វៀតណាម៖ កាលពី​ថ្ងៃ​សុក្រ ទី២៩ មករា (ម្សិលមិញ) ទីភ្នាក់ងារសារព័ត៌មាន រ៉​យ​ទ័​រ និង ស្ត្រេ​ត ថា​ម​ស៍ បាន​រាយការណ៍​ពី​ស្ថានការណ៍ ជំងឺ​កូ​វីដ-១៩ នៅក្នុង​ប្រទេស​វៀតណាម ថា ក្រសួងសុខាភិបាល បានបញ្ជាក់​ពី​ការរកឃើញ​អ្នកជំងឺ​ថ្មី ថែម ៩នាក់​ទៀត កាលពីពេល​ព្រឹក​ថ្ងៃ​សុក្រ (ទី២៩មករា)។

ក្នុង​ចំនួន​នេះ មាន ១នាក់ រកឃើញ​នៅក្នុង​ទីក្រុង​ហាណូយ និង ៨នាក់​ទៀត​ជា​អ្នក​ឆ្លង​មេរោគ​ថ្មី នៅក្នុង​តំបន់​ក្បែរ​ទីក្រុង​ធំ គ្របដណ្ដប់​លើ​ខេត្ត​ហៃ​ហ្វុ​ង, ហៃ​ដុង ឬ​ហៃ​សឿង, ក្វាង​និ​ញ និង​បាក់​និ​ញ។

បណ្ដាលឱ្យ​ចំនួន​អ្នកជំងឺ​ថ្មី ដែល​បាន​រកឃើញ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​តាំងពី​ថ្ងៃ​ព្រហស្បតិ៍ (ទី២៨)មក បាន​កើន​ឡើងដល់ ៩៣នាក់ និង​មាន​ចំនួន​អ្នកជំងឺ​សរុប​ទាំងអស់ ១ ៦៥១នាក់ និង​ស្លាប់ ៣៥នាក់។

ក្រសួងសុខាភិបាល បានបញ្ជាក់​ទៀតថា អ្នកជំងឺ​នៅក្នុង​ទីក្រុង​ហាណូយ ថ្មី​ចុងក្រោយ​បំផុត មានការ​ពាក់ព័ន្ធ​នឹង​បុរស​ម្នាក់​ដែល​ធ្វើការ​នៅក្នុង​ព្រលានយន្តហោះ ក្វាង​ប៊ិ​ញ ហើយ ១នាក់​ក្នុងចំណោម ៨៣នាក់​ដែល​រកឃើញ​ឆ្លង​មេរោគ​នៅក្នុង​ប្រទេស ជា​ករណី​ដំបូង​ក្នុង​ជុំជិត ២ខែ កាលពី​ថ្ងៃទី២៨ មករា​កន្លងទៅ។

ចំណែក លោកនាយក​រដ្ឋមន្ត្រី ង្វៀង សួន ហ្វ៊ុ​ក បាន​សំណូមពរ​ឱ្យ​ប្រជាជន​ស្ថិតក្នុង​ភាពស្ងប់ស្ងាត់ និង​សន្យាថា នឹង​ប្រញាប់​រិះរក​វិធី​ទប់​ទល់នឹង​វិបត្តិ​ជំងឺ​កូ​វីដ-១៩ ឱ្យបាន​ឆាប់រហ័ស​បំផុត ដោយ​នឹង​កោះប្រជុំ​បន្ទាន់​ក្រៅផ្លូវការ ក្នុងអំឡុង​កិច្ចប្រជុំ​សមាជ​ធំ​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម លើក​ទី១៣ ដែល​រដ្ឋបាល​បានប្រកាស​ចេញ​បទបញ្ជា​ជាការ​បន្ទាន់ ឱ្យ​មន្ត្រីជាន់ខ្ពស់ សមាជិក​បក្ស មន្ត្រី​ទំនាក់ទំនង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​អង្គប្រជុំ ត្រូវតែ​ពាក់​ម៉ាស់​អនាម័យ​ការពារ។

ក្រៅពីនេះ ក្រសួងសុខាភិបាល នៅបាន​សំណូមពរ ឱ្យ​រដ្ឋបាល​ដំណើរ​ការផ្អាក​ជើងហោះហើ​រ​អន្តរជាតិ និង​ហាម​ជួបជុំគ្នា​នៅក្នុង​ទីសាធារណៈ ក្នុងអំឡុង​រដូវ​កាល តិ​ត​ង្វៀង​ដាន ឬ​បុណ្យចូលឆ្នាំ​វៀតណាម ជា​រដូវ​កាល​ចូលឆ្នាំថ្មី​ខាង​ចន្ទគតិ​របស់​ប្រទេស​វៀតណាម ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី១២ កុម្ភៈ ឬ ២សប្ដាហ៍​ខាងមុខ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព 

Leave a Reply

Your email address will not be published.