ចិន៖ ក្នុងខណៈ​ពេលនេះ ទីក្រុង​ជាច្រើន​នៅក្នុង​ប្រទេស​ចិន កំពុង​នាំគ្នា ងាក​មក​ប្រើការ​ពិនិត្យ​សំណាក​ខាង​រន្ធ​គូទ ដើម្បី​ភាពច្បាស់លាស់​កម្រិត​ខ្ពស់ ក្នុងការ​ពិនិត្យរ​កមេ​រោគ​វីរុស​កូ​វីដ-១៩ ក្រោយពី​ក្រុង​ប៉េកាំង បាន​បង្កើន​ការព្យាយាម​ក្នុងការ​ពិនិត្យ​រក ដើម្បី​ធ្វើឱ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា នឹងមិន​មាន​អ្នក​ដែល​នៅតែមាន​មេរោគ​សេសសល់ បន្ទាប់ពី​ការឆ្លង​រាលដាល បាន​កើតឡើង​ក្នុង​ក្រុម​អ្នកជំងឺ​ដែល​មិន​បង្ហាញ​អាការ។

ទីភ្នាក់ងារ​ព័ត៌មាន Al Jazeera បាន​រាយការណ៍​កាលពី​ថ្ងៃ​ម្សិលមិញ (ទី២៨មករា) ថា ទីក្រុង​ជាច្រើន​ក្នុងប្រទេស​ចិន បាននាំគ្នា​ងាក​មក​ប្រើ​សំណាក ដែល​បាន​ពី​រន្ធ​គូទ ដើម្បី​ពិនិត្យ​រក​មេរោគ ដើម្បី​ធានា​ភាពមិន​ភ្លាត់ភ្លាំង ថា​នឹង​មិនមាន​អ្នក​ដែល​ឆ្លង​មេរោគ​កូ​វីដ-១៩ តែ​មិន​បង្ហាញ​អាការ នៅ​សេសសល់ មុននឹង​ប្រទេស​ចិន ឈានចូល​ដល់​រដូវ​កាល​ថ្ងៃបុណ្យ​ចូលឆ្នាំ ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ខែ​ខាងមុខ ជា​រដូវ​កាល ដែល​ប្រជាជន​ចិន នឹង​ប្រើប្រាស់​ឱកាស​នេះ ដើម្បី​ចេញទៅ​ដើរលេង​នៅតាម​ទីកន្លែងសំខាន់ផ្សេងៗ រួមជាមួយ​ក្នុង​ក្រុមគ្រួសារ ឬ​ធ្វើដំណើរ​ត្រឡប់​ទៅ​ស្រុកកំណើត ដើម្បី​ទៅលេង​ក្រុមគ្រួសារ។

កាលពីពេលថ្មីៗនេះ ប្រទេស​ចិន ត្រូវ​ប្រយុទ្ធ​តស៊ូ​នឹង​ការវិល​ត្រឡប់មក​ឆ្លង​រាលដាល​ជាថ្មី ដែល​ផ្ដុំគ្នា​ជា​ក្រុម​នៅក្នុង​ភាគ​ខាងជើង និង​ភាគ​ខាងកើត​ឆៀង​ខាងជើង​នៃ​ប្រទេស ដោយសារ​ព័ត៌មាន ហ្គ្លោ​ប​ល ថា​ម​ស៍ បាន​រាយការណ៍ កាលពី​ថ្ងៃទី២០ មករា​ថា មណ្ឌល​ជី​លីន ដែល​ស្ថិតនៅ​ភាគ​ខាងកើត​ឆៀង​ខាងជើង បាន​បញ្ជាក់ថា ៨៣,៤៥% នៃ​ករណី​កាលពីពេល​ថ្មី​នេះ ស្ថិតក្នុង​ក្រុម​អ្នកជំងឺ ដែល​មិន​បង្ហាញ​អាការ។

អាជ្ញាធរ​ទីក្រុង Weinan មណ្ឌល​សាន​ស៊ី ភាគ​ខាងជើង បាន​ចេញមក​ឆ្លើយតប​នឹង​ការសម្រេចចិត្ត​ដែល​ខាង​ទីក្រុង​បានធ្វើការ​ពិនិត្យរ​កមេ​រោគ ដោយ​ការ​ឆ្កៀល​រន្ធ​គូទ​នេះ ថា មាន​បុរស​ជនជាតិ​ចិន អាយុ ៥២ឆ្នាំ​ម្នាក់ ដែល​បង្ហាញ​អាការ​ឈឺ​ថ្កាត់ រួមទាំង​អាការ​ក្អក​ផង តែ​នៅពេល​ពិនិត្យ​រក​វីរុស​កូ​វីដ-១៩ហើយ បែរជា​រកឃើញថា មាន​លទ្ធផល​ចេញមក “អវិជ្ជមាន” ធ្វើឱ្យ​កើតមាន​កា​សង្ស័យ និង​ធ្វើឱ្យ​មន្ត្រី​ពេទ្យ​របស់​ទីក្រុង​នេះ សម្រេចចិត្ត​ប្រើ​វិធី​ឆ្កៀល​រន្ធ​គូទ យក​សំណាក ដើម្បី​ពិនិត្យ​រក​មេរោគ​ខាង​រន្ធ​គូទ​ជំនួស​វិញ​ម្ដង។

