អភិបាលខេត្ត​បាត់ដំបង អញ្ជើញ​បើក​សិក្ខាសាលា​ស្ដីពី​ការរៀបចំ​អាជីវកម្ម​ប្រកបដោយ​ភាពជោគជ័យ

 

 

បាត់ដំបង÷ នៅ​ថ្ងៃ​អង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ថ្លែង​សុន្ទរកថា បើក​កម្មវិធី​សិក្ខាសាលា​ស្ដីពី ការរៀបចំ​អាជីវកម្ម​ប្រកបដោយ​ភាពជោគជ័យ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា តំណាង​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត និង​ជា​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​ខេត្តបាត់ដំបង ។

លោក​ឧកញ៉ា តែ តាំង​ប៉ បាន​មានប្រសាសន៍ថា គោលបំណង​របស់​សិក្ខា​សាលា​នេះ គឺធ្វើឡើង​ដើម្បី​ធ្វើការ​បង្ហាត់បង្ហាញ​បង្រៀន​ដល់​បងប្អូន​អាជីវករ និង​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​ខេត្តបាត់ដំបង គឺ​ផ្ដល់នូវ​ចំណេះដឹង​ពាក់ព័ន្ធ​ទៅនឹង ការគ្រប់គ្រង​អាជីវកម្ម​តាមបែប​ទម្រង់ផ្សេងៗ តាមរយៈ​ការធ្វើ​បង​បង្ហាញ​ពី​សំណាក់​វាគ្មិន​ដែលមាន​ជំនាញ​មកពី​ក្រុមហ៊ុន ឬ​ធនាគារផ្សេងៗ ព្រមទាំង​ធ្វើការ​បង្ហាញ​ពី​យុទ្ធសាស្ដ្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែល​បងប្អូន​អាជីវករ និង​ម្ចាស់​សហគ្រិន​ធុន​តូច និង​មធ្យម​មិនទាន់​ទទួលបាន​ជាក់លាក់​ច្បាស់លាស់​ផងដែរ ។

 

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា សិក្ខាសាលា​នេះ​មាន​អត្ថប្រយោជន៍​សម្រាប់​អាជីវករ ដែល​ទទួល​ការធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​ដែល​មកពី​ខាង​ក្រុមហ៊ុន ធនាគារផ្សេងៗ ស្ដីពី​ការគ្រប់គ្រង​អាជីវកម្ម ។ នេះ​ជា​ឱកាស​សម្រាប់​អាជីវករ​ដែល​ចំណាយពេល​ដ៏​មានតម្លៃ​ប្រកប​អាជីវកម្ម មក​ទទួលបាន​ចំណេះដឹង​ត្រឡប់​ទៅវិញ និង​សូម​បងប្អូន​អាជីវករ​ទាំងអស់ សូមកុំ​គិតថា ការសិក្សា​ឈ្វេងយល់​នេះ​មិនមែន​សារៈសំខាន់​ឱ្យ សោះ ។ ព្រោះ​គ្រប់ការ​រៀនសូត្រ​ទាំងអស់​សុទ្ធ​តែមាន​សារៈសំខាន់ ដែល​តែងតែ​ទទួលបាន​នូវ​ចំណេះដឹង​ត្រឡប់​ទៅវិញ បើទោះបីជា​មិនមាន​ជា​លទ្ធផល​សម្រាប់​បច្ចុប្បន្ន​ក៏ដោយ ប៉ុន្តែ​នឹងមាន​លទ្ធផល​សម្រាប់​អនាគត ក្រោយ​ពេលដែល​យើង​បាន​ប្រើប្រាស់​ចំណេះដឹង​ដែល​ខ្លួន​មាន ។

ឯកឧត្តម​អភិបាលខេត្ត បាន​បន្តទៀតថា ខេត្តបាត់ដំបង​មាន​ទស្សនៈ​វិស័យសេដ្ឋកិច្ច៣គឺ កសិកម្ម ទេសចរណ៍ និង​សេវាកម្ម ហើយ​បើសិន​ផ្នែក​អាជីវ​កម្មនេះ​ទទួលបាន​ជោគជ័យ ហើយ​មាន​វិសាលភាព​ធំ​ដូច​វិស័យ​កសិកម្ម នោះ​កំណើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ក៏​កាន់តែ​ខ្ពស់ ។ ព្រោះ​សហគ្រាស​ខ្លះ​បាន​បង្កើតជា​ការងារ​ដ​ល់បង​ប្អូន​ប្រជាពលរដ្ឋ អាចមាន​ការងារ​ធ្វើ​កាន់តែច្រើន និង​ជាពិសេស​ធ្វើឱ្យមាន​ការទាក់ទាញ​ដល់​អ្នកវិនិយោគ​ផ្សេងទៀត ហ៊ាន​បោះទុន​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា​កាន់តែច្រើនឡើងៗ ហើយ​វា​ជា​ជំ​ហ៊ាន​មួយទៀត​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផងដែរ ៕

 

ប្រភពៈ រដ្ឋបាលខេត្ត​បាត់ដំបង

Related Posts

Leave a Reply

Your email address will not be published.