ភ្នំពេញ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន សម្រេច​កែលម្អ​លក្ខណៈសម្បត្តិ​គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព» មាន៧ចំណុច។

ក្នុង​លិខិត​របស់​រាជរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជា​កត្តា​គន្លឹះ​ដែល​ផ្តល់​ភាពអនុគ្រោះ​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច និង​វិស័យផ្សេងៗទៀត មានការ​រីកចម្រើន​ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​គ្រប់​ដំណាក់កាល​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា។

ទោះបី​មាន​សន្តិភាព ស្ថិរភាព​យ៉ាងរឹងមាំ ប៉ុន្តែ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ បញ្ហា​សុខមាលភាព​របស់​ប្រជាពលរដ្ឋ និង​ការផ្តល់សេវា​ចាំបាច់​នានា នៅតែ​ជា​បញ្ហា​អាទិភាព​ដែល​ត្រូវ​យកចិត្តទុកដាក់​ជាប្រចាំ ដើម្បី​ធានា​ឲ្យ​ជន​គ្រប់រូប និង​សង្គម​ទាំងមូល មាន​សុវត្ថិភាព​យ៉ាង​ល្អប្រសើរ ជីវភាព​រុងរឿង និង​សុខដុមរមនា។

ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន និង​កៀរគរ​ឲ្យ​មានការ​ចូលរួម​គាំទ្រ​កាន់តែច្រើន​ថែមទៀត រាជរដ្ឋាភិបាល​សម្រេច​កែលម្អ​លក្ខណៈសម្បត្តិ​នៃ​គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព» ព្រមទាំង​លើក​កម្រិត​គោលនយោបាយ​នេះ​ជា​របស់​រាជរដ្ឋាភិបាល ដែលមាន​គោលបំណង និង​សំណូមពរ ដូចខាងក្រោម៖

ទី១-បន្ត​កសាង និង​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម លើកកម្ពស់​អនាម័យ បរិស្ថាន សុខមាលភាព​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​គ្រោះមហន្តរាយ និង​ជំងឺឆ្លង​រាតត្បាត​នៅ​គ្រប់​កាលៈទេសៈ ព្រមទាំង​លើកទឹកចិត្ត​ឲ្យ​មានការ​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធតុលាការ ដើម្បី​បង្ក​ភាពអនុគ្រោះ​ដល់​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច​នៅ​មូលដ្ឋាន និង​ឈានទៅ​បង្កើនល្បឿន​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ។

ទី២-កសាង​បានជា​កម្លាំង​សរុប វិធាន​ការសរុប និង​មធ្យោបាយ​សរុប ក្នុងការ​អនុវត្ត​គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មាន​សុវត្ថិភាព» ដោយ​បំផុស​ឲ្យ​មាន​កិច្ចសហការ​ចូលរួម​ជាមួយ​សមត្ថកិច្ច ពី​វិស័យ​សាធារណៈ វិស័យ​ឯកជន អ្នកពាក់ព័ន្ធ​នានា និង​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស។

សូមជម្រាបថា លក្ខណសម្បត្តិ​របស់ «ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព» មានដូចជា ៖

ទី១-ផ្ដល់​សេវាសាធារណៈ ជាពិសេស​សេវា​រដ្ឋបាល​ប្រកបដោយ​គុណភាព តម្លាភាព និង​ទទួលបាន​ជំនឿ​ទុកចិត្ត។

ទី២-គ្មាន​បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ។

ទី៣-មាន​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ ជាពិសេស​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍។

ទី៤-គ្មាន​អំពើ​អនាចារ គ្មាន​ការជួញដូរ​មនុស្ស ពិសេស​ស្ដ្រី​និង​កុមារ គ្មាន​អំពើហិង្សា​ក្នុង​គ្រួសារ និង​គ្មាន​ក្មេង​ទំនើង។

ទី៥-ដោះស្រាយ​វិធានការ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធតុលាការ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព។

ទី៦-មាន​អនាម័យ មាន​សោភ័ណ​ភាពល្អ និង​មាន​បរិស្ថាន​ល្អ។

និង​ទី៧-ឆ្លើយតបបាន​ទាន់ពេលវេលា​ចំពោះ​គ្រោះមហន្ដរាយ និង​រាល់​ជំងឺឆ្លង​រាតត្បាត​កាច​សាហាវ​ប្រកបដោយ​ប្រសិទ្ធភាព៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.