សប្បាយៗ ថ្ងៃអាទិត្យ៖ អ៊ែន​ថូ​នី ឡូ​ហ្វ​ហ្វ្រ៊ី​ដូ បុរស​ជនជាតិ​បារាំង វ័យ ៣២ឆ្នាំ តែង​នឹក​ស្រមៃ​ចង់ ប្រែក្លាយ​ខ្លួនឯង​ទៅជា មនុស្ស​ក្រៅ​ពិភព​ស្បែក​ខ្មៅ (Black Alien) ក៏​សម្រេចចិត្ត​ទៅធ្វើ​ការកែប្រែ​រូបឆោម ដោយ​ការ​កាត់​ច្រមុះ វះ​បបូរមាត់ បើទោះជា រូបគេ​មាន​បញ្ហា​ក្នុងការ​និយាយ​ក៏ដោយ តែ​ក៏​ប្រាប់ថា មិន​អី​ដែរ  អូ​ខេ! ណាំ​ប៊ើ​វ័ន!

អ៊ែន​ថូ​នី ឡូ​ហ្វ​ហ្វ្រ៊ី​ដូ មានការ​តាំងចិត្ត ក្នុងការ​ប្រែក្លាយ​ខ្លួនឯង​ឱ្យទៅជា​អេ​លៀន​ឱ្យបាន គេ​ថែមទាំង​មាន​ក្ដី​ស្រមៃ ក្នុងការ​ផ្លាស់ប្ដូរ​ស្បែក ឱ្យក្លាយ​លោហៈ​ទៀតផង។ រាងកាយ​របស់​អ៊ែន​ថូ​នី ពោរពេញ​ទៅដោយ​ស្នាម​សាក់ គេ​បង្កប់​ដុំ​ដែកតូចៗនៅក្រោម​ស្បែក កាត់​ស្លឹកត្រចៀក​ទាំងសងខាង​ចេញ សាក់​ភ្នែក​ពណ៌​ខ្មៅ និង​វះ​ចុង​អណ្ដាត​ចេញ​ជា២(អណ្ដាតព្រែក) ហើយថ្មីៗនេះ គេ​បានធ្វើ​ដំណើរ​ទៅ​គ្លីនិក​មួយកន្លែង ដើម្បី​ទៅធ្វើ​តាមតិច​និក​ម្យ៉ាង ដែលមាន​ឈ្មោះថា “rhinotomy” ឬ​ការវះកាត់​យក​ច្រមុះ​ចេញ​ហ្នឹងឯង។

គេ ថែមទាំង​បាន​អាប់​ឡូដ រូបភាព​របស់គេ​ក្នុង​អ៊ី​ន​ស្តា​ក្រាម​ផ្ទាល់ខ្លួន​ទៀតផង​ថា “ដូច​ស្ថិតនៅក្នុង​សុបិន សូម​អរគុណ @oscarmaqueszbodymod (គ្លីនិក​វះកាត់​ច្រមុះ) ខ្ញុំ​នឹង​ចងចាំ​អ្នក​ទុក​ក្នុង​ជីវិត ខ្ញុំ​អាច​រស់នៅ​ដោយ​ភាពជឿជាក់​លើ​ខ្លួនឯង​បែបនេះ​បាន គឺ​ដោយសារ​អ្នក ខ្ញុំ​មាន​មោទនភាព​ខ្លាំងណាស់ ចំពោះ​អ្វីដែល​យើង​បានធ្វើ​រួមគ្នា”

ទោះជា អ៊ែន​ថូ​នី ឡូ​ហ្វ​ហ្វ្រ៊ី​ដូ ជិត​បាន​ក្លាយខ្លួនជា “អេ​លៀន​ខ្មៅ” ដូចដែល​រូបគេ​ត្រូវការ​ក៏ដោយ ប៉ុន្តែ គេ​ក៏បាន​សារភាព​ដែរ​ថា ការ​កាត់​បបូរមាត់​ផ្នែក​ខាងលើ​ចេញ​នេះ វា​ធ្វើឱ្យ​រូបគេ និយាយ​មិនបាន​ដូច​មុន​ឡើយ តែ​បញ្ហា​នេះ ក៏​នៅតែ​មិនអាច​បញ្ឈប់​រូបគេ​មិនឱ្យ ដេញតាម​ក្ដី​ស្រមៃ ក្នុង​ការចង់​ក្លាយជា​អេ​លៀន​បានដែរ។

