សឿង ទៀតផង។

ក្ដីកង្វល់​នេះ កើតឡើង​ដោយសារតែ មាន​ទិន្នន័យ​ថ្មី​បង្ហាញថា មេរោគ​ក្លាយ​ពូជ​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី មកពី​ចក្រភព​អង់គ្លេស​នេះ អាច​ចម្លង​សាយភាយ​បាន​ងាយ ជាង​វីរុស​ប្រភេទ​ចាស់។

“យើង​ចាំបាច់ ត្រូវតែ​ប្រើ​គ្រប់ការ​ព្យាយាម ដើម្បី​បញ្ជាក់​ពី​ទីតាំង​ឆ្លង​មេរោគ​ឱ្យបាន ក្នុង​រយៈពេល ១០ថ្ងៃ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល” លោក វូ ដាក់ ដាម ប្រធាន​ក្រុម​ជំនាញការ​ពិសេស ផ្នែក​មេរោគ​កូ​វីដ-១៩ នៃ​ប្រទេស​វៀតណាម បានបញ្ជាក់​បែបនេះ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងសុខាភិបាល។

ករណី​អ្នក​ឆ្លង​មេរោគ​ថ្មី ២នាក់​ចុងក្រោយ កើតឡើង​ក្នុងអំឡុង​ពេលដែល​មិនសូវ​ជា​អំណោយផល​ប៉ុន្មាន​ឡើយ​សម្រាប់​រដ្ឋបាល​វៀតណាម ដោយសារតែ​បក្ស​កុម្មុយនីស្ត ដែល​បក្ស​រដ្ឋាភិបាល កំពុង​ជួបជុំគ្នា​នៅក្នុង​ទីក្រុង​ហាណូយ ដើម្បី​ប្រជុំ​ធំ​បក្ស​ក្នុង​ជុំ ៥ឆ្នាំ ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី ដោយមាន​អ្នកតំណាង​ចំនួន ១ ៦០០នាក់​មកពី​ទូទាំងប្រទេស​វៀតណាម​ចូលរួម។

នៅ​ថ្ងៃ​ព្រហស្បតិ៍(ទី២៨មករា) លោកនាយក​រដ្ឋមន្ត្រី ង្វៀង សួន ហ្វ៊ុ​ក បាន​ប្រជុំ​រួមជាមួយ​ក្រុមការងារ​ពិសេស​ផ្នែក​ប្រយុទ្ធប្រឆាំង​កូ​វីដ-១៩ នៃ​ប្រទេស​វៀតណាម ក្រៅ​កិច្ចប្រជុំ​ធំ​បក្ស​កុម្មុយនីស្ត ដើម្បី​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ការឆ្លង​រាលដាល​របស់​មេរោគ​ជុំ​ថ្មី។

ម្នាក់​ក្នុងចំណោម​អ្នក​ឆ្លង​មេរោគ​ទាំង ២នាក់​ចុង​ក្រោយនេះ ជា​មន្ត្រី​ផ្នែក​អន្តរាគមន៍ នៅ​អាកាសយានដ្ឋា​ន​អន្តរជាតិ វ៉ាង​ឌុ​ង ដែលមាន​តួនាទី​ទទួលខុសត្រូវ នាំ​អ្នកដំណើរ​មកដល់ ពី​ក្រៅប្រទេស ដែល​ឆ្លង​មេរោគ ចូលទៅ​កាន់​មណ្ឌល​ដាក់​ឱ្យនៅ​ដោយឡែក​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក។

ចំណែក​ម្នាក់ទៀត ជា​បុគ្គលិក​រោងចក្រ​មួយ ដែល​បាន​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​ពលរដ្ឋ​វៀតណាម​ម្នាក់ ដែល​ក្រោយមក​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន និង​មាន​លទ្ធផល​ពិនិត្យ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ពូជ​ចក្រភព​អង់គ្លេស វិជ្ជមាន។

ក្រសួងសុខាភិបាល បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា “បុគ្គលិក​អាកាសយានដ្ឋាន ម្នាក់នេះ បានធ្វើ​ដំណើរ​ទៅ​ទីសាធារណៈ​ច្រើន​កន្លែង ក្នុងនោះ​រួមទាំង​មន្ទីរពេទ្យ​ផងដែរ…ចំណែក​ករណី​បុគ្គលិក​រោងចក្រ បាន​ពិចារណា​រួចហើយ ឃើញថា អាចមាន​ការពាក់ព័ន្ធ​នឹង​មេរោគ​ក្លាយ​ពូជ​មកពី​ចក្រភព​អង់គ្លេស ដោយ​យើង​នឹង​ដំណើរ​ការតាមរក​អ្នក​ដែល​បាន​ប៉ះពាល់​ជិតស្និទ្ធ​ឱ្យបាន​លឿន​បំផុត តាម​ដែល​អាច​ធ្វើបាន តែ ក្នុង​វិធី​ដែល​ប្រយ័ត្នប្រយែង​បំផុត”

ក្រោយពី​ប៉ះ​រលក​ដំបូង​នៃ​ការឆ្លង​រាលដាល វាយប្រហារ​កាលពី​ខែមេសា​មក ប្រទេស​វៀតណាម លែង​រកឃើញ​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​ជិត ១០០ថ្ងៃ រហូត​ទាល់តែ​រកឃើញ​វីរុស​បង្ហាញខ្លួន​ឡើង​ម្ដងទៀត​នៅក្នុង​ទីក្រុង​ដា​ណាំង ខាង​ភាគ​កណ្ដាល​របស់​ប្រទេស ក្នុង​ខែកក្កដា ខណៈដែល​ករណី​ឆ្លង​មេរោគ​ក្នុង​សហគមន៍​ចុងក្រោយ​បំផុត​កាលពីពេល​មុននេះ ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​ហូ​ជូ​មិញ កាលពី​អំ​ឡុ​ដើមខែ​ធ្នូ​កន្លងមក៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.