ភ្នំពេញ៖ នៅក្នុង​ពិធី​បិទ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី២ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១៥កើត ខែមាឃ ទោស័ក ព.ស.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅ​ខេត្តសៀមរាប ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ (ក.គ.អ.អ.) មានប្រសាសន៍ថា «ការផ្តល់​ជម្រើស​ថ្មី និង​ការលើកកម្ពស់​កម្រិតជីវភាព​ប្រជា​សហគមន៍» ជៀសវាង​ការពឹង​អាស្រ័យ​ផល​លើ​ធនធានធម្មជាតិ​ទាំងស្រុង។

ឯកឧត្តម​បញ្ជាក់ថា ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ទទួលបាន​ជោគជ័យ លុះត្រាតែ​មានការ​ចូលរួម​ពី​ប្រជា​សហគមន៍​មូលដ្ឋាន ហើយ​ដើម្បីឱ្យ​មានការ​ចូលរួម​លុះត្រា​ប្រជា​សហគមន៍​មូលដ្ឋាន​ទទួលបាន​នូវ​ជម្រើស​ថ្មី​ក្នុងការ​រស់នៅ និង​មាន​កម្រិតជីវភាព​ល្អប្រសើ​រ។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំ​អាល់ បាន​បញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុង​ផ្តល់នូវ​ជម្រើស​ថ្មី​ជូន​ប្រជា​សហគមន៍ តាមរយៈ​ការគាំទ្រ និង​ការផ្តល់​បច្ចេកទេស​លើ​ការ​ចិញ្ចឹមសត្វ និង​ការដាំ​ដំណាំ ហើយ​បន្ត​ផ្តល់ជូន​ជម្រើស​ថ្មី​ដល់​សហគមន៍​មូលដ្ឋាន​ទៅតាម​ដំណាក់កាល​បន្ថែមទៀត។

ទន្ទឹមគ្នា​នេះដែរ ឯកឧត្តម បានលើកឡើង​ពី​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល ផ្សាភ្ជាប់​នឹង​បរិស្ថាន ដោយ​ក្នុងនោះ ទី១៖ ការផ្តល់​ជម្រើស​ថ្មី​ដល់​សហគមន៍​មូលដ្ឋាន ដូច​ជាការ​ចិញ្ចឹមសត្វ និង​ការដាំ​ដំណាំ ដែល​ឆាប់​ទទួលបាន​ផល ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ស្បៀង និង​ទី២៖ ការគិតគូរ​អំពី​អនាម័យ​បរិស្ថាន​នៅ​មូលដ្ឋាន ធានាបាន​សុខុមាលភាព​ប្រជាពលរដ្ឋ និង​សហគមន៍។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី២ គឺ​ពិត​ជាមាន​សារៈសំខាន់ ដែល​បាន​ផ្តល់ឱកាស​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ជួបជុំគ្នា​ពិភាក្សា ចែករំលែក​បទពិសោធ​ន៍ ចំណេះដឹង តម្រូវការ បញ្ហា​ប្រឈម និង​ដាក់ចេញ​នូវ​ដំណោះស្រាយ​រួម ដើម្បី​ធ្វើការ​អភិវឌ្ឍ​អេកូ​ទេសចរណ៍​ឱ្យ​កាន់តែ​រីកចម្រើន សម្រាប់​លើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន និង​សេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី២ បាន​ប្រារព្ធ​បិទ​នា​រសៀល​ថ្ងៃ​ព្រ​ទី២៨ ខែមករា ឆ្នាំ២០២១នៅ​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​អន្ដរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ (ក.គ.អ.អ.) និង​ឯកឧត្តម សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ (ក.គ.អ.អ.) និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន រដ្ឋបាល​ខេត្តសៀមរាប វិស័យ​ឯកជន សហគមន៍​ប្រជាពលរដ្ឋ ដៃគូ​អភិវឌ្ឍន៍ និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.