អ៊ែន​ថូ​នី មាន​ភាព​ឈ្លក់​វង្វេង លើ​មនុស្ស​ក្លាយ​ពូជ និង​ការផ្លាស់ប្ដូរ​របស់​រាង​កាយ មក​តាំងពី​នៅក្មេងៗ ដោយ​កាលពីពេល​មុននេះ គេ​ធ្លាប់ធ្វើ​ការងារ​ជា​បុគ្គលិក​សន្តិសុខ ដែល​ជីវិត ក៏មាន​សេចក្ដីសុខ​ដែរ  តែ​គេ​មាន​អារម្មណ៍​ថា ខ្លួនឯង​ប្រហែលជា​មិនអាច​រស់​នៅលើ​ដំណើរ​ផ្លូវ​ដែល​ខ្លួន​ត្រូវការ​បានទេ ទើប​បញ្ឈប់អ្វីៗគ្រប់យ៉ាង នៅពេល​រូបគេ​មាន​អាយុ ២៤ឆ្នាំ ហើយ​ធ្វើដំណើរ​មក​ប្រទេស​អូស្ត្រាលី មុននឹង​ចាប់ផ្ដើម ផ្លាស់ប្ដូរ​ផ្នែកផ្សេងៗ នៃ​រាងកាយ​របស់​ខ្លួនឯង។

មើលទៅ​ចរន្ត​រឿង​អេ​លៀន​នេះ កំពុងតែ​ល្បីល្បាញ​ខ្លាំងណាស់ នាពេល​បច្ចុប្បន្ន ព្រោះ វីន​នី ក​ម្លោះ​អាមេរិកាំង វ័យ ២៣ឆ្នាំ​ម្នាក់ទៀត ក៏បាន​ចំណាយ​ប្រាក់​អស់​ជាង ៤ម៉ឺន​ដុល្លារ ដើម្បី​ធ្វើការ​វះកាត់​ប្ដូរ​មុខមាត់ និង​រូបរាង​របស់ខ្លួន ឱ្យមាន​ភាព​ស្រដៀង​នឹង​អេ​លៀន​ដែរ។

វីន​នី បានធ្វើ​ការវះកាត់ ជាង ១០០លើក មិនថាតែ​ការធ្វើ​លេ​ហ្ស៊ើ​រ ចាក់​ហ្វ៊ីល​លើរ​នៅត្រង់​ថ្ពាល់ ៣៥លើក បបូរមាត់ ១៥លើក និង​ធ្វើ​ច្រមុះ ៥លើក​ទៀត។

ក្រៅពីនេះ វីន​នី ថែមទាំង​បានឱ្យ​គ្រូពេទ្យ យក​អវយវៈ​បន្ត​ពូជ​ចេញ ដើម្បីឱ្យ​រូបគេ ក្លាយជា​បុគ្គល​គ្មាន​ភេទ នៅពេល​អាយុ ១៧ឆ្នាំ​ទៀតផង។ គេ​មាន​អារម្មណ៍​ថា ខ្លួនឯង​មិនមែនជា​ភេទ​ស្រី ឬ​ប្រុស​នោះទេ តែ​បែរជា​ត្រូវ​ការចង់​ក្លាយជា​អេ​លៀន ដែល​មិនចាំបាច់​មាន​ភេទ​អ្វី​ទាំងអស់។ ក្រៅពីនេះ គេ​ថែមទាំង​បាន​រៀប​ផែនការ កាត់​ក្បាលដោះ យក​ផ្ចិត ចេញពី​រាងកាយ បន្ថែម​ថ្គាម និង​បន្ថែម​សាច់​ថ្ពាល់​ទៀតផង។

វីន​នី ធំ​ឡើង​នៅក្នុង​ទីក្រុង អូ​រេ​ហ្ក​ន ដែល​គេ​ប្រាប់ថា គេ​មិន​ដែលមាន​អារម្មណ៍​ថា រូបគេ​ជា​ខ្លួនឯង​ឡើយ  ទើប​គេ​ចូលទៅ​ធ្វើការ​វះកាត់​ជាង ១១០ដំណាក់កាល ដើម្បី​ធ្វើឱ្យ​ថ្ងាស និង​ច្រមុះ​របស់គេ ឱ្យ​មើលទៅ​ប្លែក​ភ្នែក នៅពេលដែលអ្នកណាៗមើលឃើញ​រូបគេ​ហើយ។

វីន​នី បានផ្ដល់​សម្ភាស​ថា “ពេលនេះ​មនុស្សម្នា កំពុង​នាំគ្នា​និយាយ​អំពី​រឿង​ភេទ​ក្នុង​រូប​បែប​ថ្មី​មួយ តែ​ខ្ញុំ​កំពុងតែ​សម្លឹង​រកមើល​ការ​កម្ចាត់​វា​ចេញ ខ្ញុំ​យក​ប្រព័ន្ធ​បន្ត​ពូជ​របស់ខ្ញុំ​ចេញ ដោយ​ទុក​វត្ថុ​មួយ សម្រាប់តែ​នោម ក៏​គ្រប់គ្រាន់​ហើយ”

ប្រភព៖ thesun.co.uk

ប្រែ និង​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.