ពោធិ៍សាត់÷ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យ ពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកលោកស្រី មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។

ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ដូចវិស័យអាទិភាពមួយផ្សេងទៀតដែរ ដោយបានដំឡើងប្រាក់បៀវត្សដល់លោកគ្រូ អ្នកគ្រូ ឱ្យបានសមរម្យ ដើម្បីជួយលើតម្កើងកម្រិតជីវភាពពួកគាត់ ឱ្យបានល្អប្រសើរមួយកម្រិតផងដែរ។ ឯកឧត្តម បានថ្លែងអំណគុណដល់លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីឱ្យមនុស្សម្នាក់ៗពោពេញសមត្ថភាព ចំណេះដឹង និងជំនាញច្បាស់លាស់ ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀត។
ឯកឧត្តមបានបន្ថែមទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់សង្គ្រាម និងបង្រួបង្រួមជាតិឡើងវិញបានជោគ ជ័យ នាំមកនូវសន្តិភាពជូនជាតិ និងប្រជាពលរដ្ឋ ដោយបានដាក់ចេញនយោបាយ ឈ្នះ ឈ្នះ ជាមួយនឹងការយកចិត្តទុកដាក់លើចំណុចសំខាន់ៗ រួមមាន៖ ធានាការពារអាយុជីវិតប្រជាពល រដ្ឋក្នុងពេលធ្វើសមាហរណកម្ម, រក្សាអាជីព និងមុខរបរប្រជាពលរដ្ឋឱ្យនៅដដែល និង រក្សានូវកម្មសិទ្ធិរួមទាំងទ្រព្យសម្បត្តិទាំងឡាយរបស់ប្រជាពលរដ្ឋ ដោយគ្មានការរឹបអូស ហើយអាចឈរជើងរស់នៅ និងប្រកបការងារជាធម្មតានៅទីតាំងនោះបាន។ លក្ខខណ្ឌទាំងនេះហើយដែលនាំឱ្យប្រទេសជាតិមានសុខសន្តិភាពមកទល់សព្វថ្ងៃ បានធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យមានការរីកចម្រើន ដោយផ្តើមចេញពីយើងទាំងអស់គ្នា។

ឯកឧត្តមបានបន្ថែមទៀតថា ការធ្វើកំណែទម្រង់ចុងក្រោយក្នុងវិស័យអប់រំនេះ គឺជាជោគជ័យដ៏ធំក្នុងវិស័យអប់រំ ពីព្រោះបច្ចុប្បន្នកម្ពុជាមានប្រព័ន្ធអប់រំច្បាស់លាស់ ខុសពីពេលកន្លងទៅ ដែលអ្នកចេះ បង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះ បង្រៀនអ្នកមិនចេះ ។ ប៉ុន្តែបច្ចុប្បន្នលោកគ្រូ អ្នកគ្រូសុទ្ធតែមានគរុកោសល្យត្រឹមត្រូវ ហើយដើម្បីបង្រៀនសិស្សឱ្យមានសមត្ថភាព លុះត្រាតែលោកគ្រូ អ្នកគ្រូ មានចំណេះ និងជំនាញពិតប្រាកដ។
ឯកឧត្តមអភិបាលបានបញ្ជាក់ទៀតថា ក្នុងឱកាសរដូវបុណ្យភ្ជំបិណ្ឌដ៏ធំនេះថ្នាក់ដឹក នាំ និងមន្ត្រីរាជការក្រោមឱវាទ បាននាំមកនូវវត្ថុអនុស្សាវរីយ៍មួយចំនួនមកចែកជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងលោកយាយ លោកតា មានដូចជា អង្ករ ១,៥តោន, ទឹកក្រូច៦កេស, ទឹកផ្លែឈើ៦កេស, ទឹកបរិសុទ្ធ៦កេស, មី២កេសធំ, ទឹកត្រី៥យួរ និងទឹកស៊ីអ៊ីវ៥យួរ ផងដែរ ៕
ប្រភពៈ រដ្ឋបាលខេត្តពោធិ៍សាត់