មន្ត្រី បាន​ថ្លែង​នៅក្នុង​ពិធី​ថ្លែង​ព័ត៌មាន​ថា អ្នកជំងឺ​បុរស​ម្នាក់នេះ មុនពេល​ត្រូវដាក់​ឱ្យនៅ​ដោយឡែក​នៅក្នុង​មណ្ឌល ដែល​រដ្ឋបាល​ក្នុង​តំបន់​រៀបចំ​ឱ្យ ដើម្បី​តាម​សង្កេតមើល​អាការ បន្ទាប់ពី​រូបគាត់ មាន​ប្រវត្តិ​ធ្លាប់បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ-១៩ កាលពីដើម​ខែមករា ដែល​នៅ​ទីបំផុត លទ្ធផល​ពិនិត្យ​សំណាក​ខាង​រន្ធ​គូទ បាន​ចេញមក​បង្ហាញថា គាត់​បាន​ឆ្លង​មេរោគ​កូ​វីដ-១៩ ពិតប្រាកដ​មែន។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កាតារ បាន​រាយការណ៍​ថា ការពិនិត្យ​រក​មេរោគ​តាមរយៈ​សំណាក​ពី​រន្ធ​គូទ​នេះ ដូចគ្នា​នឹង​ការពិនិត្យ​រក​មេរោគ​តាម​រន្ធ​ច្រមុះ​ដែរ ដោយ​មន្ត្រី នឹង​ប្រើ​ឈើ​រុំ​សំឡី ដែលមាន​ដង​វែង​ប្រមាណ ៣,៥សង់ទីម៉ែត្រ ញ៉ុ​ក​ចូលទៅ​តាម​រន្ធ​គូទ និង​ឆ្កៀល​បន្តិច មុននឹង​យកចេញ​មកវិញ។

ចំណែក​លោក​វេជ្ជបណ្ឌិត Zhang Wenhong ប្រចាំ​នៅ​មន្ទីរពេទ្យ Huashan ក្នុង​ក្រុង​ស៊ា​ង​ហៃ បាន​ថ្លែង​សម្ដែង​ការយល់ឃើញ​តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ហ្គ្លោ​ប​ល ថា​ម​ស៍ ថា ការពិនិត្យ​តាម​រន្ធ​គូទ​នេះ មាន​ចំណុច​ល្អ ដោយ​អាច​កាត់បន្ថយ​ភាព​ប្រឈម ក្នុង​ការវិល​ត្រឡប់មក​ឈឺ​ជាថ្មី​ម្ដងទៀត បន្ទាប់ពី​បានជា​សះស្បើយ​ហើយ។

ចំណែក​សប្ដាហ៍​មុន គេ​បានដឹងថា ក្រុង​ប៉េកាំង បាន​បង្ហើប​ឱ្យដឹងថា បាន​ប្រើ​វិធី​ពិនិត្យ​រក​មេរោគ​តាម​រន្ធ​គូទ មិនតិចជាង ១ ០០០ករណី​ឡើយ ពី​គ្រូ សិស្ស និង​មន្ត្រី​សាលារៀន​បឋមសិក្សា នៅក្នុង​ទីក្រុង​ធំ​មួយ​នេះ ក្រោយពី​មានការ​រកឃើញ ការឆ្លង​មេរោគ​កើតឡើង​នៅ​ទីនោះ ការពិនិត្យ​រក​មេរោគ​តាម​រន្ធ​ច្រមុះ និង​បំពង់ក និង​សំណាក​ដែល​ហូរ​ចេញមក ក៏ត្រូវ​បាន​នាំ​យកមកប្រើ​ដែរ។

លោក​វេជ្ជបណ្ឌិត Li Tongzeng អ្នកជំនាញការ​ផ្នែក​ប្រព័ន្ធ​ដកដង្ហើម និង​ជំងឺឆ្លង ក្នុង​ទីក្រុង​ប៉េកាំង បាន​សម្ដែង​ការយល់ឃើញ យ៉ាង​ជឿជាក់ថា ការពិនិត្យ​រក​មេរោគ​តាម​រន្ធ​គូទ ទទួលបាន​លទ្ធផល​ល្អ​ជាង ការពិនិត្យ​រក​មេរោគ ដោយ​វិធី​ផ្សេង ដោយសារតែ​មេរោគ​វីរុស នឹង​ស្ថិតនៅក្នុង​លាមក បានយូរ​ជាង ការ​នៅក្នុង​សំណាក​ខាង​ប្រព័ន្ធ​ដកដង្ហើម ដែល​ស្ថិតនៅ​ផ្នែក​ខាងលើ​នៃ​រាងកាយ។

តែ​យ៉ាងណាក៏ដោយ ខាង​ផ្នែក​ប្រជាជន​ចិន​វិញ បាន​សម្ដែង​ការយល់ឃើញ ដែលមាន​ទាំង​អ្នក​ឯកភាព និង​មិន​ឯកភាព ដោយ​ខាង​អ្នក​មិន​ឯកភាព បាន​និយាយថា វា​ជា​វិធី​ការពិនិត្យ ដែល​សាង​ក្ដី​អៀនខ្មាស​ដល់​អ្នក​ដែល​ចូល​ទទួល​ការពិនិត្យ​ខ្លាំងណាស់៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.