មី​យ៉ាន់​ម៉ា៖ កងទ័ព​មី​យ៉ាន់​ម៉ា បាន​ថ្លែងថា នឹង​រៀបចំ​ការបោះឆ្នោត​ជាថ្មី ក្រោយ​បញ្ចប់​ការប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានការណ៍​អាសន្ន គ្រប់ ១ឆ្នាំ ហើយនឹង​ផ្ដល់​អំណាច​ឱ្យ​រដ្ឋាភិបាល​ឈុត​ថ្មី។

ខុទ្ទកាល័យ​ប្រធានាធិបតី បានប្រកាស​ស្ថានការណ៍​គ្រាអាសន្ន ក្រោយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​នៃ​រដ្ឋ, លោក​ប្រធានាធិបតី វិ​ន មីន និង​មន្ត្រី​លំដាប់​ខ្ពស់​ជាច្រើន​នាក់​ទៀត ត្រូវបាន​យោធា​ចូលចាប់​ឃុំខ្លួន។

កងទ័ព បាន​បញ្ជាក់ថា ក្នុងអំឡុង​ការប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានការណ៍​អាសន្ន​នេះ នឹង​ដំណើរការ​កែសម្រួល សមាសភាព​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត និង​ពិចារណា​ពី​ការបោះឆ្នោត​ជ្រើសតាំង​រដ្ឋសភា​ដែល​បាន​កើតឡើង​កាលពី​ខែវិច្ឆិកា ឆ្នាំ២០២០។

ចំណែក​ស្ថានីយទូរទស្សន៍ “មៀ​វ​ឌី ធី​វី” របស់​កងទ័ព បាន​រាយការណ៍​ថា អំណាច​រដ្ឋ នឹងត្រូវ​ប្រគល់ជូន​លោក​ឧត្ដមសេនីយ៍ឯក​ជើងចាស់ មីន អង់ ឡាយ អគ្គមេបញ្ជាការ។

មូល​ហេតុដែល​ឈានដល់​ការធ្វើ​រដ្ឋប្រហារ​លើក​នេះ ដោយសារតែ​ខាង​កងទ័ព បាន​ចោទប្រកាន់ថា មាន​ការកេងបន្លំ​ការបោះឆ្នោត​ដ៏​ធំ ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២០ និង​ទាមទារ​ឱ្យ​ពន្យារពេល​ការប្រជុំ​រដ្ឋសភា​ឈុត​ថ្មី តែ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត បាន​បដិសេធ រាល់​ការចោទប្រកាន់​ទាំងអស់នោះ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.